អ្នកនាំពាក្យនាយករដ្ឋមន្រ្តី​បំភ្លឺថា លោកនាយករដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត មិន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី របស់ឧកញ៉ា ឡេង ចាន់ណា ​ដូចការ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​​នោះ​ទេ។​

យោងតាមសេចក្ដីបំភ្លឺព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យខុទ្ទកាល័យ​​នាយករដ្ឋម​ន្រ្តី​​​ចេញ​​នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន​ ម៉ាណែត មិន​បាន​ជាប់ពាក់​ព័ន្ធ ឬនៅពីក្រោយ​ក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី របស់ឧកញ៉ា ឡេង ចាន់ណា

ដូច​វីដេអូ​​ដែលបានផ្សព្វផ្សាយក្នុងបណ្ដាញសង្គមនោះទេ។

សេចក្ដីបំភ្លឺព័ត៌មានដដែលបានបន្ថែមក្នុងន័យដើមថា៖​ «​កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ឧកញ៉ា ឡេង ចាន់ណា ដែលជាអគ្គនាយិកាក្រុមហ៊ុន​ប្រ៊ីន​​លាន ស៊ីធី ក៏បានចេញនូវសេចក្ដីប្រកាសព័ត៌មានមួយ បដិសេធ​ចំពោះ​ការផ្សព្វផ្សាយ​តាម​បណ្ដាញ​ផ្សព្វផ្សាយសង្គមនានាដែលថាខ្លួនយកឈ្មោះ សម្ដេចធិបតី ទៅប្រើប្រាស់​ក្នុង​រូបភាព​បោកប្រាស់​ប្រជាពលរ​ដ្ឋនោះ និង​ប្រកាស​កុំ​ឱ្យ​សាធារណៈជន​ទូទៅ​មាន​ការយល់​ច្រឡំ​ថា សម្ដេចធិបតី មានការពាក់ព័ន្ធឬនៅពីក្រោយខ្នងក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី»។

សេចក្ដីបំភ្លឺព័ត៌មានដដែល​បន្ថែមក្នុងន័យដើមទៀតថា៖​ «នៅថ្ងៃទី២០ ខែកុម្ភៈឆ្នាំ​២០២៤ ឧកញ៉ា ឡេង ចាន់ណា ក៏បានចេញលិខិតសារភាពកំហុស និង​សូម​អភ័យ​ទោស​ពី​សម្ដេច​ធិបតី ចំពោះការលើកឡើងថា សម្ដេចធិបតីជាអ្នកបង្កើតសមាគមពលករ និង​អតីត​ពលករ​ដើម្បី​សប្បុរសធម៌​​ផងដែរ»។

ការ​ចេញ​សេចក្ដីបំភ្លឺព័ត៌មាន​នេះ​ធ្វើឡើង​បន្ទាប់​ពី​​វីដេអូ​ឃ្លីប​មួយ​ចំនួន​របស់​ឧកញ៉ា ឡេង ចាន់ណា ដែលជា​ម្ចាស់​ក្រុមហ៊ុន​​ប្រ៊ីលានស៊ីធី ​​​ត្រូវ​បាន​អ្នកប្រើ​បណ្តាញ​សង្គម​​ផ្សព្វផ្សាយ តគ្នា​​​ពាក់ព័ន្ធនឹងការ​លើកឡើង​ថា ​ក្រុមហ៊ុន​របស់​អ្នកស្រី ជា​ដៃគូ​របស់​រដ្ឋាភិបាល និង​ត្រូវ​បាន​ជួយ​ជ្រោមជ្រែង​ដោយ​រដ្ឋាភិបាល រីឯ​សមាគម​របស់​អ្នកស្រីបង្កើត​ឡើង​ដោយ​លោក ហ៊ុន ម៉ាណែត។

តាមរយៈវីដេអូនោះអ្នកស្រី ឡេង ចាន់ណា បានលើកឡើងថា៖ «ពួកខ្ញុំ​ទាំងអស់​គ្នា​ក៏​មាន​សិទ្ធិ​ការពារនូវកេរ្តិ៍ឈ្មោះរបស់ពួកខ្ញុំដែរ ជាពិសេស​គឺ​សមាគម​ដែលប​​ង្កើត​ឡើង​ដោយ​ឯកឧត្ដម ហ៊ុន ម៉ាណែត ទៀត ពួកខ្ញុំ​មិន​អាច​បណ្ដោយ​ឱ្យ​ជន​ខិលខូច​ណាមួយ​និយាយ​បង្ខូចបង្កាច់នូវសកម្មភាពរបស់ពួកខ្ញុំបានឡើយ»។

វីដេអូនោះ​ត្រូវ​បាន​ចែក​ចាយ​បន្ទាប់​ពី​​មានការ​ផ្ទុះការតវ៉ា​ពីសំណាក់​ប្រជាពលរដ្ឋ​​នៅ​​​​តាម​បណ្តាខេត្ត​មួយចំនួន​​ទាមទារ​ឱ្យ​ឧកញ៉ា ឡេង ចាន់ណា សង​ប្រាក់​ដល់​ពួកគាត់​វិញ​ ក្រោយ​​ដាក់​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​នេះ​តែមិនទទួលបានការប្រាក់​៕​