លោកនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត បញ្ជាឱ្យអភិបាលរាជធានី-ខេត្ត​ ត្រួត​​ពិនិត្យ​ទីតាំងល្បែង​​ផ្សង​​សំណាង​​ទូទាំងប្រទេស​ ហើយ​​ក្នុង​ករណី​មាន​បន្ត​បើក​ថ្មី​ទៀត ត្រូវ​​ចាត់វិធានការបិទ​ជាបន្ទាន់។​

តាម​រយៈសារជា​សំឡេងនៅលើបណ្តាញសង្គមតេឡេក្រាម (Telegram) នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើង​ថា កន្លងមក លោកធ្លាប់បាន​ចេញបទបញ្ជាឱ្យ​ផ្អាក​ការ​ចេញអាជ្ញាបណ្ណផ្តល់​សិទ្ធិ​ឱ្យមាន​ការបើកល្បែងផ្សង​សំណាង នៅតាមមូលដ្ឋាន។ ទន្ទឹមនឹងនេះ លោកក៏បានឱ្យ​គណៈកម្មាធិការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម ចំណុះ​ឱ្យ​ក្រសួង​​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាមួយ​អាជ្ញាធរ​រាជធានី​ខេត្ត ដើម្បីពិនិត្យឡើងវិញនូវគោលការណ៍ និង​វិធានការគ្រប់គ្រងល្បែងផ្សងសំណាងនានា នៅទូទាំងប្រទេស។

លោកថ្លែងថា៖ «ខ្ញុំសូមឱ្យឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ចាត់វិធានការជាបន្ទាន់នូវការត្រួតពិនិត្យល្បែងផ្សងសំណាងនៅតាមមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីដែលមានបន្តបើកថ្មីថែមទៀតសូម​ចាត់វិធានការបិទជាបន្ទាន់ ហើយរាយការណ៍ត្រង់មកខ្ញុំ ដើម្បីចាត់វិធានការ ដើម្បីឈានទៅដកអាជ្ញាបណ្ណនៅក្នុងខេត្ត គឺនៅទូទាំងប្រទេសតែម្តង»

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង មានប្រសាសន៍ថា ការដាក់បទបញ្ជារបស់លោកនាយករដ្ឋមន្រ្តី គឺសំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅបានសុខ។ លោកបន្ត​ថា នេះជាការធានាខុស​ត្រូវ​ជាមួយនឹ​ង​សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដែលមានចែងនៅក្នុងគោលនយោបាយ​ភូមិឃុំ​មាន​សុវត្ថិ​ភាព។

លោកបន្ថែមថា៖ «អំពើចោរកម្មផ្សេងៗដែលកើតចេញអំពីការប្រព្រឹត្ត នៃល្បែងពាលាអាវាសែ ដំបូង​ទៅលេង អ្នក​ខ្លះមាន​លុយ ប៉ុន្តែលេងអស់លុយខ្លួនឯង ចាប់ផ្តើមទៅយករបស់ក្នុងផ្ទះទៅលក់ លក់អស់អារបស់ក្នុងផ្ទះទៅលក់ សំឡឹង​ឃើញរបស់​អ្នក​ដទៃ ហើយ​របស់​អ្នកដ៏ទៃធ្វើម៉េច មានតែ​គេលួចឆក់ប្លន់គេហ្នឹងឯង អញ្ចឹង​វាសុទ្ធតែជាចលករជំរុញឱ្យមនុស្សទៅប្រព្រឹត្ត​នូវ​អំពើមិនគួរគប្បី អញ្ចឹង​លោក[លោកនាយករដ្ឋមន្រ្តី] ដាក់បញ្ជានេះគឺជារឿងមួយល្អបំផុត»។

អភិបាលរងខេត្តព្រះសីហនុ លោក ឡង់ ឌី ម៉ង់ ទទួលយកការណែនាំរបស់នាយករដ្ឋមន្ត្រី ដោយលោកថា​​នឹង​ធ្វើការងារនេះបន្ត​ជាមួយអាជ្ញាធរ​ក្រុងស្រុកទាំង៥ ដើម្បីលុបបំបាត់ល្បែងផ្សងសំណាង​នានា នៅក្នុងខេត្តព្រះសីហនុ​។

