ការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ពីចាក់អង្រែក្រោមទៅព្រែកប្រា ដែលគ្រោងចំណាយទឹកប្រាក់៦០លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានបើកជាផ្លូវការ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។
ស្ពានបេតុងភ្លោះឆ្លងកាត់ទន្លេបាសាក់ថ្មីនេះ នឹងតភ្ជាប់ពីត្រើយខាងលិចទន្លេបាសាក់ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ទៅត្រើយខាងកើតខាងកើតទន្លេបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ស្ពានថ្មីនេះ គ្រោងនឹងសាងសង់ក្នុងរយៈពេល ៤២ខែ មានប្រវែង ៨៤៥,៧ ម៉ែត្រ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៧។
ថ្លែងក្នុងពិធីបើកសម្ពោធការដា្ឋនសាងសង់ស្ពានកាត់ទន្លេបាសាក់ នៅព្រឹកថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងថា ផ្លូវ ស្ពាន ជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងអាទិភាពគន្លឹះទាំង៥ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
លោក ហ៊ុន ម៉ាណែត បន្ថែមថា៖ «ស្ពាននេះមិនសំដៅសម្រាប់ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ក្នុងការជួយសម្រួលក្នុងការធ្វើដំណើរពីត្រើយខាងកើតទៅត្រើយខាងលិច បានឆាប់រហ័ស និងសុវត្ថិភាព»។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា ស្ពានភ្លោះនេះ មានទទឹងសរុប ២៧ម៉ែត្រ ក្នុងស្ពាននីមួយៗ មានទទឹង ១៣,២៥ម៉ែត្រ អ៊ុយកៅស៊ូ AC កម្រាស់ ១០សង់ទីម៉ែត្រ។ ស្ពាននីមួយៗ មានគន្លង ២សម្រាប់រថយន្តប្រវែង២,៥ម៉ែត្រ ១គន្លងសម្រាប់ទោចក្រយានយន្តប្រវែង២,៥ម៉ែត្រ និង១គន្លងសម្រាប់ថ្មើរជើងប្រវែង២ម៉ែត្រទៅមក ជាមួយនឹងបង្កាន់ដៃស្ពានសងខាងប្រវែង ១,២៥ម៉ែត្រ គម្លាតសុវត្ថិភាពប្រវែងកន្លះម៉ែត្រ និងមានទំហំឆ្លងកាត់សម្រាប់នាវាចរផ្នែកខាងក្រោមស្ពានទំហំ ៩០ម៉ែត្រ គុណ ១១,៥ម៉ែត្រ។
លោក ប៉េង ពោធិ៍នា បន្ថែមថា៖ «ផ្លូវតភ្ជាប់ក្បាលស្ពាននេះ នឹងត្រូវស្ថាបនាទៅតាមលក្ខណៈបច្ចេកទេស ក្នុងនោះផ្លូវតភ្ជាប់ពីក្បាលស្ពានត្រើយខាងលិច មានប្រវែង ៣៧៩,១៥ម៉ែត្រ និងត្រើយខាងកើត មានប្រវែង ៤២៥,១៥ម៉ែត្រ នឹងត្រូវស្ថាបនាជាប្រភេទផ្លូវបេតុងកៅស៊ូ AC អ៊ុតកម្រាស់ ៩សង់ទីម៉ែត្រ ទទឹង២០ម៉ែត្រ លើទទឹងតួផ្លូវរួម ២៧ម៉ែត្រ»។
ស្ពានថ្មីនេះ នឹងតភ្ជាប់ត្រើយខាងលិចទៅកាន់មហាវិថី ឈុន គង់ ដែលកំពុងសាងសង និងមហាវិថីសម្តេច ហ៊ុន សែន ៦០ ម៉ែត្រ តភា្ជប់នឹងផ្លូវជាតិលេខ២។ ត្រើយខាងកើតវិញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ១ និងផ្លូវលេខ ១១០ មកកាន់រាជធានីភ្នំពេញ និងខេត្តកណ្តាល។ នេះបើតាមលោក ប៉េង ពោធិ៍នា។
ស្ពានឆ្លងកាត់ទន្លេបាសាក់ថ្មីនេះ ជាស្ពានទី៧ ឆ្លងកាត់ទន្លេបាសាក់ ក្នុងចំណោមស្ពានសាងសង់រួចដូចជា ស្ពានឆ្លងកោះពេជ្រ-កោះនរា ស្ពានព្រះមុនីវង្សទាំង២ ស្ពានសំរោង ស្ពានកោះអន្លង់ចិន និងស្ពានកោះធំ។
ស្ពានបេតុងភ្លោះថ្មីនេះ ស្ថិតក្រោមឥណទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ ដោយគ្រោងចំណាយទឹកប្រាក់សរុប ៦០,២ លានដុល្លារអាមេរិក។ ស្ពាននេះស្ថិតក្រោមការសាងសង់របស់ក្រុមហ៊ុនសំណង់សៀងហៃ និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអានរបស់ប្រទេសចិន។
បើតាមហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះផ្សាយថ្ងៃចន្ទនេះបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេបាសាក់នេះ ជាស្ពានទី១៦ ក្នុងចំណោមស្ពានធំៗ ធ្វើឡើងក្រោមឥណទានសម្បទានពីប្រទេសចិន៕