អង្គការសង្គមស៊ីវិល និងសហគមន៍ចំនួន២៣ រួមគ្នាស្នើឱ្យរដ្ឋាភិបាលពន្លឿនការអនុម័តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង ដោយសារការប្រើប្រាស់គ្រឿងស្រវឹងបង្កឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពសាធារណៈ និងសីលធម៌សង្គម។
បើតាមសេចក្ដីថ្លែងការណ៍រួមរបស់សង្គមស៊ីវិលទាំង២៣ ចេញនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ លើកឡើងថា ដើម្បីកាត់បន្ថយអត្រានៃការស្លាប់ដែលបណ្តាលមកពីផលប៉ះពាល់ដែលជាប់ពាក់ព័ន្ធនឹងគ្រឿងស្រវឹង តំណាង អង្គការ សមាគម សហគមន៍ និងតំណាងប្រជាពលរដ្ឋ សូមស្នើដល់រាជរដ្ឋាភិបាលកម្ពុជាពន្លឿន សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹងដែលបានព្រាង និងឆ្លងអន្តរក្រសួងរួចរាល់ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ ដើម្បីឆ្លងគណៈរដ្ឋមន្ត្រី និងបញ្ជូនទៅកាន់រដ្ឋសភាដើម្បីអនុម័ត។
លោក រស់ សុដ្ឋា នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) ដែលជាអង្គការមួយក្នុងចំណោមសង្គមស៊ីវិលទាំង២៣ លើកឡើងថា ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគួរធ្វើឡើងដោយគោរពសិទ្ធិមនុស្ស ដោយសារក្រុមហ៊ុនគ្រឿងស្រវឹងជាច្រើនបាននិងកំពុងផ្សាយធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិទាំងមូល។
លោកបានថ្លែងថា៖ «ទាំងអ្នកទទួលទាន ទាំងអ្នកដែលពាក់ព័ន្ធគឺថាសុទ្ធតែទទួលរងនូវគ្រោះថ្នាក់ តាំងពីគេថាភេសជ្ជៈស្រវឹងបង្កឱ្យមានគ្រោះថ្នាក់នេះឡើង ហើយធ្វើម្ដេចកុំឱ្យមនុស្សហ្នឹងកុំហូបស្រាពេក ឱ្យសេរីភាពខ្លះក្នុងការបម្រើសេចក្ដីចង់បានរបស់សង្គម ក៏ប៉ុន្តែកុំឲ្យអ្វីដែលងាយនឹងរងគ្រោះថ្នាក់ហ្នឹងវាងាយរកពេក វាស្រួលរកពេក វាថោកពេក ធ្វើឲ្យមនុស្សនឹងងាយរកបាន»។
លោកបន្ថែមដោយលើកឡើងពីផលប្រយោជន៍នៃសេចក្តីព្រាងច្បាប់នេះថា៖ «ច្បាប់នេះជួយធានាការអនុវត្ត ធានាឱ្យមនុស្សមានសុខភាពល្អ ធានាឱ្យការចំណាយប្រាក់កាសផ្ដេសផ្ដាសទៅលើរឿងអត់ប្រយោជន៍ យកប្រាក់កាសមកចាយលើធនធាន ហើយសល់លុយខ្លាំងបានជួយដល់សង្គម»។
លោក រស់ សុដ្ឋា បន្ថែមដោយជំរុញឱ្យក្រសួងសុខភិបាល ក្រសួងមហាផ្ទៃ និងក្រសួងពាណិជ្ជកម្ម ពន្លឿនកាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង។
Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងសុខាភិបាលបានទេ ដោយខលចូល តែមិនមានអ្នកទទួល។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោកប៉ែន សុវិជាតិ ឆ្លើយតបសាររបស់ Newsroom Cambodia តាមបណ្តាញសង្គមតេឡេក្រាមថា៖ «ក្រសួងពាណិជ្ជកម្មមិនមែនជាស្ថាប័នរៀបចំសេចក្តីព្រាងច្បាប់នេះទេ គឺក្រសួងសុខាភិបាល។ ដោយឡែកក្រសួងក៏មិនបានទទួលការស្នើសុំពីសង្គមស៊ីវិល ឬអង្គការក្រៅរដ្ឋាភិបាលដែរ»។
លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ Newsroom Cambodia ថា ក្រសួងមហាផ្ទៃគាំទ្រ សេចក្ដីព្រាងច្បាប់ ហើយក៏មានឆន្ទៈឱ្យមានច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹងនេះដែរ ។
លោកថ្លែងថា៖ «ការគ្រប់គ្រងសណ្ដាប់ឆ្នាប់សង្គម ជាពិសេសគឺបានចូលរួមចំណែកនៅក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់ របួស និងខូចខាតទ្រព្យសម្បត្តិផងដែរ»។
ពាក់ព័ន្ធនឹងពេលវេលានៃការអនុម័តសេចក្តីព្រាងច្បាប់នេះ លោក ទូច សុខៈ បន្ថែមថា៖ «ដោយឡែកពេលវេលានៃការបញ្ចប់ឈានទៅដល់ការអនុម័តឱ្យប្រើប្រាស់ច្បាប់ពេលណាក្រសួងមហាផ្ទៃគឺមិនមានយោបល់នោះទេ គ្រាន់តែអាចនិយាយបានថា ប្រហែលជាក្រសួងសាម៉ីលោកត្រូវការពេលវេលានៅក្នុងការពិនិត្យលក្ខណៈនៃបច្ចេកទេស ពិនិត្យជាមួយនឹងបទដ្ឋានគតិយុត្តផ្សេងៗ ពិនិត្យមើលស្ថានភាពសង្គមជាក់ស្ដែង និងការវិវឌ្ឍរបស់សង្គម និងការពាក់ព័ន្ធផ្សេងៗដទៃទៀត»។
ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបចំនួន ៣,៣១៧លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន១,៥៩០នាក់ និងរបួស៤,៥១៥នាក់ (ធ្ងន់២,៧៦៦នាក់)។ នេះបើតាមការផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៕