រាជរដ្ឋាភិបាល​ដាក់ចេញបទបញ្ជា​ឱ្យបង្កើន​ការត្រួតពិនិត្យ​​ជាប្រចាំ និង​បណ្តេញ​ចេញ​ពីក្រប​ខណ្ឌដោយគ្មានការលើកលែង​ចំពោះមន្រ្តី​​រាជការ មន្រ្តី​នគរ​បាលជាតិ យោធិន និងមន្រ្តីជាប់កិច្ចសន្យា​គ្រប់​ស្ថាប័ន​រដ្ឋ​ដែលត្រូវបានរកឃើញ​ថា​មាន​​​ការ​ប្រើប្រាស់ ឬពាក់ព័ន្ធនឹង​គ្រឿងញៀនខុសច្បាប់​។

យោងតាមបទបញ្ជា​ស្តីពី​ការដាក់ចេញ​វិធានការម៉ឺងម៉ាត់​ក្នុងការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​នៅ​តាម​ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចេញកាលពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បញ្ជាក់ថា​ គ្រប់​ក្រសួង ​ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ​ ត្រូ​វ​បង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រី រាជការស៊ីវិល មន្ត្រី​នគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើ​ការប្រើ​ប្រាស់​​គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

បទបញ្ជាដដែលបន្ថែម​ថា៖ «គ្រប់​​ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវ​ចាត់​វិធាន​ការ​បញ្ចប់​មុខ​តំណែង និងបណ្តេញ​ចេញពីក្របខ័ណ្ឌ​ដោយ​គ្មាន​ការលើក​លែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រី​នគរបាល​ជាតិ និងយោធិន ព្រមទាំង​មន្ត្រី​ជាប់​កិច្ចសន្យា​ណា​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ឬមាន​ការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់»។

បទបញ្ជាដដែល​បន្ថែម​ថា ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំ​រារាំង​ដល់​ការអនុវត្ត​ទណ្ឌកម្ម​ព្រហ្មទណ្ឌ​ដោយ​​អនុលោម​តាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ។

បទបញ្ជាដដែល​​បន្ថែម​ថា បទបញ្ជានេះ​ដាក់ចេញ​ដើម្បី​ចូលរួម​ចំណែក​ធានា​ប្រសិទ្ធភាព​នៃ​​ការអនុវត្ត​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើកទី៩ និងដើម្បី​លើក​កម្ពស់ជំនឿទុកចិត្ត​ប្រសិទ្ធភាពការងារ និង​អភិបាលកិច្ច​ល្អនៅ​ក្នុង​ស្ថាប័ន​រដ្ឋ ទាំងថ្នាក់ជាតិ ទាំង​ថ្នាក់​ក្រោម​ជាតិ៕​