គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល រកឃើញបេក្ខជនបន្លំអត្តសញ្ញាណប្រឡងជំនួសក្នុងការប្រឡងថ្នាក់ជាតិ ដើម្បីចូលរៀនឆ្នាំមូលដ្ឋាន នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ចំនួន៤ករណី។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលនៃទីស្តីការគណៈរដ្ឋមន្ត្រី ចេញកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ បង្ហាញថា គណៈកម្មាធិការប្រឡងថ្នាក់ជាតិ បានរកឃើញករណីបេក្ខជនក្លែងបន្លំអត្តសញ្ញាណដើម្បីប្រឡងជំនួសបេក្ខជនដទៃ ក្នុងការប្រឡងថ្នាក់ជាតិ ចំនួន៤ករណី។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖ «គណៈកម្មាធិការប្រឡងថ្នាក់ជាតិនឹងមាន វិធានការ តាមផ្លូវច្បាប់ចំពោះករណីទាំងបួនខាងលើ រួមទាំងបុគ្គលសមគំនិតដោយមិនមានការអត់ឱន»។
គណៈកម្មាធិការប្រឡងថ្នាក់ជាតិបន្ថែមដោយអំពាវនាវដល់ជនទាំងឡាយណាដែលកំពុងប្រព្រឹត្តនូវអំពើខុសច្បាប់ទាំងអស់ក្នុងការប្រឡងនេះ សុំដកខ្លួនចេញពីការប្រឡងជាបន្ទាន់។ ក្នុងករណីគណៈកម្មាធិការប្រឡងថ្នាក់ជាតិរកឃើញនឹងបន្តស្នើចាត់វិធានការតាមផ្លូវច្បាប់ជាបន្តទៀត៕