អ្នកនាំពាក្យ​នៃ​​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​​ជាតិ និង​អន្តរជាតិ កុំ​មានការព្រួយ​បារម្ភ​អំពីបញ្ហា​សន្តិសុខ​​ក្នុង​រាជធានី​ភ្នំពេញ​ដូចការ​ចុះ​​ផ្សាយ​របស់​ស្ថានទូត​សហព័ន្ធរុស្ស៊ី​ប្រចាំកម្ពុជា។

​អ្នកនាំពាក្យ​នៃស្នងការដ្ឋាន​នគរបាលរាជធានី​ភ្នំពេញ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​​នៅ​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ​២០២៤ ​ឡើង បន្ទាប់ពីស្ថានទូត​សហព័ន្ធរុស្ស៊ី​ប្រចាំកម្ពុជា​កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បង្ហោះ​សារ​លើទំព័រហ្វេសប៊ុក​របស់​ខ្លួន​​អំពី​ការ​កើនឡើង​នូវ​បញ្ហាចោរកម្ម​តាម​ដង​ផ្លូវ ​ដែល​​ជន​រងគ្រោះ​រួម​មាន​ជន​ជាតិ​រុស្ស៊ី​។ ស្ថានទូតសហព័ន្ធ​រុស្ស៊ី​ក៏​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​​មាន​ការ​ប្រុង​ប្រយ័ត្ន មិនត្រូវយកឯកសារដើម និង​របស់​មាន​តម្លៃ​ជាប់​ខ្លួន​ ព្រមទាំង​​​ដាក់​នាមប័ណ្ណ ឬ​ចំណាំ​លេខ​ទូរសព្ទ័​ក្នុង​លិខិត​ឆ្លងដែន​​ដើម្បី​ងាយ​ស្រួល​ក្នុងការ​​ស្វែង​រក និងប្រគល់ជូនម្ចាស់វិញជាដើម។

ស្នងការនគរបាលរាជធានីភ្នំពេញ​បន្ថែម​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នោះ​ថា​ បច្ចុប្បន្ន​នេះ​ស្ថានភាព​សន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់ ​និងរបៀប​រៀបរយនៅទីក្រុងភ្នំពេញ​មាន​ភាព​ល្អប្រសើរ មិនដូចអ្វីដែល​ស្ថានទូត​សហព័ន្ធរុស្សី​លើកឡើងឡើយ។

​​​ស្នង​ការ​នគរបាល​រាជធានី​​​បន្ថែមថា​៖ «នគរបាលរាជ​ធានី​ភ្នំពេញ​តែង​តែយកចិត្តទុក​ដាក់​ធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំងអស់​ដែល​រស់​ក្នុង​រាជធានី​ភ្នំពេញ​។ ក្នុងនោះគ្រប់បទល្មើស​ដែលកើតឡើង​ សមត្ថកិច្ចនគរ​បាល​​រាជធានី​ភ្នំពេញ​ តែង​ចាត់វិធានការរកដំណោះ​ស្រាយ​ និង​ស្រាវ​ជ្រាវ​ ជនបង្កមកដាក់ទោស​តាមផ្លូវ​ច្បាប់»​។​

ស្នងការដ្ឋាន​នគរបាលជាតិ​ក៏​បាន​​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ ​រាយការណ៍​អំពីហេតុការណ៍​​ភ្លាមៗ​មកកាន់ប៉ុស្តិ៍នគរបាល​​ដែលនៅជិតបំផុត​ ឬតាម​រយៈលេខទូរស័ព្ទ Hotline: ១១៧ និង​០១២ ៩៩៩ ៩៩៩ ដើម្បី​សមត្ថកិច្ច​ធ្វើការ​ដោះស្រាយ​​បានទាន់ពេល​៕​