គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវឱ្យគណបក្សនយោបាយដែលគ្មានឈ្មោះក្នុងបញ្ជីបញ្ឈប់នូវរាល់សកម្មភាពគំរាមកំហែង និងញុះញង់ទៅលើអ្នកបោះឆ្នោតឱ្យបោះឆ្នោតជូនគណបក្សខ្លួន ខណៈការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខិតជិតមកដល់។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រតិកម្មព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានលើកឡើងថា ក្នុងពេលថ្មីៗនេះ មានគណបក្សនយោបាយមួយ ដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពគំរាមកំហែងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួន ជាអ្នកបោះឆ្នោត ឱ្យបោះឆ្នោតជូនគណបក្សនេះឬគណបក្សនោះ ដែលជាការំលោភសិទ្ធិក្នុងការសម្រេចចិត្តរបស់អ្នកបោះឆ្នោត រំលោភការសម្ងាត់នៃការបោះឆ្នោត និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។
ករណីនេះ គ.ជ.ប បានអំពាវនាវថា៖ «សូមអំពាវនាវឱ្យគណបក្សនយោបាយដែលធ្វើសកម្មភាពខុសច្បាប់ បញ្ឈប់ជាបន្ទាន់ ដើម្បីឱ្យការឃោសនាបោះឆ្នោតប្រព្រឹត្តិទៅដោយរលូន ក៏ដូចជាការបោះឆ្នោតទទួលបានជោគជ័យ។ ករណីនៅតែប្រព្រឹត្តខុសច្បាប់ទៀត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន»។
ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ គ.ជ.ប ក៏បានលើកឡើងនូវមាត្រាទី៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តដែលត្រូវយកមកអនុវត្តក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលបានចែងថា «…គ្រប់គណបក្សនយោបាយ បេក្ខជនឬអ្នកគាំទ្រទាំងអស់មិនត្រូវធ្វើការគំរាមកំហែង បំភិតបំភ័យ និងលួងលោមឱ្យបុគ្គលផ្តិតមេដៃ ឬស្បថ ឬសន្យាបោះឆ្នោតឱ្យគណបក្សណាមួយឡើយ…»។
អ្នកនាំពាក្យ គ.ជ.ប លោកហង្ស ពុទ្ធា មានប្រសាសន៍ថា សេចក្តីថ្លែងការណ៍នេះ ជាការក្រើនរំលឹកដល់គ្រប់គណបក្សនយោបាយ ត្រូវគោរពទៅតាមច្បាប់ស្តីពីគណបក្សនយោបាយ។
លោកថា៖ «ការក្រើនរំលឹកនេះ គ្រាន់តែជាចង់ឱ្យមានការយកចិត្តទុកដាក់[…] និងសកម្មភាពទាំងឡាយណាដែលពាក់ព័ន្ធនឹងការឃោសនានេះ គឺត្រូវអនុវត្តទៅតាមច្បាប់ តាមបទបញ្ជានិងនិតិវិធីដែលមានជាធរមាន»។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែកុម្ភៈដដែលនេះ ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយ អំពាវដល់គ្រប់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយជៀសវាងនូវការធ្វើសកម្មភាពគំរាមកំហែងបង្ខិតបង្ខំដល់អ្នកបោះឆ្នោត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ការអំពាវនាវរបស់ក្រសួងមហាផ្ទៃ បានធ្វើឡើងក្រោយពីក្រសួងសង្កេតឃើញមានគណបក្សនយោបាយខ្លះ បាននិងកំពុងធ្វើសកម្មភាពបង្ខំតបង្ខំសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាអ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ឱ្យបោះឆ្នោតជូនគណបក្សនយោបាយដែលខ្លួនតម្រូវ ហើយបានគំរាមកំហែងដល់អ្នកបោះឆ្នោតទាំងនោះថា «បើនរណាមិនបោះឆ្នោតឱ្យគណបក្សដែលខ្លួនណែនាំនោះទេ អ្នកមានសិទ្ធិបោះឆ្នោតទាំងនោះ នឹងត្រូវប្រឈមនឹងការបណ្តេញចេញពីសមាជិកគណបក្ស និងដកតួនាទីពីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាដើម។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន យល់ថា ជាការចម្លែកដែលគណបក្សមិនមានឈ្មោះនៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បែរទៅធ្វើការណែនាំដល់អ្នកបោះឆ្នោត ឱ្យបោះឆ្នោតឱ្យគណបក្សនេះឬគណបក្សនោះ និងទៅធ្វើការឃោសនាទៅវិញ។
