ប្រជាពលរដ្ឋមួយចំនួន ព្រួយបារម្ភអំពីសុវត្ថិភាពចំណីអាហារ ខណៈអាជ្ញាធររកឃើញសាច់គ្មានគុណភាព សាច់បង្កក និងគ្រឿងសមុទ្រមានចាក់សារធាតុចាហួយជាហូរហែរ។
កាលពីថ្ងៃចុងខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញខេត្តស្វាយរៀង បានបង្ក្រាបករណីរថយន្តកុងតឺន័រចំនួន ០៤គ្រឿង ដែលដឹកសាច់បង្កកនាំចូលពីវៀតណាមជាច្រើនតោន ក្រោយរកឃើញថា ខ្វះខាតឯកសារបញ្ជាក់មួយចំនួន និងការរក្សាទុកសាច់បង្កកមិនត្រូវតាមស្តង់ដាដែលនាំឱ្យប៉ះពាល់ដល់គុណភាពសាច់។ ចំណែកកាលពីថ្ងៃទី៨ ខែកុម្ភៈ អាជ្ញាធរបានរកឃើញបង្គារមានចាក់ចាហួយនៅលើក្បាលចំនួន ៤ ២៣៥គីឡូក្រាម នៅលើរថយន្តមួយដែលកំពុងចែកចាយនៅតាមស្តង់លក់មួយចំនួន នៅម្តុំត្រឡោកបែក ក្នុងរាជធានីភ្នំពេញ។
ដោយឡែក នៅថ្ងៃទី១៤ ខែកុម្ភៈ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក៏បានបង្ក្រាបការនាំចូលស្លាបមាន់ខូចគុណភាព ចំនួន ២ ០០០គីឡូក្រាម គ្មានឯកសារបញ្ជាក់ពីប្រភពច្បាស់លាល់ និងមិនអនុលោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខ័ណ្ឌតម្រូវម្ហូបអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផងដែរ។
កសិករដែលចិញ្ចឹមសត្វជ្រូកជាលក្ខណៈគ្រួសារនៅក្នុងខេត្តពោធិ៍សាត់ លោក រដ្ឋា បង្ហាញការព្រួយបារម្ភពីសុវត្ថិភាពចំណីអាហារ នៅពេលឃើញមានសាច់បង្កក និងផលិតផលសាច់ផ្សេងៗដែលខូចគុណភាព បាននាំចូលច្រើន។ លោកសាទរចំពោះចំណាត់ការរបស់អាជ្ញាធរដែលបានបង្ក្រាបករណីនាំចូលខុសច្បាប់ជាហូរហែរនេះ។
លោកបន្តថា៖ «គិតមើល សាច់នាំចូលដឹកពីស្រុកគេមក ទម្រាំមកដល់ស្រុកយើងហើយលក់តម្លៃធូរៗ អញ្ចឹងបានន័យថា វាអត់មានគុណភាពពីស្រុកគេមកហើយ មិនអញ្ចឹង? បើសិនសាច់មានគុណភាព មិនមែនលក់តម្លែហ្នឹងទេ អញ្ចឹងសាច់ល្អគេទុកផ្គត់ផ្គង់នៅស្រុកគេហើយ»។
លោកបន្ថែមថា៖ «ពួកគាត់ចូលចិត្តតែរបស់ថោកៗ បើមានការគាំទ្រគេនៅតែនាំចូលអញ្ចឹង បើសិនជាគាត់[ពលរដ្ឋ]គិតអំពីសុខភាពជាចម្បងទៅ។ សាច់ក្នុងស្រុកយើងសល់យើងក្លាសេទៅ អត់មានចាក់ជាតិគីមីអីចូល តែសាច់មកពីស្រុកគេយើងម៉េចដឹង បើគេចាក់នេះចាក់នោះ ដូចតាមបណ្តាញសង្គមបង្ហោះ ចាក់ថ្នាំឱ្យធាត់ឱ្យអីម៉េចនោះ ខ្លាចអញ្ចឹង ហើយយើងញ៉ាំទៅមិនខូចសុខភាព កើតជំងឺប្លែកៗ»។
ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងជាអតីតនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច លោក លេខ ឡែន យល់ឃើញស្រដៀងគ្នាដែរថា សាច់ដែលនាំចូលតែងតែមានការរក្សាគុណភាពនៃសាច់ ដូច្នេះវាត្រូវបង្កកជាចាំបាច់ ឬចាក់នូវសារធាតុផ្សេងៗដើម្បីរក្សាសាច់ឱ្យបានយូរ។ លោកបន្តថា ប្រសិននាំចូលច្រើនពេក វាធ្វើឱ្យទីផ្សារផលិតផលសាច់ក្នុងស្រុកមានការធ្លាក់ចុះ ម្យ៉ាងវិញទៀតបើសាច់ទាំងនោះផុតកាលបរិច្ឆេទនៃការប្រើប្រាស់ នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគយ៉ាងខ្លាំង។
លោកបន្ថែមថា៖ «សាច់បង្កកនេះ គឺអាចប៉ះពាល់ដល់សុខភាព អាចកើតជាជំងឺរ៉ាំរ៉ៃ ឬមិនអាចព្យាបាលបាន ព្រោះសាច់កកដើម្បីរក្សាគុណភាពបាន ចាំបាច់ត្រូវតែមានសារធាតុគីមី ដើម្បីឱ្យមានគុណភាពបានយូរហើយស្រស់បានយូរ»។
ចំណែក កញ្ញា អុល ស្រីធាន ជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច មានការយល់ឃើញស្រដៀងគ្នាដែរ ក្នុងនោះកញ្ញាបានស្នើឱ្យរាជរដ្ឋាភិបាល កាត់បន្ថយ ឬបញ្ឈប់ឱ្យបានចំពោះការនាំចូលសាច់បង្កក និងជួយជំរុញ និងលើកកម្ពស់ការផលិតក្នុងស្រុក ដើម្បីមានសុវត្ថិភាពចំណីអាហារ និងអាចផ្គត់ផ្គង់ទីផ្សារបានគ្រប់គ្រាន់។ កញ្ញាក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ គួរចាប់ផ្តើមគាំទ្រផលិតផលក្នុងស្រុកផងដែរ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គីមអេង លើកឡើងថា បញ្ហាសាច់បង្កកមិនមែនជារឿងថ្មីនោះទេ ហើយនៅពេលរាជរដ្ឋាភិបាលប្រកាសឱ្យទប់ស្កាត់ នោះ ការនាំចូលហាក់ស្ងាត់មួយរយៈ ហើយក្រោយមកនៅតែបន្តមានទៀត។ លោកថា ថ្នាក់ដឹកនាំគួរតែមានវិធានការចម្បងថែមទៀត នៅក្នុងការទប់ស្កាត់កុំឱ្យសាច់បង្កកចូលមកក្នុងប្រទេសកម្ពុជា។
លោកបន្ថែមថា៖ «កាលណាវាខូចគុណភាព វាប៉ះពាល់ទៅដល់សុខភាពប្រជាពលរដ្ឋ អញ្ចឹងយើងមិនអាចយករបស់ខូចគុណភាពយកមកទទួលទានបានទេ ហើយបើសិនជាប្រជាពលរដ្ឋប៉ះពាល់សុខភាពច្រើន គឺរដ្ឋនឹងមានការខាតបង់ដែរ។ ការថែរក្សា[សុខភាព]ប្រជាពលរដ្ឋ គឺជាការថែរក្សាធនធានសម្រាប់អភិវឌ្ឍន៍ជាតិ កាលណាធនធានបាត់បង់ ឬមានបញ្ហាសុខភាពកើតឡើង រដ្ឋក៏ខាតបង់ច្រើនដែរ»។
គេហទ័ព័រ Newsroom Cambodia បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោក កុយ វ៉ាន់នី ប៉ុន្តែមិនមានការឆ្លើយតបឡើយ គិតត្រឹមល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
ប្រធាននាយកដ្ឋានមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម លោក ជា អ៊ាកឃីម បញ្ជាក់ថា សាច់នាំចូលដោយស្របច្បាប់ គឺពុំមានប៉ះពាល់ដល់សុខភាពនោះទេ ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺជាសាច់បង្កកមួយចំនួនដែលនាំចូលមក ដោយពុំមានច្បាប់ទម្លាប់ត្រឹមត្រូវ។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី មានប្រសាសន៍ថា សាច់បង្កកទុកយូរបណ្តាលឱ្យខូចគុណភាព ហើយនៅពេលពលរដ្ឋបរិភោគទៅ អាចបង្កឱ្យមានជំងឺផ្សេងៗ និងអាចឈានដល់ការកើតជំងឺមហារីកផងដែរ។
