ប្រជា​ពលរដ្ឋមួយចំនួន ព្រួយបារម្ភអំពីសុវត្ថិភាពចំណីអាហារ ខណៈ​អាជ្ញាធរ​រក​ឃើញ​សាច់​គ្មានគុណ​ភាព សាច់​បង្កក និងគ្រឿងសមុទ្រមានចាក់សារធាតុចាហួយជាហូរហែរ។

កាលពីថ្ងៃចុង​ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញខេត្តស្វាយរៀង បានបង្ក្រាបករណីរថយន្ត​កុងតឺន័រ​ចំនួន ០៤គ្រឿង ​ដែលដឹកសាច់បង្កកនាំចូលពីវៀតណាមជាច្រើនតោន ក្រោយរកឃើញថា ខ្វះខាតឯកសារបញ្ជាក់មួយចំនួន និង​ការ​រក្សា​ទុកសាច់បង្កក​មិនត្រូវតាមស្តង់ដាដែលនាំឱ្យប៉ះពាល់​​ដល់​គុណភាពសាច់។ ចំណែក​កាលពី​​ថ្ងៃទី៨ ខែកុម្ភៈ អាជ្ញាធរបានរកឃើញបង្គារ​​​មានចាក់ចាហួយ​នៅលើក្បាលចំនួន ៤ ២៣៥​គីឡូ​ក្រាម នៅ​លើ​រថយន្តមួយ​ដែល​កំពុង​ចែក​ចាយ​​​នៅ​តាមស្តង់​លក់​មួយចំនួន នៅម្តុំត្រឡោកបែក ក្នុងរាជធានីភ្នំពេញ​​។

ដោយឡែក នៅ​ថ្ងៃទី១៤ ខែកុម្ភៈ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក៏​បាន​បង្ក្រាបការនាំចូល​ស្លាប​មាន់​ខូចគុណភាព ចំនួន ២ ០០០គីឡូក្រាម គ្មាន​ឯកសារ​បញ្ជាក់​ពី​ប្រភពច្បាស់​លាល់ និងមិនអនុលោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខ័ណ្ឌតម្រូវម្ហូបអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផងដែរ។

កសិករដែលចិញ្ចឹមសត្វជ្រូកជាលក្ខណៈគ្រួសារនៅក្នុងខេត្តពោធិ៍សាត់ លោក រដ្ឋា បង្ហាញការ​ព្រួយ​​បារម្ភពីសុវត្ថិភាពចំណីអាហារ នៅពេលឃើញមានសាច់បង្កក និងផលិតផល​សាច់​ផ្សេងៗដែលខូចគុណ​ភាព បាននាំចូល​ច្រើន។ លោកសាទរចំពោះចំណាត់ការរបស់អាជ្ញាធរដែលបានបង្ក្រាបករណីនាំចូលខុសច្បាប់ជាហូរហែរនេះ។

លោក​បន្ត​ថា៖ «គិតមើល សាច់នាំចូលដឹកពីស្រុកគេមក ទម្រាំមកដល់ស្រុកយើងហើយលក់តម្លៃធូរៗ អញ្ចឹង​បានន័យថា វា​អត់មានគុណភាពពីស្រុកគេមកហើយ មិនអញ្ចឹង? បើសិន​សាច់មានគុណភាព មិនមែនលក់តម្លែហ្នឹងទេ អញ្ចឹងសាច់ល្អគេទុកផ្គត់ផ្គង់នៅស្រុកគេហើយ»។

លោកបន្ថែម​ថា៖ «ពួកគាត់ចូលចិត្តតែរបស់ថោកៗ បើមានការគាំទ្រគេនៅតែនាំចូលអញ្ចឹង បើសិនជា​គាត់[ពលរដ្ឋ]គិត​អំពីសុខភាពជាចម្បង​ទៅ។ សាច់ក្នុងស្រុកយើង​សល់​យើងក្លាសេទៅ អត់មានចាក់ជាតិគីមី​អីចូល តែសាច់មកពីស្រុកគេយើង​ម៉េច​ដឹង បើគេចាក់នេះចាក់នោះ​ ដូចតាមបណ្តាញសង្គម​បង្ហោះ ចាក់​ថ្នាំឱ្យធាត់ឱ្យអីម៉េចនោះ ខ្លាចអញ្ចឹង​ ហើយយើងញ៉ាំ​ទៅមិនខូចសុខភាព កើតជំងឺប្លែកៗ​»។

ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និង​ជាអតីតនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច លោក លេខ ឡែន យល់ឃើញស្រដៀងគ្នាដែរថា សាច់ដែលនាំចូលតែងតែមានការ​រក្សាគុណភាព​នៃសាច់ ដូច្នេះវា​ត្រូវបង្កក​ជា​ចាំបាច់ ឬចាក់នូវសារធាតុផ្សេងៗដើម្បីរក្សា​សាច់ឱ្យបានយូរ។ លោកបន្តថា​ ប្រសិននាំចូលច្រើនពេក វាធ្វើឱ្យទីផ្សារផលិតផលសាច់​​ក្នុងស្រុកមានការធ្លាក់ចុះ ម្យ៉ាងវិញទៀតបើសាច់ទាំងនោះ​ផុតកាលបរិច្ឆេទនៃការប្រើប្រាស់ នឹង​​​ធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ​​យ៉ាងខ្លាំង។

លោកបន្ថែម​ថា៖ «សាច់បង្កកនេះ គឺអាចប៉ះពាល់ដល់សុខភាព អាចកើតជាជំងឺរ៉ាំរ៉ៃ ឬមិនអាចព្យាបាលបាន ព្រោះសាច់​កក​​ដើម្បីរក្សាគុណភាពបាន ចាំបាច់​ត្រូវតែមានសារធាតុគីមី ដើម្បីឱ្យមានគុណភាពបានយូរហើយស្រស់បានយូរ»។

ចំណែក កញ្ញា អុល ស្រី​ធាន ជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច មានការយល់ឃើញស្រដៀងគ្នាដែរ ក្នុងនោះកញ្ញាបាន​​ស្នើឱ្យរាជរដ្ឋាភិបាល​ កាត់បន្ថយ ឬបញ្ឈប់ឱ្យបានចំពោះការនាំចូល​សាច់​បង្កក និង​ជួយ​ជំរុញ​ និង​លើក​កម្ពស់ការផលិតក្នុងស្រុក ដើម្បីមានសុវត្ថិ​ភាពចំណីអាហារ និងអាចផ្គត់ផ្គង់ទីផ្សារ​បានគ្រប់គ្រាន់។ កញ្ញាក៏បានអំពាវនាវដល់​​ប្រជាពលរដ្ឋ គួរ​ចាប់ផ្តើមគាំទ្រផលិតផលក្នុងស្រុក​ផងដែរ។​

ប្រធាន​មជ្ឈមណ្ឌលប្រជាពលរដ្ឋ​​ដើម្បី​អភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គីមអេង លើកឡើងថា បញ្ហាសាច់បង្កកមិនមែនជារឿងថ្មីនោះទេ ហើយ​នៅពេលរាជរដ្ឋាភិបាល​ប្រកាស​ឱ្យ​ទប់​ស្កាត់​ នោះ​ ការនាំចូលហាក់ស្ងាត់មួយរយៈ ហើយក្រោយមកនៅតែបន្តមានទៀត។ លោកថា ថ្នាក់ដឹក​នាំ​គួរ​តែមាន​វិធានការចម្បងថែមទៀត នៅក្នុងការទប់ស្កាត់កុំឱ្យសាច់បង្កក​ចូលមកក្នុងប្រទេសកម្ពុជា។

លោកបន្ថែមថា៖ «កាលណា​វាខូចគុណភាព វាប៉ះពាល់ទៅដល់សុខភាពប្រជាពលរដ្ឋ អញ្ចឹង​​យើង​មិនអាចយករបស់ខូច​គុណភាពយកមកទទួលទានបានទេ ហើយបើសិនជាប្រជាពលរដ្ឋប៉ះពាល់សុខភាពច្រើន គឺរដ្ឋនឹងមានការខាតបង់ដែរ។ ការថែរក្សា[សុខភាព​]ប្រជាពលរដ្ឋ គឺជាការថែរក្សា​ធនធានសម្រាប់អភិវឌ្ឍន៍ជាតិ កាលណាធនធានបាត់បង់ ឬមានបញ្ហាសុខ​ភាពកើតឡើង រដ្ឋក៏ខាតបង់ច្រើនដែរ»។

គេហទ័ព័រ Newsroom Cambodia បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោក កុយ វ៉ាន់នី ប៉ុន្តែមិនមានការឆ្លើយតបឡើយ គិតត្រឹមល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។​

ប្រធាននាយកដ្ឋានមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម លោក ជា អ៊ាកឃីម បញ្ជាក់​ថា សាច់នាំចូលដោយ​ស្រប​​ច្បាប់ គឺពុំមានប៉ះពាល់ដល់សុខ​ភាពនោះទេ ប៉ុន្តែ​អ្វីដែល​ជាបញ្ហា​នោះ គឺជាសាច់បង្កក​មួយ​ចំនួន​ដែល​នាំ​ចូល​មក ដោយពុំមានច្បាប់ទម្លាប់ត្រឹមត្រូវ។

ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី មានប្រសាសន៍​ថា សាច់​បង្កក​ទុក​យូរ​បណ្តាល​ឱ្យខូចគុណភាព ហើយនៅពេលពលរដ្ឋ​បរិភោគ​ទៅ អាចបង្កឱ្យមានជំងឺផ្សេងៗ និងអាចឈាន​ដល់​ការកើតជំងឺមហារីកផងដែរ។

លោកថ្លែងថា៖ «បើយើងបានបរិភោគទៅវាប៉ះពាល់ដល់យើង វាអាចវិវត្តទៅជាជំងឺផ្សេងៗ ដូចជាជំងឺរលាកពោះវៀនធំ ជំងឺថ្លើម ចុងក្រោយអាចជាជំងឺមហារីក ដែលយើងមិនអាចមើលឃើញទៅថ្ងៃអនាគត ហើយ​ប្រជាពលរដ្ឋអត់ដឹង​ ចូលចិត្តញ៉ាំ ហើយ​ប្រហិត​ដែល​ផ្អាប់​ទុកហ្នឹងសុទ្ធតែជាតិគីមីទាំងអស់»។

លោកបន្ថែម​ថា ដើម្បី​បង្ការកុំឱ្យសាច់បង្កកនេះ​ចូលមកកម្ពុជា​បាន ក្រសួងកសិកម្ម ក្រសួង​សុខាភិបាល និង​ក្រសួងមហាផ្ទៃ ត្រូវ​សហការ​គ្នា​ពង្រឹងការទប់​ស្កាត់​កុំ​ឱ្យមានការនាំចូលសាច់បង្កកនេះ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រដ្ឋាភិបាលនឹង​ផ្អាកការនាំចូលបំណែក​នៃ​សាច់បង្កក ដែលមាន សាច់ជ្រូក សាច់មាន់ ជាដើម ដើម្បីជំរុញឱ្យកសិករ​​​មាន​លទ្ធភាព​ក្នុងការប្រកួត​ប្រជែង​លើ​ទីផ្សារ និងជាផ្នែកមួយនៃការលើកកម្ពស់​ផលិត​ផល​ក្នុង​ស្រុក​ផងដែរ។

ទោះ​ជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី អះ​អាង​ថា កម្ពុជាមិនអាចហាមឃាត់ការនាំចូលផលិត​ផល​ពី​​ក្រៅ​​ប្រទេស​​​បានរហូតនោះទេ ដោយសារទង្វើនេះ ប្រឆាំងនឹងគោលការណ៍​អង្គការពាណិជ្ជ​កម្ម​ពិភពលោក និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

បើតាម​របាយការណ៍បូកសរុបការងាររបស់ក្រសួងកសិកម្ម នៅឆ្នាំ២០២៣ និងទិសដៅ​ឆ្នាំ​២០២៤ បានឱ្យដឹងថា នៅឆ្នាំ២០២៣ ផលិតកម្ម​សត្វ​ក្នុង​ស្រុក​អាចផ្គត់ផ្គង់​សាច់បាន​ប្រមាណ​ ៣២០ពាន់​តោន ស្មើនឹង៩៨ភាគរយនៃតម្រូវការសរុប។ ប្រភពដដែលបន្តថា បរិមាណសាច់ដែលខ្វះខាត ត្រូវបាន​នាំចូលពីបរទេស ដើម្បីបំពេញតម្រូវការសម្រាប់ម្ហូបអាហារ និងធ្វើជាវត្ថុធាតុដើម​ផលិត​ចំណី​សត្វលម្អ​ ដូចជា ឆ្កែ និងឆ្មាជាដើម។ 

ដើម្បីបំពេញតម្រូវការ កម្ពុជាបាននាំចូលសាច់ និងផលិតសត្វសរុប ៩,២៥ពាន់តោន ក្នុងនោះ​មាន​ជ្រូកកណ្ដុល ៣ពាន់ក្បាល ពពែ៣៣៦ក្បាល ចៀម ៤០០ក្បាល មាន់សាច់​រស់ ៣,៥៥លានក្បាល ទាសាច់រស់ ១៧០ពាន់ក្បាល (៤,៤៩ពាន់តោន) និងសាច់ចម្រុះ រួម​មាន ​សាច់​ជ្រូក ចៀម ក្ងាន ក្រួច គោ ក្របី ប្រហិត សាច់ក្រក ​និង​ផលិតផល​សត្វ សរុបចំនួន (៤,៧៦ពាន់តោន)។

កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម បានចេញ​ប្រកាសរួមគ្នា ដោយ​ផ្អាក​ការ​នាំចូលគ្រឿងក្នុង និង​បំណែក​នៃសាច់បង្កក ចាប់ពីថ្ងៃទី១២ ខែមីនា ដល់​ថ្ងៃទី១២ ខែ​កញ្ញា ឆ្នាំ២០២៤៕