អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ កុំមានការព្រួយបារម្ភអំពីបញ្ហាសន្តិសុខក្នុងរាជធានីភ្នំពេញដូចការចុះផ្សាយរបស់ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឡើង បន្ទាប់ពីស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជាកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បង្ហោះសារលើទំព័រហ្វេសប៊ុករបស់ខ្លួនអំពីការកើនឡើងនូវបញ្ហាចោរកម្មតាមដងផ្លូវ ដែលជនរងគ្រោះរួមមានជនជាតិរុស្ស៊ី។ ស្ថានទូតសហព័ន្ធរុស្ស៊ីក៏បានអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួនមានការប្រុងប្រយ័ត្ន មិនត្រូវយកឯកសារដើម និងរបស់មានតម្លៃជាប់ខ្លួន ព្រមទាំងដាក់នាមប័ណ្ណ ឬចំណាំលេខទូរសព្ទ័ក្នុងលិខិតឆ្លងដែនដើម្បីងាយស្រួលក្នុងការស្វែងរក និងប្រគល់ជូនម្ចាស់វិញជាដើម។
ស្នងការនគរបាលរាជធានីភ្នំពេញបន្ថែមក្នុងសេចក្តីប្រកាសព័ត៌មាននោះថា បច្ចុប្បន្ននេះស្ថានភាពសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅទីក្រុងភ្នំពេញមានភាពល្អប្រសើរ មិនដូចអ្វីដែលស្ថានទូតសហព័ន្ធរុស្សីលើកឡើងឡើយ។
ស្នងការនគរបាលរាជធានីបន្ថែមថា៖ «នគរបាលរាជធានីភ្នំពេញតែងតែយកចិត្តទុកដាក់ធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ដែលរស់ក្នុងរាជធានីភ្នំពេញ។ ក្នុងនោះគ្រប់បទល្មើសដែលកើតឡើង សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ តែងចាត់វិធានការរកដំណោះស្រាយ និងស្រាវជ្រាវ ជនបង្កមកដាក់ទោសតាមផ្លូវច្បាប់»។
ស្នងការដ្ឋាននគរបាលជាតិក៏បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រាយការណ៍អំពីហេតុការណ៍ភ្លាមៗមកកាន់ប៉ុស្តិ៍នគរបាលដែលនៅជិតបំផុត ឬតាមរយៈលេខទូរស័ព្ទ Hotline: ១១៧ និង០១២ ៩៩៩ ៩៩៩ ដើម្បីសមត្ថកិច្ចធ្វើការដោះស្រាយបានទាន់ពេល៕