លោកថ្លែងថា៖ «ក្នុងនាមជារដ្ឋបាលខេត្ត ខ្ញុំនឹងសូមទទួលយកការណែនាំ និងអនុវត្តឱ្យមានប្រសិទ្ធភាពនូវបទបញ្ជារបស់សម្តេចធិបតី​នាយករដ្ឋមន្ត្រីនេះ។ គណៈមេបញ្ជាការខេត្តព្រះសីហនុ ​នឹងចាត់វិធានការបន្តទៀត​ជាមួយនឹងគណៈបញ្ជា​ការ​ឯកភាពក្រុងស្រុកខណ្ឌរបស់ខ្លួន ដើម្បីចាត់វិធានការបន្តទៀត»

ចំណែក លោក លី វណ្ណៈ នាយករដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាល​ខេត្ត​សៀម​រាប មានប្រសាសន៍ដែរថា អាជ្ញាធរខេត្តនឹងចុះត្រួតពិនិត្យ និង​ទប់ស្កាត់មិនឱ្យមានបើកល្បែងផ្សេង​សំណាង​ថ្មី​​នៅក្នុងខេត្តនេះ​បន្តទៀតទេ។

អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍​ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ​ យល់ថា អាជ្ញាធរ​​គួរតែចាត់វិធានការ​ឱ្យបានតឹងរឹងលើបញ្ហានេះ ដើម្បីធានាឱ្យ​ការអនុវត្តមានប្រសិទ្ធភាពខ្ពស់។

លោកថា៖ «លុះត្រាតែអភិបាលខេត្តមានការប្តេជ្ញាចិត្តខ្ពស់ ខ្ញុំជឿជាក់ថាវានឹងអាចអនុវត្តទៅបាន»។ឮ

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ដែរ​ថា ការត្រួតពិនិត្យលើទីតាំងល្បែងស៊ីសង គឺជារឿងចាំបាច់ដែលអាជ្ញាធរត្រូវអនុវត្ត។ លោកថា អាជ្ញាធរត្រូវតែចាត់វិធានការបង្រ្កាបល្បែងស៊ីសង និងអនុវត្តតាមផ្លូវច្បាប់ឱ្យបាន​តឹងរឹង​ ដោយ​មិន​មាន​ការ​យោគ​យល់ ជាពិសេសអាជ្ញាធរ​ត្រូវនៅឱ្យឆ្ងាយពីល្បែងស៊ីសង។

លោក​ថា៖«ព្រោះបញ្ហាល្បែងស៊ីសង ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បង្កឱ្យមានបទល្មើសផ្សេងៗក្នុងសង្គម បង្កឱ្យមានអំពើហិង្សា»។

កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​​ចេញ​បទបញ្ជា​ឱ្យ​​បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ រាប់តាំងពីឡូតូ និងកន្ទុយលេខ ដោយភ្ជាប់សារ​ព្រមាន​ដកតំណែងអភិបាលរាជធានី ខេត្ត ខណ្ឌ ក្រុង ស្រុក ដែលអសកម្ម​លើបញ្ហានេះ​​ផងដែរ។

លោកថា៖​ «វាស្ទើរតែមិនមានការចាំបាច់ឱ្យមានអន្តរាគមន៍​ពីថ្នាក់​ជាតិ​នោះទេ​ បើ​ឯកឧត្តម​ លោកជំទាវ ជាអភិបាលខេត្តរាជធានី យកការទទួលខុសត្រូវ ចេញ​កម្លាំងបង្ក្រាបលើមណ្ឌលលេងល្បែងទាំងនោះ ខ្ញុំសូមចេញបញ្ជាដោយ​ម៉ឺងម៉ាត់​បំផុត ​សូម​ឱ្យចាត់វិធានការបង្ក្រាប​ឱ្យបាន​ទាន់ពេលវេលា និងដាច់ណាត់បំផុត។ យើងមិនអាចបណ្ដោយឱ្យសភាពការណ៍​​កើត​ឡើងបែបអណាធិបតេយ្យតទៅទៀតទេ ទាក់ទងនឹងល្បែងនេះ ការបើកបនល្បែង វាមិនមែន​ជាកំណើនសេដ្ឋកិច្ចទេ»។

មាត្រា១ នៃច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង បញ្ញត្តិថា ត្រូវហាមឃាត់ជាដាច់ខាតការ​លេងល្បែង​​ស៊ី​​សង​​គ្រប់ប្រភេទនៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា លើកលែងតែ​​​មានការ​​​អ​​​នុ​​ញ្ញាតពីរដ្ឋាភិ​បា​​ល​។

បើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤នេះ សមត្ថកិច្ច​បានបើកប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសង​ខុសច្បាប់សរុបចំនួន ៤២៧ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធបានចំនួន ៩១២​នាក់ ក្នុងនោះមាន​ស្រី ៤០៤នាក់៕