លោកថ្លែងថា៖ «បើយើងបានបរិភោគទៅវាប៉ះពាល់ដល់យើង វាអាចវិវត្តទៅជាជំងឺផ្សេងៗ ដូចជាជំងឺរលាកពោះវៀនធំ ជំងឺថ្លើម ចុងក្រោយអាចជាជំងឺមហារីក ដែលយើងមិនអាចមើលឃើញទៅថ្ងៃអនាគត ហើយប្រជាពលរដ្ឋអត់ដឹង ចូលចិត្តញ៉ាំ ហើយប្រហិតដែលផ្អាប់ទុកហ្នឹងសុទ្ធតែជាតិគីមីទាំងអស់»។
លោកបន្ថែមថា ដើម្បីបង្ការកុំឱ្យសាច់បង្កកនេះចូលមកកម្ពុជាបាន ក្រសួងកសិកម្ម ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ ត្រូវសហការគ្នាពង្រឹងការទប់ស្កាត់កុំឱ្យមានការនាំចូលសាច់បង្កកនេះ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រដ្ឋាភិបាលនឹងផ្អាកការនាំចូលបំណែកនៃសាច់បង្កក ដែលមាន សាច់ជ្រូក សាច់មាន់ ជាដើម ដើម្បីជំរុញឱ្យកសិករមានលទ្ធភាពក្នុងការប្រកួតប្រជែងលើទីផ្សារ និងជាផ្នែកមួយនៃការលើកកម្ពស់ផលិតផលក្នុងស្រុកផងដែរ។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី អះអាងថា កម្ពុជាមិនអាចហាមឃាត់ការនាំចូលផលិតផលពីក្រៅប្រទេសបានរហូតនោះទេ ដោយសារទង្វើនេះ ប្រឆាំងនឹងគោលការណ៍អង្គការពាណិជ្ជកម្មពិភពលោក និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
បើតាមរបាយការណ៍បូកសរុបការងាររបស់ក្រសួងកសិកម្ម នៅឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ បានឱ្យដឹងថា នៅឆ្នាំ២០២៣ ផលិតកម្មសត្វក្នុងស្រុកអាចផ្គត់ផ្គង់សាច់បានប្រមាណ ៣២០ពាន់តោន ស្មើនឹង៩៨ភាគរយនៃតម្រូវការសរុប។ ប្រភពដដែលបន្តថា បរិមាណសាច់ដែលខ្វះខាត ត្រូវបាននាំចូលពីបរទេស ដើម្បីបំពេញតម្រូវការសម្រាប់ម្ហូបអាហារ និងធ្វើជាវត្ថុធាតុដើមផលិតចំណីសត្វលម្អ ដូចជា ឆ្កែ និងឆ្មាជាដើម។
ដើម្បីបំពេញតម្រូវការ កម្ពុជាបាននាំចូលសាច់ និងផលិតសត្វសរុប ៩,២៥ពាន់តោន ក្នុងនោះមានជ្រូកកណ្ដុល ៣ពាន់ក្បាល ពពែ៣៣៦ក្បាល ចៀម ៤០០ក្បាល មាន់សាច់រស់ ៣,៥៥លានក្បាល ទាសាច់រស់ ១៧០ពាន់ក្បាល (៤,៤៩ពាន់តោន) និងសាច់ចម្រុះ រួមមាន សាច់ជ្រូក ចៀម ក្ងាន ក្រួច គោ ក្របី ប្រហិត សាច់ក្រក និងផលិតផលសត្វ សរុបចំនួន (៤,៧៦ពាន់តោន)។
កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម បានចេញប្រកាសរួមគ្នា ដោយផ្អាកការនាំចូលគ្រឿងក្នុង និងបំណែកនៃសាច់បង្កក ចាប់ពីថ្ងៃទី១២ ខែមីនា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤៕