គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល រកឃើញ​​បេក្ខជន​បន្លំ​អត្ត​សញ្ញាណ​ប្រឡ​ងជំនួសក្នុងការប្រឡងថ្នាក់ជាតិ ដើម្បីចូលរៀនឆ្នាំមូលដ្ឋាន នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ចំនួន៤ករណី។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់បណ្តុះបណ្តាល​ក្នុងវិស័យសុខាភិបាល​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ចេញកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ​បង្ហាញ​ថា គណៈកម្មាធិការប្រឡងថ្នាក់ជាតិ បានរកឃើញ​ករណី​បេក្ខជន​ក្លែង​បន្លំ​អត្តសញ្ញាណ​​ដើម្បីប្រឡង​ជំនួសបេក្ខជនដទៃ ក្នុងការប្រឡងថ្នាក់ជាតិ ចំនួន៤ករណី។

សេចក្តីប្រកាសព័ត៌មានដដែល​បញ្ជាក់​​ថា៖ «គណៈកម្មាធិការប្រឡងថ្នាក់ជាតិនឹងមាន វិធានការ តាមផ្លូវច្បាប់ចំពោះករណីទាំងបួនខាងលើ រួមទាំងបុគ្គលសមគំនិតដោយមិនមានការអត់ឱន»។

គណៈកម្មាធិការប្រឡងថ្នាក់ជាតិ​​បន្ថែម​ដោយ​អំពាវនាវដល់ជនទាំងឡាយ​ណា​ដែលកំពុងប្រព្រឹត្តនូវអំពើខុសច្បាប់ទាំងអស់ក្នុងការប្រឡងនេះ សុំដកខ្លួនចេញពីការប្រឡងជា​បន្ទាន់។​ ក្នុងករណីគណៈកម្មាធិការប្រឡងថ្នាក់ជាតិរកឃើញនឹងបន្តស្នើចាត់វិធានការតាមផ្លូវច្បាប់ជាបន្តទៀត៕​​