សាលាដំបូងខេត្តព្រះសីហនុ សម្រេច​ផ្តន្ទាទោសជនជាតិចិន​(តៃវ៉ាន់)ចំនួន ២នាក់ ដាក់​ពន្ធនាគាររយៈពេល​ ២ឆ្នាំ និង​​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​ចំនួន ៤លា​នរៀល ពីបទ ញុះ​ញង់​បង្ក​ឱ្យមាន​ភាពវឹក​វរ​ធ្ងន់ធ្ងរ​ដល់ស​ន្តិសុខ​សង្គម ក្រោយផលិតមាតិកាប៉ះពាល់ដល់កិត្តិយស និង​សណ្ដាប់ធ្នាប់​នៅខេត្តព្រះសីហនុ។

ជនជាតិចិន(តៃវ៉ាន់)ទាំង ២នាក់នេះ ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ​ស្រាវ​ជ្រាវ និង​​ឃាត់​ខ្លួន កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ​នៅបន្ទប់ខុនដូមួយកន្លែង ក្នុង​ខេត្តព្រះសីហនុ។

យោងតាមសេចក្តីប្រកាសព័ត៌មានចុះ​ថ្ងៃទី១៥​ ខែកុម្ភៈ ឆ្នាំ២០២៤ របស់សាលាដំបូង និងអយ្យ​ការ​អម​សាលា​ដំបូង​ខេត្ត​ព្រះសី​ហនុ ស្តីពី ចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណី ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ​អយ្យ​ការ​អមសាលាដំបូងខេត្ត​ព្រះសីហនុ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹង​ករណី​ញុះញង់បង្កឱ្យមានភាពវឹកវរ​ធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តដោយឈ្មោះ CHEN NENG CHUAN ភេទប្រុស អាយុ​៣១ឆ្នាំ ជនជាតិ ចិន(តៃវ៉ាន់) និងឈ្មោះ LU TSU HSIEN ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន (តៃវ៉ាន់)។ ​

សេចក្តីប្រកាសព័ត៌មានដដែល ​បន្ថែមថា បុគ្គលទាំង២នាក់​នេះ ​បាន​ចូល​មកប្រទេសកម្ពុជា​ ក្នុងគោល​បំណង​ផលិត​វីដេអូបំភ្លើស​ការពិត អំពីសកម្មភាពពាក់ព័ន្ធ​នឹងការជួញដូរមនុស្ស ការ​បង្ខាំងធ្វើទា​រុណ​កម្ម អំពើចាប់រំលោភ និងការលក់សរីរាង្គមនុស្ស​​។

បើតាមសេចក្តីប្រកាសព័ត៌មាន សាលាដំបូងខេត្តព្រះសីហនុ បានបើកសវនការលើ​សំណុំរឿង​នេះភ្លាមៗនៅថ្ងៃទី១៥ ខែកុម្ភៈ ដោយបានសម្រេចផ្តន្ទាទោស​ជនជាប់ចោទទាំង២រូប ដាក់​ពន្ធនាគារ​​ក្នុងម្នាក់ៗរយៈពេលកំណត់ ២ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ៤លានរៀល ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៤ និង​៤៩៥ នៃក្រមព្រហ្មទណ្ឌ ដោយបទល្មើស​​​ប្រព្រឹត្តនៅភូមិទី៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។  

កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅអគារមួយ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជនជាតិចិន(តៃវ៉ាន់)ទាំង២រូបនេះ បានថតសំដែង ផ្សាយផ្ទាល់ចេញពីគណនី Facebook ឈ្មោះ WA AN XIAO JI ដែលមានសកម្មភាព ត្រូវបានសន្តិសុខចាប់ខ្លួន និងវាយដំ។ នៅថ្ងៃបន្ទាប់​បុគ្គលទាំង​២រូបខាង​លើ បាន​ថត​សំដែង​​ផ្សាយ​ផ្ទាល់សារ​​ជាថ្មីម្តងទៀត ចេញពីទីតាំងម្តុំឆៃណាថោន ស្ថិត​ក្នុងក្រុងព្រះសីហនុ ​ដែលមានសកម្មភាពរត់គេចខ្លួន មានការភ័យខ្លាច និងនិយាយជាភាសាចិនមានអត្ថន័យថា «ខ្លួនត្រូវបានគេតាមចាប់វាយធ្វើបាប និងស្រែកឱ្យគេជួយ»​។

ស្នងការនគរបាលខេត្តព្រះសីហនុ លោក ស​ រដ្ឋា បានឱ្យដឹងថា ការថតវី​ដេអូនេះ គឺដើម្បីឱ្យ​មាន​ភាព​ល្បីល្បាញនៅលើបណ្តាញសង្គម ប៉ុន្តែវាបានប៉ះពាល់ដល់កិត្តិយសកម្ពុជា​។​

