សាលាដំបូងខេត្តព្រះសីហនុ សម្រេចផ្តន្ទាទោសជនជាតិចិន(តៃវ៉ាន់)ចំនួន ២នាក់ ដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ៤លានរៀល ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ក្រោយផលិតមាតិកាប៉ះពាល់ដល់កិត្តិយស និងសណ្ដាប់ធ្នាប់នៅខេត្តព្រះសីហនុ។
ជនជាតិចិន(តៃវ៉ាន់)ទាំង ២នាក់នេះ ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្រាវជ្រាវ និងឃាត់ខ្លួន កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅបន្ទប់ខុនដូមួយកន្លែង ក្នុងខេត្តព្រះសីហនុ។
យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ របស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ស្តីពី ចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណី ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណីញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តដោយឈ្មោះ CHEN NENG CHUAN ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ ចិន(តៃវ៉ាន់) និងឈ្មោះ LU TSU HSIEN ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន (តៃវ៉ាន់)។
សេចក្តីប្រកាសព័ត៌មានដដែល បន្ថែមថា បុគ្គលទាំង២នាក់នេះ បានចូលមកប្រទេសកម្ពុជា ក្នុងគោលបំណងផលិតវីដេអូបំភ្លើសការពិត អំពីសកម្មភាពពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការបង្ខាំងធ្វើទារុណកម្ម អំពើចាប់រំលោភ និងការលក់សរីរាង្គមនុស្ស។
បើតាមសេចក្តីប្រកាសព័ត៌មាន សាលាដំបូងខេត្តព្រះសីហនុ បានបើកសវនការលើសំណុំរឿងនេះភ្លាមៗនៅថ្ងៃទី១៥ ខែកុម្ភៈ ដោយបានសម្រេចផ្តន្ទាទោសជនជាប់ចោទទាំង២រូប ដាក់ពន្ធនាគារក្នុងម្នាក់ៗរយៈពេលកំណត់ ២ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ៤លានរៀល ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ ដោយបទល្មើសប្រព្រឹត្តនៅភូមិទី៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។
កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅអគារមួយ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជនជាតិចិន(តៃវ៉ាន់)ទាំង២រូបនេះ បានថតសំដែង ផ្សាយផ្ទាល់ចេញពីគណនី Facebook ឈ្មោះ WA AN XIAO JI ដែលមានសកម្មភាព ត្រូវបានសន្តិសុខចាប់ខ្លួន និងវាយដំ។ នៅថ្ងៃបន្ទាប់បុគ្គលទាំង២រូបខាងលើ បានថតសំដែងផ្សាយផ្ទាល់សារជាថ្មីម្តងទៀត ចេញពីទីតាំងម្តុំឆៃណាថោន ស្ថិតក្នុងក្រុងព្រះសីហនុ ដែលមានសកម្មភាពរត់គេចខ្លួន មានការភ័យខ្លាច និងនិយាយជាភាសាចិនមានអត្ថន័យថា «ខ្លួនត្រូវបានគេតាមចាប់វាយធ្វើបាប និងស្រែកឱ្យគេជួយ»។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ស រដ្ឋា បានឱ្យដឹងថា ការថតវីដេអូនេះ គឺដើម្បីឱ្យមានភាពល្បីល្បាញនៅលើបណ្តាញសង្គម ប៉ុន្តែវាបានប៉ះពាល់ដល់កិត្តិយសកម្ពុជា។
