នារសៀលថ្ងៃទី១៤ ខែមករា ក្នុងតូបលក់បាយម្ហូបមួយដែលមានភ្ញៀវ ៣ទៅ ៤ នាក់កំពុងបរិភោគអាហារថ្ងៃត្រង់ អ្នកស្រី សម្បត្តិ ឡាយ ជាអាជីវករលក់បាយម្ហូបនៅបរិវេណមុខប្រាសាទអង្គរវត្តតាំងពីឆ្នាំ១៩៩៨ លើកឡើងថា ការលក់ដូររបស់អ្នកស្រីមានការអន់ថយជាខ្លាំងចាប់តាំងពីពេលដែលអាជ្ញាធរជាតិអប្សរាចាប់ផ្តើមជីកប្រលាយ និងដាំកូនឈើមុខបរិវេណអង្គរមក។
និយាយទាំងទឹកមុខក្រៀមក្រំ ស្រ្តីវ័យ ៤៥ឆ្នាំរូបនេះបន្ថែមថា ការលក់ដូរមានការថយចុះពី៣០ម៉ឺន ទៅ៤០ម៉ឺនរៀលក្នុងមួយថ្ងៃ មកនៅត្រឹម៤ម៉ឺន ទៅ១០ម៉ឺនរៀលក្នុងមួយថ្ងៃ។
អ្នកស្រីនិយាយថា៖ «ខ្សោយណាស់ ពីមុនធ្លាប់លក់បានលុយ ឥឡូវលក់អត់បានលុយទេ វាអត់រហូត វាអត់ទាល់តែថ្ងៃណាបាន៤ទៅ១០ម៉ឺនទិញអត់គ្រប់វិញទេ ពិសេសត្រីអីសល់ចោល»។
អ្នកស្រី សម្បត្តិ ឡាយ ជាអាជីវករមួយរូបក្នុងចំណោមអាជីវករលក់ដូរម្ហូបអាហារមុខតំបន់អង្គរចំនួន២៩គ្រួសារ កំពុងជួបបញ្ហាភ្ញៀវធ្លាក់ចុះ ចាប់តាំងពីខែ មេសា ឆ្នាំ២០២៣មក បន្ទាប់ពីអាជ្ញាធរជាតិអប្សរារៀបចំតំបន់បរិវេណអង្គរ ដោយជីកប្រលាយ ចាក់ដី និងដាំកូនឈើ និងមិនអនុញ្ញាតឱ្យរថយន្តរបស់ភ្ញៀវទេសចរណ៍ចតលើផ្លូវ តាំងពីខែមេសា ឆ្នាំ២០២៣កន្លងមក។
អាជីវករទាំង២៩គ្រួសារនេះ ស្ថិតក្នុងចំណោមប្រជាពលរដ្ឋប្រមាណជិត ១ម៉ឺនគ្រួសារ ដែលរស់នៅជុំវិញតំបន់ឧទ្យានជាតិអង្គរ និងដែលត្រូវបានជូនដំណឹងឱ្យរុះរើចេញដោយស្ម័គ្រចិត្ត ហើយផ្លាស់ទៅកាន់ទីតាំងថ្មី បន្ទាប់ពីរដ្ឋាភិបាលអះអាងថា ការសាងសង់សំណង់ខុសច្បាប់នៅតំបន់អង្គរ នៅតែបន្តកើតមានឥតឈប់ឈរ ដែលអាចធ្វើឱ្យប៉ះពាល់ ទៅដល់រមណីយដ្ឋានអង្គរទាំងមូល។
អ្នកស្រី សម្បត្តិ ឡាយ បន្តថា៖ «បើសិនជាយើងលក់បាយក្រៅពីតំបន់អង្គរ យើងលក់អត់កើតទេ បើយើងលក់ឆ្ងាយពីតំបន់អង្គរ ភ្ញៀវទេសចរណ៍មិនមែនបានភ្ញៀវជនជាតិទេ បានភ្ញៀវជាតិខ្មែរយើងមកពីខេត្តគេទេ ដល់ហើយបងចេះតែលក់បាយ លក់ម្ហូប ដូចជាប្រហុកត្រីហ្នឹង ប៉ុន្តែបើឱ្យបងបានភ្ញៀវជនជាតិគឺអត់មានទេ»។