លោកថ្លែងថា៖ «ពាក់ព័ន្ធនឹងការធ្វើវីដេអូសកម្មភាពនេះ គឺប៉ះពាល់ដល់មុខមាត់កម្ពុជាយើងទាំងមូល ហើយអ្វីដែលគាត់ថតនេះ ដើម្បីភាពល្បីល្បាញ ហើយគាត់យកទៅបង្ហោះលក់​ផលិតផលរបស់គាត់តាមអនឡាញ»។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ទាក់ទងនឹងការឃាត់ខ្លួនជនជាតិចិន(តៃវ៉ាន់)ទាំង២នាក់នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងដែរ​ថា ​ក្រោយការឃាត់ខ្លួនជនសង្ស័យ កម្លាំង​សមត្ថកិច្ចជំនាញ បានដកហូតវត្ថុតាង​បាន​ដូចជា​ ស្រោមមុខ​ខ្មោច កាំភ្លើងជ័រ សំលៀកបំពាក់ទាហានប៉ារ៉ា ទូរស័ព្ទដៃ សម្ភារៈ​ឧបករណ៍ផលិត​ Video Live និងសម្ភារៈបម្រើឱ្យ​ការថតវីដេអូមួយចំនួនទៀត។

អភិបាល​ខេត្តរូបនេះ បន្ត​​ថា ជនជាតិចិនតៃវ៉ាន់ទាំង២នាក់នេះ មានគម្រោងមកថតនៅប្រទេសកម្ពុជា តាំងពីពាក់​កណ្តាលខែមករាមក ហើយ​ពួកគេ​​បានមកដល់ព្រលាន​យន្តហោះភ្នំពេញកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក គួច ចំរើន ថ្លែងថា៖ «ក្នុងចម្លើយរបស់គាត់[ជនជាប់ចោទ] គាត់ធ្លាប់ទៅដើរថតនេះតាំងពីនៅប្រទេស​​ចិន​ ថតនៅប្រទេសសឹង្ហបុរី នៅប្រទសជប៉ុន នៅប្រទេស​ថៃ នៅ​ប្រទេសម៉ាឡេ ប្រទេស​ហ្វីលីពីន អីចឹងគាត់បានដើរថតសម្តែង ប៉ុន្តែភាគច្រើនរឿងរ៉ាវដែល​នៅបណ្តាប្រទេសទាំងអស់ហ្នឹង​គឺគាត់ថតជារឿងខ្មោចរឿងអី​ដែលធ្វើឱ្យមានការចាប់អារម្មណ៍ ដូចដែលយើងចូលឆែកនៅក្នុងលីងរបស់គាត់ដើម្បីមើលការផ្សព្វផ្សាយកន្លងទៅ»។

លោកបន្ថែមថា៖ «ឯមកដល់យើង[កម្ពុជា]នេះ គាត់មិនមែន​​ត្រឹម​សម្តែងជារឿងខ្មោច ប៉ុន្តែគាត់ទៅសម្តែងថា​វាមានករណី​នៃការចាប់ជំរិត ការវាយដុំគាត់អី​អញ្ចឹង​ទៅ​ អាហ្នឹង​ដែល​វា​​ប៉ះពាល់ វា​បង្កឱ្យ​មានស្ថានភាពវឹកវធ្ងន់​ធ្ងរនៅស្រុក​​យើង​ គឺនៅ​ចំណុច​ហ្នឹង​ បើគាត់ត្រឹម​ថតរឿងខ្មោចរឿងអី អាហ្នឹងអាចចាត់ទុកថា​​គាត់​ធ្វើដើម្បីគ្រាន់តែជាការទាក់ទាញ ប៉ុន្តែនេះ​វា​មិន​មែន​អីចឹង វាធ្វើឱ្យ​ទៅ​ជា​មាន​ការ​យល់​ច្រឡំ ថា​ទឹកដីរបស់យើងនេះ​​ពោរពេញទៅដោយឧក្រិដ្ឋ​កម្ម ដែលយើងមិនអាចលើកលែងឱ្យគាត់បានទេ ត្រូវតែឱ្យគាត់ទទួលខុស​ត្រូវចំពោះមុខច្បាប់»។   ​

នាយកទទួលបន្ទុកកិច្ចការទូទៅ​នៃអង្គការការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត​ សាទរ​ចំពោះ​​​ចំណាត់​ការ​របស់អាជ្ញាធរមានសមត្ថកិច្ចជុំវិញករណីនេះ ខណៈលោកថា កាលដែល​​យក​ទឹ​ក​ដី​កម្ពុជាដើម្បីធ្វើរឿងខុសច្បាប់ ឬបទល្មើសតាមប្រព័ន្ធអនឡាញ បង្កឱ្យមាន​ផលប៉ះពាល់ដល់​​សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

លោកបន្ថែមថា៖ «​បច្ចុប្បន្នបទល្មើសទំនើបកម្មតាមប្រព័ន្ធបច្ចេកវិទ្យា បានកើតឡើងជាបន្តបន្ទាប់ ដូច្នេះអាជ្ញាធរ​ត្រូវពង្រឹង​វិធានការទប់ស្កាត់ និងបង្រ្កាបបទល្មើសទាំងនោះឱ្យមានប្រសិទ្ធិភាព ជាពិសេសគឺការបណ្តុះបណ្តាលបន្ថែមលើសមត្ថកិច្ចជំនាញ​លើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីរត់ឱ្យទាន់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា»៕