រាជរដ្ឋាភិបាលដាក់ចេញបទបញ្ជាឱ្យបង្កើនការត្រួតពិនិត្យជាប្រចាំ និងបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែងចំពោះមន្រ្តីរាជការ មន្រ្តីនគរបាលជាតិ យោធិន និងមន្រ្តីជាប់កិច្ចសន្យាគ្រប់ស្ថាប័នរដ្ឋដែលត្រូវបានរកឃើញថាមានការប្រើប្រាស់ ឬពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
យោងតាមបទបញ្ជាស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចេញកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បញ្ជាក់ថា គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រី រាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
បទបញ្ជាដដែលបន្ថែមថា៖ «គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថាមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់»។
បទបញ្ជាដដែលបន្ថែមថា ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ។
បទបញ្ជាដដែលបន្ថែមថា បទបញ្ជានេះដាក់ចេញដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ និងដើម្បីលើកកម្ពស់ជំនឿទុកចិត្តប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ៕