គណៈ​កម្មាធិ​ការជាតិរៀបចំការបោះឆ្នោត (គ​.ជ.ប) អំពាវនាវឱ្យគណបក្សនយោបាយដែលគ្មានឈ្មោះក្នុងបញ្ជីបញ្ឈប់នូវរាល់សកម្មភាពគំរាមកំហែង និងញុះញង់ទៅលើអ្នកបោះឆ្នោតឱ្យបោះឆ្នោតជូនគណបក្សខ្លួន ខណៈការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខិតជិតមកដល់។

យោងតាម​សេចក្តីថ្លែងការណ៍របស់ក្រុមប្រតិកម្មព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចុះ​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានលើកឡើងថា ក្នុងពេលថ្មីៗនេះ មានគណបក្ស​នយោបាយ​មួយ ដែលគ្មានបញ្ជីបេក្ខជន​ឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពគំរាម​កំហែងសមាជិក​ក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួន ជាអ្នកបោះឆ្នោត ឱ្យបោះឆ្នោត​ជូនគណបក្សនេះឬគណបក្ស​នោះ ដែលជាការំលោភសិទ្ធិ​ក្នុងការ​សម្រេច​ចិត្ត​របស់អ្នកបោះឆ្នោត រំលោភ​ការសម្ងាត់​នៃ​ការ​បោះឆ្នោត និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។

ករណីនេះ គ.ជ.ប បាន​អំពាវនាវថា៖ «សូមអំពាវនាវឱ្យគណបក្សនយោបាយ​ដែល​ធ្វើសកម្ម​ភាព​ខុស​ច្បាប់ បញ្ឈប់​ជាបន្ទាន់ ដើម្បីឱ្យការឃោសនាបោះឆ្នោតប្រព្រឹត្តិទៅដោយរលូន ក៏ដូចជាការ​បោះឆ្នោតទទួលបានជោគជ័យ។ ករណីនៅតែប្រព្រឹត្តខុសច្បាប់ទៀត គណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត​ នឹងចាត់វិធានការ​តាមផ្លូវច្បាប់ជាធរមាន»។

ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ គ.ជ.ប ក៏បានលើកឡើង​នូវ​​មាត្រាទី៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តដែលត្រូវយកមកអនុវត្តក្នុងការបោះឆ្នោតជ្រើសតាំងសមា​ជិក​​ព្រឹទ្ធសភា ដែល​បានចែងថា «…គ្រប់គណបក្សនយោបាយ បេក្ខជនឬអ្នកគាំទ្រទាំងអស់​មិន​ត្រូវធ្វើការគំរាមកំហែង បំភិតបំភ័យ និងលួងលោមឱ្យបុគ្គលផ្តិតមេដៃ ឬស្បថ ឬ​សន្យា​​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ណាមួ​យ​ឡើយ…»។

អ្នកនាំពាក្យ គ.​ជ.ប លោកហង្ស ពុទ្ធា មានប្រសាសន៍ថា សេចក្តីថ្លែងការណ៍នេះ ជាការ​​ក្រើនរំលឹ​ក​ដល់គ្រប់​គណបក្សនយោបាយ ត្រូវ​គោរពទៅតាមច្បាប់ស្តីពី​គណបក្សនយោបាយ​។

លោកថា៖ «ការក្រើនរំលឹកនេះ គ្រាន់តែជាចង់ឱ្យមានការយកចិត្តទុកដាក់[…] និងសកម្មភាពទាំង​ឡាយណាដែ​ល​ពាក់ព័ន្ធនឹងការឃោសនានេះ គឺត្រូវអនុវត្តទៅតាមច្បាប់ តាមបទបញ្ជានិង​និតិវិធីដែលមានជាធរមាន»។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែកុម្ភៈដដែលនេះ ក៏បានចេញសេចក្តីប្រកាសព័ត៌មាន​មួយ ​អំពាវដល់គ្រប់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវស្រប​តាម​ច្បាប់ស្តីពី​គណបក្សនយោបាយ អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ និង​លិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយជៀសវាងនូវការធ្វើសកម្មភាពគំរាមកំហែងបង្ខិតបង្ខំដល់អ្នកបោះឆ្នោត ដើម្បីធានា​ឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ការអំពាវនាវរបស់ក្រសួងមហាផ្ទៃ បានធ្វើឡើង​ក្រោយពីក្រសួងសង្កេតឃើញមានគណបក្ស​នយោបាយ​ខ្លះ បាននិងកំពុងធ្វើសកម្មភាពបង្ខំតបង្ខំសមាជិកក្រុមប្រឹក្សា​ឃុំសង្កាត់ ដែលជា​អ្នក​បោះឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា​ ឱ្យ​បោះឆ្នោត​ជូនគណបក្ស​នយោបាយដែលខ្លួនតម្រូវ ហើយបានគំរាម​កំហែងដល់អ្នកបោះឆ្នោត​ទាំងនោះថា «បើនរណា​មិនបោះឆ្នោត​ឱ្យគណបក្សដែលខ្លួនណែនាំនោះទេ អ្នកមានសិទ្ធិបោះឆ្នោតទាំងនោះ នឹងត្រូវប្រឈមនឹងការបណ្តេញចេញពីសមាជិកគណបក្ស និងដកតួនាទីពីសមាជិកក្រុមប្រឹក្សា​ឃុំសង្កាត់ជាដើម។

អ្នកនាំពាក្យគណបក្សប្រជា​ជនកម្ពុជា លោកសុខ ឥសាន យល់ថា ជាការចម្លែក​ដែលគណបក្សមិនមានឈ្មោះនៅក្នុងការបោះឆ្នោត​ជ្រើសតាំងសមាជិកព្រឹទ្ធសភា បែរទៅធ្វើការណែនាំដល់អ្នកបោះឆ្នោត ឱ្យបោះឆ្នោតឱ្យគណបក្សនេះឬគណបក្សនោះ និងទៅ​ធ្វើការឃោសនាទៅវិញ។

លោកថា៖ «អាហ្នឹងវាខុសអំពី​ទម្លាប់​ដែល​មាន​ក្នុង​ការ​បោះឆ្នោត វាមានតែគណបក្សប្រកួតប្រជែងទេ ដែលមាន​សិទ្ធិ​ធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដល់គណបក្សអត់មានចុះឈ្មោះ ចុះ​បញ្ជី​នៅ គ​.ជ.ប ហើយឈរឈ្មោះប្រកួតប្រជែងផង ទៅឃោសនា[…] ហ្នឹងជាបញ្ហាដែលអនុវត្តន៍ផ្ទុញពីគោលការណ៍ច្បាប់ស្តីពីគណបក្សនយោបាយ»។

ស្របពេលគ្នានេះដែរ គណបក្សចំនួន៦ ក៏បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ នៅថ្ងៃទី១៥ និងទី១៦ ខែកុម្ភៈនេះ ដោយបាន​អំពាវនាវ​ដល់​អ្នកមានសិទ្ធបោះឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា រក្សាស្មារតីនឹងនរ និងកុំខ្លាចនូវការគំរាមកំហែងនានា ហើយចូលរួមបោះឆ្នោត​ជូនគណបក្សដែលខ្លួនពេញចិត្ត ដោយសេរី និងសម្ងាត់។ ក្នុងចំណោមនោះ គណបក្សមួយចំនួន ក៏បានស្នើដល់ក្រសួង​មហា​ផ្ទៃ មានវិធានការចំពោះគណបក្សនយោបាយណា​ ដែលបង្កបញ្ហាដល់ការបោះឆ្នោតឱ្យបាន​តឹងរឹងផងដែរ។

គណបក្សនយោបាយទាំងនោះ រួមមាន គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សអំណាចប្រជាពលរដ្ឋ គណបក្សឯកភាពជាតិខ្មែរ គណបក្សម៉ូលីណាកា គណបក្សមហាសាមគ្គីជាតិ​ខ្មែរ និងគណបក្សខ្មែរតែមួយ។ 

ចំណែក អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ មានប្រសាសន៍ថា គណបក្ស​ភ្លើងទៀន ជាគណបក្សមួយដែលតែងតែគោរព​ច្បាប់ទាំងអស់ ដូចជា ច្បាប់​ស្តី​ពីគណបក្សនយោបាយ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ឬច្បាប់នានា​ដែលចូល​ជាធរមានផ្សេងៗជាដើម។

លោកអះអាងថា កន្លងមក អង្គបោះឆ្នោតគណបក្សភ្លើងទៀន ក៏រងនៅការបំភ័យបំភិត រងនូវការ​ទទួល​លួង​លោម​ក្នុងគោលបំណងទិញដូរសន្លឹកឆ្នោត ពីសំណាក់បុគ្គល​មួយចំនួន​នៅក្នុងខេត្តដែលពួកគេរស់នៅ​ខ្លះ​ដែរ ហើយករណីនេះ ក៏ជាក្តីបារម្ភមួយរបស់គណបក្សខ្លួន។

លោកថ្លែង​​ថា៖ «យើងក៏អំពាវនាវស្នើសុំឱ្យមានការបញ្ឈប់រាល់​សកម្មភាពទាំងឡាយណាដែលធ្វើ​ឡើងក្នុងគោលបំណងដើម្បីគាបសង្កត់ បំភ័យ ឬក៏ការទិញដូរទឹកចិត្ត ទិញដូរសន្លឹកឆ្នោត ពីព្រោះសកម្មភាពទាំងអស់នេះ វាប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់អង្គបោះឆ្នោត វាប៉ះពាល់ដល់អង្គបោះឆ្នោត វាប៉ះ​ពាល់ដល់​លទ្ធផល​នៃ​ការបោះឆ្នោតដោយអសកលនាពេលខាងមុខ»។

អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​និង​តស៊ូមតិ​នៃ​អង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស ​មានប្រសាសន៍​ថា ជាទូទៅ ​​គណបក្សនីមួយៗ មានគោលការណ៍ផ្ទៃក្នុងរបស់ខ្លួន ដែលត្រូវឱ្យ​សមាជិក​​អនុវត្តតាម ហើយប្រសិនជាមិនអនុវត្តតាមគោលការណ៍ផ្ទៃក្នុងដែលមានចែងនោះទេ គឺវាខុសពីលក្ខខណ្ឌរបស់គណបក្ស​។

លោកបន្តថា៖ «ការគំរាមកំហែងណាមួយ ទៅលើបុគ្គលណាមួយ ក៏មិនគួរណាកើតមាន​ដែរពីព្រោះពាក្យថាគំរាមកំហែង គឺមានន័យថាធ្វើអ្វីដែលវាខុសអំពីការសម្រេចចិត្តរបស់គេ»។

គួរបញ្ជាក់ថា ការឃោសនា​បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយការបោះឆ្នោតអ​សកលនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៣រសៀល។ គណបក្សនយោបាយ​ ដែលបាន​ឈរឈ្មោះបោះឆ្នោត​ជ្រើសតាំងសមាជិកព្រឹទ្ធសភា មានចំនួន​ ៤គណបក្ស ក្នុងនោះ​​មាន​ គណបក្សប្រជាជនកម្ពុជា គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្សឆន្ទៈខ្មែរ និងគណបក្ស​កម្លាំងជាតិ៕