អ្នកស្រីអះអាងថា៖ «គេចង់ឱ្យយើងទៅនៅឱ្យឆ្ងាយ ឯរុនតាឯកហ្នឹង […] ឱ្យយើងទៅលក់បាយលក់អីនៅហ្នឹង តែយើងទៅលក់អត់កើត ហើយតូបខ្ញុំមាននៅហ្នឹងយូរហើយតាំងពី ៩០ [ឆ្នាំ១៩៩០] ជាង […] តូបខ្ញុំមានពីយូរហើយ ហើយរយៈពេលកាលដែលថាយើងនៅមកយើងចង់សុំមិនលក់នៅរុនតាឯកទេ សុំនៅលក់ទីតាំងតំបន់អង្គរ»។
ទីតាំងថ្មីដែលអាជ្ញាធរដាក់ឱ្យអាជីវករទៅទីតាំងថ្មីនោះគឺស្ថិតចំណុចនៅភូមិ រុនតាឯក ស្រុកបន្ទាយស្រី ដែលមានចម្ងាយប្រមាណ ៥គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។
អាជីវករលក់ដូរនៅតំបន់មុខអង្គវត្តម្នាក់ទៀត អ្នកស្រី សួង វណ្ណៈ បានឱ្យដឹងថា មួយរយៈពេលចុងក្រោយនេះ ការលក់ដូរមានការធ្លាក់ចុះបន្ទាប់ពីអាជ្ញាធរបានចុះរុះរើផ្លូវនៅកន្លែងដែលអ្នកស្រីកំពុងលក់ដូរ។
អ្នកស្រីរៀបរាប់ថា៖ «មួយថ្ងៃៗគេអត់ទាន់មកធ្វើអ៊ីចឹងអ៊ីលក់ដាច់ អ៊ីមានកន្លែងចតឡាន […] អាតាមចិញ្ចើមផ្លូវហ្នឹងហា៎ទាំងសងខាង យើងចតបានយើងលក់បានកើនលុយ […] ដំបូងគាត់ [អាជ្ញាធរ] ដាក់ឡានចូលមកក្នុងពីរថ្ងៃគត់ៗ ឡានអត់ឱ្យដាក់ក្នុងទេ ចិញ្ចើមផ្លូវក៏មិនឱ្យដាក់ដែរ គាត់ដាំដើមឈើទាំងអស់»។
អ្នកស្រីបន្ថែមថា អ្នកស្រីចង់បានទីតាំងជិតលក់ដូរមុខអង្គរដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍មកសម្រាកពិសារអាហារថ្ងៃត្រង់ និងដើម្បីអាចរកចំណូលចិញ្ចឹមកូនៗនិងសងធនាគារផង។
ស្រដៀងនឹងអ្នកលក់ម្ហូបខាងលើដែរ អ្នកស្រី ថេង គឹមបូ អាយុ៤៦ឆ្នាំ បានចាប់ផ្តើមលក់ដូរតាំងពីឆ្នាំ២០០០មក លើកឡើងដែរថា ការត្អូញត្អែរចំពោះការលក់ដូរធ្លាក់ចុះដោយសារតែការឈូសឆាយផ្លូវ និងដាំកូនឈើពីខាងអាជ្ញាធរដែលជាដើមហេតុធ្វើឱ្យការលក់ដូររបស់អ្នកស្រីមានការធ្លាក់ចុះខ្លាំង។
អ្នកស្រី គឹមបូ ត្អូញត្អែរថា៖ «លក់ដូរ លក់បាយអីហ្នឹង ទៅគ្រាន់បានចិញ្ចឹមកូនបានរៀនអីទៅមុខទៀត […] ប៉ុន្តែអត់ដាច់ក៏ដោយ ចេះតែសុំថាបាននៅលក់ នៅទីតាំងបរិវេណប្រាសាទអង្គរ បានឲ្យកូនចៅរស់ចិញ្ចឹមជីវិតផង ហើយនិងចិញ្ចឹមកូនរៀនបន្តទៅទៀត»។