លោកថ្លែងថា៖ «ពាក់ព័ន្ធនឹងការធ្វើវីដេអូសកម្មភាពនេះ គឺប៉ះពាល់ដល់មុខមាត់កម្ពុជាយើងទាំងមូល ហើយអ្វីដែលគាត់ថតនេះ ដើម្បីភាពល្បីល្បាញ ហើយគាត់យកទៅបង្ហោះលក់ផលិតផលរបស់គាត់តាមអនឡាញ»។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ទាក់ទងនឹងការឃាត់ខ្លួនជនជាតិចិន(តៃវ៉ាន់)ទាំង២នាក់នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងដែរថា ក្រោយការឃាត់ខ្លួនជនសង្ស័យ កម្លាំងសមត្ថកិច្ចជំនាញ បានដកហូតវត្ថុតាងបានដូចជា ស្រោមមុខខ្មោច កាំភ្លើងជ័រ សំលៀកបំពាក់ទាហានប៉ារ៉ា ទូរស័ព្ទដៃ សម្ភារៈឧបករណ៍ផលិត Video Live និងសម្ភារៈបម្រើឱ្យការថតវីដេអូមួយចំនួនទៀត។
អភិបាលខេត្តរូបនេះ បន្តថា ជនជាតិចិនតៃវ៉ាន់ទាំង២នាក់នេះ មានគម្រោងមកថតនៅប្រទេសកម្ពុជា តាំងពីពាក់កណ្តាលខែមករាមក ហើយពួកគេបានមកដល់ព្រលានយន្តហោះភ្នំពេញកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក គួច ចំរើន ថ្លែងថា៖ «ក្នុងចម្លើយរបស់គាត់[ជនជាប់ចោទ] គាត់ធ្លាប់ទៅដើរថតនេះតាំងពីនៅប្រទេសចិន ថតនៅប្រទេសសឹង្ហបុរី នៅប្រទសជប៉ុន នៅប្រទេសថៃ នៅប្រទេសម៉ាឡេ ប្រទេសហ្វីលីពីន អីចឹងគាត់បានដើរថតសម្តែង ប៉ុន្តែភាគច្រើនរឿងរ៉ាវដែលនៅបណ្តាប្រទេសទាំងអស់ហ្នឹងគឺគាត់ថតជារឿងខ្មោចរឿងអីដែលធ្វើឱ្យមានការចាប់អារម្មណ៍ ដូចដែលយើងចូលឆែកនៅក្នុងលីងរបស់គាត់ដើម្បីមើលការផ្សព្វផ្សាយកន្លងទៅ»។
លោកបន្ថែមថា៖ «ឯមកដល់យើង[កម្ពុជា]នេះ គាត់មិនមែនត្រឹមសម្តែងជារឿងខ្មោច ប៉ុន្តែគាត់ទៅសម្តែងថាវាមានករណីនៃការចាប់ជំរិត ការវាយដុំគាត់អីអញ្ចឹងទៅ អាហ្នឹងដែលវាប៉ះពាល់ វាបង្កឱ្យមានស្ថានភាពវឹកវធ្ងន់ធ្ងរនៅស្រុកយើង គឺនៅចំណុចហ្នឹង បើគាត់ត្រឹមថតរឿងខ្មោចរឿងអី អាហ្នឹងអាចចាត់ទុកថាគាត់ធ្វើដើម្បីគ្រាន់តែជាការទាក់ទាញ ប៉ុន្តែនេះវាមិនមែនអីចឹង វាធ្វើឱ្យទៅជាមានការយល់ច្រឡំ ថាទឹកដីរបស់យើងនេះពោរពេញទៅដោយឧក្រិដ្ឋកម្ម ដែលយើងមិនអាចលើកលែងឱ្យគាត់បានទេ ត្រូវតែឱ្យគាត់ទទួលខុសត្រូវចំពោះមុខច្បាប់»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សាទរចំពោះចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ចជុំវិញករណីនេះ ខណៈលោកថា កាលដែលយកទឹកដីកម្ពុជាដើម្បីធ្វើរឿងខុសច្បាប់ ឬបទល្មើសតាមប្រព័ន្ធអនឡាញ បង្កឱ្យមានផលប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។
លោកបន្ថែមថា៖ «បច្ចុប្បន្នបទល្មើសទំនើបកម្មតាមប្រព័ន្ធបច្ចេកវិទ្យា បានកើតឡើងជាបន្តបន្ទាប់ ដូច្នេះអាជ្ញាធរត្រូវពង្រឹងវិធានការទប់ស្កាត់ និងបង្រ្កាបបទល្មើសទាំងនោះឱ្យមានប្រសិទ្ធិភាព ជាពិសេសគឺការបណ្តុះបណ្តាលបន្ថែមលើសមត្ថកិច្ចជំនាញលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីរត់ឱ្យទាន់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា»៕