ប្រជាពលរដ្ឋមួយចំនួន ស្នើឱ្យរដ្ឋាភិបាលពិនិត្យមើលឡើងវិញរឿងកម្ចីប្រាក់តាមអនឡាញ និងចាត់វិធានការទប់ស្កាត់បញ្ហានេះ ឱ្យមានប្រសិទ្ធិភាព ខណៈនៅមានប្រជាពលរដ្ឋមួយចំនួនបន្តចាញ់បោកកម្ចីអនឡាញជាហូរហែរ។
លោក ញឹម ញឿន ជាកម្មករសំណង់ នៅខេត្តកំពង់ឆ្នាំង អះអាងថាបានរងគ្រោះដោយសារកម្ចីប្រាក់តាមអនឡាញ បានរៀបរាប់ថា កាលពីឆ្នាំ២០២៣ លោកបានដាក់ពាក្យសុំខ្ចីប្រាក់ចំនួន ១ ០០០ដុល្លារ ពីគណនីហ្វេសប៊ុកមួយដែលផ្តល់សេវាកម្ចីតាមអនឡាញ ដើម្បីបើកអាជីវកម្មតូចមួយ ដោយគេតម្រូវឱ្យលោកបង់សេវារត់ឯកសារមុនចំនួន ៥០ដុល្លារ។ លោកបន្តថា ក្រោយពីវេរលុយសេវានោះរួច ក្រុមផ្តល់កម្ចីលុយតាមអនឡាញនេះ មិនបានវេរប្រាក់ឱ្យលោកវិញទេ និងបានប្លុកគណនីហ្វេកប៊ុកលោកចោលទៀត។
ក្រៅពីការចាញ់បោកគណនីកម្ចីប្រាក់នោះ លោក ញឹម ញឿនថា នៅលើបណ្តាញសង្គម ក៏មានគណនីមួយចំនួនប្រើប្រាស់វិធីបោកប្រាស់ផ្សេងៗទៀតផងដែរ ដែលករណីនេះ លោកស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ស្រាវជ្រាវ និងទប់ស្កាត់ករណីទាំងនោះ ដើម្បីកុំឱ្យពលរដ្ឋបន្តរងគ្រោះដោយសារកម្ចីតាមអនឡាញបន្តទៅទៀត។
លោកថ្លែងថា៖ «ចំពោះខ្ញុំ ការបោកនេះមានច្រើន មិនមែនត្រឹមថាការខ្ចីអនឡាញ ការទិញទូរស័ព្ទតាមអនឡាញក៏វាបោក អាទិញកង់តាមអនឡាញហ្នឹងក៏គេបោក[…] ខ្ញុំសូមសំណូមពរដល់សមត្ថកិច្ចមួយចំនួន គួរតែតាមដានអ្នកផ្សព្វផ្យាយលក់របស់របរតាមអនឡាញហ្នឹង ឱ្យគាត់ដាក់ទីលំនៅច្បាស់លាស់ ឱ្យមានច្បាប់ត្រឹមត្រូវ កុំឱ្យដើរឆបោកគេ ប៉ុន្តែការបោកប្រាស់នេះ គឺពេលឱ្យសមត្ថកិច្ចឆែករកមិនដឹងថាមកពីតំបន់ណា ហើយយើងពិបាកនៅក្នុងការតាមដាន ដូច្នេះសូមឱ្យសមត្ថកិច្ចទាំងអស់ ធ្វើម៉េចចាត់វិធានការករណីបោកប្រាស់តាមអនឡាញនេះ កុំឱ្យមានតទៅទៀត សូមចេញច្បាប់ឱ្យបានតឹងរឹង ដើម្បីកុំឱ្យមានការខ្ចីតាមអនឡាញអីហ្នឹងព្រោះវាជាការបោកប្រាស់ច្រើនណាស់»។
ពលរដ្ឋម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះ និងធ្លាប់ចាញ់បោកដោយសារកម្ចីតាមអនឡាញ បានឱ្យដឹងដែរថា កម្ចីតាមអនឡាញដែលមិនមានប្រភពច្បាស់លាស់ បានធ្វើឱ្យរូបលោករងនូវភាពអាមាស់ ដោយក្រុមអ្នកផ្តល់ប្រាក់កម្ចី បានយករូបលោកទៅបង្ហោះលើបណ្តាញសង្គម និងការគំរាមកំហែងដល់ក្រុមគ្រួសារថែមទៀត។
បើតាមបុរសរូបនោះ គាត់បានខ្ចីប្រាក់ពីកម្ចីអនឡាញ ចំនួន ៥០ដុល្លារ ជាមួយនឹងអត្រាការប្រាក់ខ្ពស់ ហើយដោយសារលោករកលុយបង្វិលមិនទាន់ ការប្រាក់នោះបានក្លាយជាដើម រហូតដល់ក្លាយជាបំណុលវ័នករ ដែលធ្វើឱ្យលោកត្រូវលក់ម៉ូតូដើម្បីដោះបំណុលនោះ។