ជុំវិញការត្អូញត្អែររបស់អាជីវករ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា អាជីវករលក់ដូរបានស្ម័គ្រចិត្តចាកចេញពីតំបន់អង្គររួចហើយ ប៉ុន្តែនៅតែមានការបន្តលក់ដូរ ម៉្យាងតំបន់មុខអង្គរជាទីកន្លែងសាធារណៈដែលរដ្ឋមានតួនាទីថែរក្សាឱ្យមានសណ្តាប់ធ្នាប់ កុំឱ្យមានភាពរញ៉េរញ៉ៃ។
លោកបញ្ជាក់ថា៖ «ទីកន្លែងហ្នឹងជាទីកន្លែងសាធារណៈរបស់រដ្ឋ ជាដីសាធារណៈរបស់រដ្ឋដែលរដ្ឋមានតួនាទី ភារកិច្ចក្នុងការគ្រប់គ្រងថែរក្សាធ្វើឱ្យវាកាន់តែមានភាពល្អប្រសើរ។ នៅពេលដែលទីកន្លែងនេះរៀបចំបានប្រសើរសឹងតែទាំងអស់រួចរាល់ហើយ វានៅសល់តែប៉ុណ្ណឹងនាក់ តើគួររក្សាបន្តទីកន្លែងហ្នឹងឱ្យវាមានរញ៉េរញ៉ៃអ៊ីចឹងបន្តទៅទៀត ឬក៏យ៉ាងម៉េច»។
លោក ឡុង កុសល បានឆ្លើយតបនឹងការលើកឡើងរបស់ងាជីវករដែលស្នើសុំនៅលក់បន្តក្នុងតំបន់មុខអង្គរថា មិនមានកាអនុញ្ញាតឱ្យអាជីវករនៅលក់បន្តនោះទេ ដោយសារមានការសម្រេចឱ្យប្រជាជនរុះរើចេញពីតំបន់អង្គររួចហើយ។
លោកបញ្ជាក់ថា៖ «គាត់បានឯកភាពចំពោះមុខស្ថាប័នរដ្ឋថាគាត់នឹងចាកចេញទៅ ឱ្យរើតូបស្អីៗរបស់គាត់ ប៉ុន្តែគាត់បានរំលោភសេចក្តីទុកចិត្តរបស់គេ ទីមួយ។ ទីពីរគាត់បានបង្កនូវរូបភាពមិនជាគំរូរបស់គេដែរ […] តើមានភាពស្មើរភាពគ្នាដែរ ឬទេ?»។
ត្រលប់មក អ្នកស្រី សម្បត្តិ ឡាយ ដែលជាអាជីវករលក់បាយម្ហូបនៅខាងមុខតំបន់អង្គរវិញអះអាងថា គ្រួសារអ្នកស្រីយល់ព្រមរើផ្ទះចេញពីតំបន់អង្គរ ប៉ុន្តែអ្នកស្រីចង់មានកន្លែងលក់ដូរក្នុងតំបន់អង្គរដដែល។
អ្នកស្រីថា៖ «មិនមែនបងឃើញគេឱ្យទៅហើយយើងរឹងទទឹងថាមិនព្រមចេញពីកន្លែងនេះទេ យើងព្រមចេញផ្ទះហើយ តែតូបខ្ញុំសុំនៅក្នុងតំបន់នេះ ចែកខ្ញុំទៅណាក៏ខ្ញុំព្រម ខ្ញុំមិនមែនថារឹងនៅនេះ អត់មានរឹងទេ បើសិនកន្លែងណាក៏ដោយឱ្យតែរៀបស្អាតឱ្យ បើមិនរៀបក៏ដោយឱ្យតែចែក (ទីតាំង)ពួកខ្ញុំ វាស់តែទីតាំង ពួកខ្ញុំធ្វើតូបលក់បាយធម្មតា»៕