លោកថា៖ «អាហ្នឹងវាខុសអំពីទម្លាប់ដែលមានក្នុងការបោះឆ្នោត វាមានតែគណបក្សប្រកួតប្រជែងទេ ដែលមានសិទ្ធិធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដល់គណបក្សអត់មានចុះឈ្មោះ ចុះបញ្ជីនៅ គ.ជ.ប ហើយឈរឈ្មោះប្រកួតប្រជែងផង ទៅឃោសនា[…] ហ្នឹងជាបញ្ហាដែលអនុវត្តន៍ផ្ទុញពីគោលការណ៍ច្បាប់ស្តីពីគណបក្សនយោបាយ»។
ស្របពេលគ្នានេះដែរ គណបក្សចំនួន៦ ក៏បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ នៅថ្ងៃទី១៥ និងទី១៦ ខែកុម្ភៈនេះ ដោយបានអំពាវនាវដល់អ្នកមានសិទ្ធបោះឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា រក្សាស្មារតីនឹងនរ និងកុំខ្លាចនូវការគំរាមកំហែងនានា ហើយចូលរួមបោះឆ្នោតជូនគណបក្សដែលខ្លួនពេញចិត្ត ដោយសេរី និងសម្ងាត់។ ក្នុងចំណោមនោះ គណបក្សមួយចំនួន ក៏បានស្នើដល់ក្រសួងមហាផ្ទៃ មានវិធានការចំពោះគណបក្សនយោបាយណា ដែលបង្កបញ្ហាដល់ការបោះឆ្នោតឱ្យបានតឹងរឹងផងដែរ។
គណបក្សនយោបាយទាំងនោះ រួមមាន គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សអំណាចប្រជាពលរដ្ឋ គណបក្សឯកភាពជាតិខ្មែរ គណបក្សម៉ូលីណាកា គណបក្សមហាសាមគ្គីជាតិខ្មែរ និងគណបក្សខ្មែរតែមួយ។
ចំណែក អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ មានប្រសាសន៍ថា គណបក្សភ្លើងទៀន ជាគណបក្សមួយដែលតែងតែគោរពច្បាប់ទាំងអស់ ដូចជា ច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ឬច្បាប់នានាដែលចូលជាធរមានផ្សេងៗជាដើម។
លោកអះអាងថា កន្លងមក អង្គបោះឆ្នោតគណបក្សភ្លើងទៀន ក៏រងនៅការបំភ័យបំភិត រងនូវការទទួលលួងលោមក្នុងគោលបំណងទិញដូរសន្លឹកឆ្នោត ពីសំណាក់បុគ្គលមួយចំនួននៅក្នុងខេត្តដែលពួកគេរស់នៅខ្លះដែរ ហើយករណីនេះ ក៏ជាក្តីបារម្ភមួយរបស់គណបក្សខ្លួន។
លោកថ្លែងថា៖ «យើងក៏អំពាវនាវស្នើសុំឱ្យមានការបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលធ្វើឡើងក្នុងគោលបំណងដើម្បីគាបសង្កត់ បំភ័យ ឬក៏ការទិញដូរទឹកចិត្ត ទិញដូរសន្លឹកឆ្នោត ពីព្រោះសកម្មភាពទាំងអស់នេះ វាប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់អង្គបោះឆ្នោត វាប៉ះពាល់ដល់អង្គបោះឆ្នោត វាប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតដោយអសកលនាពេលខាងមុខ»។
អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស មានប្រសាសន៍ថា ជាទូទៅ គណបក្សនីមួយៗ មានគោលការណ៍ផ្ទៃក្នុងរបស់ខ្លួន ដែលត្រូវឱ្យសមាជិកអនុវត្តតាម ហើយប្រសិនជាមិនអនុវត្តតាមគោលការណ៍ផ្ទៃក្នុងដែលមានចែងនោះទេ គឺវាខុសពីលក្ខខណ្ឌរបស់គណបក្ស។
លោកបន្តថា៖ «ការគំរាមកំហែងណាមួយ ទៅលើបុគ្គលណាមួយ ក៏មិនគួរណាកើតមានដែរពីព្រោះពាក្យថាគំរាមកំហែង គឺមានន័យថាធ្វើអ្វីដែលវាខុសអំពីការសម្រេចចិត្តរបស់គេ»។
គួរបញ្ជាក់ថា ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយការបោះឆ្នោតអសកលនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៣រសៀល។ គណបក្សនយោបាយ ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មានចំនួន ៤គណបក្ស ក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ៕