ក្រសួងកិច្ចការនារីនឹងប្រារព្ធយុទ្ធនាការទិវាអន្តរជាតិនារី ក្រោមប្រធានបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្នុងរយៈពេលមួយខែមីនាពេញ ដើម្បីរំលេចសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តី និងក្មេងស្រី ក្នុងវិស័យឌីជីថល ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។
យោងតាមលិខិតប្រកាសព័ត៌មានរបស់ក្រសួងកិច្ចការនារី ដែលត្រូវបានផ្សាព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួង នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បង្ហាញថា ជារៀងរាល់ឆ្នាំ យុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ធ្វើឡើងដើម្បីរំឮកពីការតស៊ូទាមទារសិទ្ធិស្មើគ្នា សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូប។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា យុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ខួបទី១១ ស្តីពី «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» នឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។ ពិធីអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅតាមក្រសួង និងស្ថាប័នពាក់ព័ន្ធនៅតាម រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនិងគ្រឹះស្ថានសិក្សា។
គួរបញ្ជាក់ថា មហាសន្និបាតអង្គការសហប្រជាជាតិបានប្រកាសថា ទិវាអន្តរជាតិ ៨មីនា ជាទិវារបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្ត្រី និងសន្តិភាពពិភពលោក កាលពីឆ្នាំ១៩៧៧៕