ប្រជាពលរដ្ឋម្នាក់ទៀត ធ្វើការនៅក្រុមហ៊ុនមួយក្នុងរាជធានីភ្នំពេញ លោក យូ វាសនា មានប្រសាសន៍ថា កន្លងមក លោកបានឃើញនូវការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក អំពី ការចាញ់បោកកម្ចីតាមអនឡាញ ដែលមានអត្រាការប្រាក់ខ្ពស់នេះ។ លោកថា បញ្ហានេះភាគច្រើនកើតលើប្រជាពលរដ្ឋដែលខ្វះការយល់ដឹង និងមានជីវភាពខ្វះខាត ដែលជំពាក់ធនាគារច្រើនស្ថាប័ន និងឈានដល់ខ្ចីប្រាក់តាមកម្ចីនៅលើអនឡាញន។
ករណីនេះ លោកស្នើឱ្យរដ្ឋាភិបាល ត្រួតពិនិត្យ ស្រាវជ្រាវ និងចាត់វិធានការទៅក្រុមអ្នកផ្តល់កម្ចីតាមអនឡាញខុសច្បាប់ទាំងនោះ ដើម្បីជៀសវាងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។
លោកថា៖ «សូមរាជរដ្ឋាភិបាលយកចិត្តទុកដាក់ឱ្យមែនទែន ចំពោះព័ត៌មានដែលត្រូវហាមឃាត់លើបណ្តាញសង្គម កុំឱ្យផ្សព្វផ្សាយពីកម្ចីអនឡាននេះ ដែលធ្វើឱ្យមានការរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋខ្មែរ»។
លោក កែវ សុធា អាយុ៥៥ឆ្នាំ ជាអ្នករត់ម៉ូតូកង់បី នៅរាជធានីភ្នំពេញ យល់ថា ប្រាក់កម្ចីតាមអនឡាញ ជាកម្ចីបែបឯកជន ដែលត្រូវការផលចំណេញច្រើន ខុសពីធនាគារដែលផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាប ជាពិសេសមុននឹងឱ្យខ្ចីត្រូវបានសិក្សា និងមានលក្ខខណ្ឌច្បាស់លាស់។ ករណីនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះកម្ចីតាមអនឡាញ និងបានស្នើឱ្យរដ្ឋាភិបាលត្រួតពិនិត្យឡើងវិញ លើអ្នកដែលរកស៊ីកេងប្រវ័ញ្ញតាមអនឡាញនេះផងដែរ។
លោកថ្លែងថា៖ «អ្នករកស៊ី អាស្រ័យរាជរដ្ឋាភិបាលលោកជាអ្នកមានអំណាច សូមជួយឱ្យមានច្បាប់ត្រឹមត្រូវ ចុះត្រួតពិនិត្យ និងការពារអ្នកដែលរងគ្រោះ កុំឱ្យឈ្មួញអ្នករកស៊ីលុយហ្នឹង គាបសង្គត់កេងប្រវ័ញ្ញទៅលើអតិថិជនខ្ចីអនឡាញនេះ»។
អ្នកនាំពាក្យ និងជាអនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ លោក អ៊ីវ វាសនា កត់សម្គាល់ថា ករណីកម្ចីប្រាក់តាមអនឡាញដែលមានបញ្ហាទាំងអស់នោះ សុទ្ធសឹងជាកម្ចីខុសច្បាប់ ដែលផ្តល់នូវគុណវិបត្តិ និងបញ្ហាប្រឈមជាច្រើនដល់ជនរងគ្រោះ ដូចជា អាត្រាការប្រាក់ខ្ពស់ សងមិនចេះអស់ ការដាក់អន្ទាក់យកទិន្នន័យឯកជន ជម្រិតទារប្រាក់តាមរូបភាព ឬវីដេអូជនរងគ្រោះ ហើយចុងក្រោយជនរងគ្រោះអាចក្លាយខ្លួនជាភ្នាក់ងារចូលរួមប្រព្រឹត្តបទល្មើសក៏មាន។
លោកបញ្ជាក់ថា៖ «កន្លងមក អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិបានខិតខំដោះស្រាយចាត់វិធានការច្បាប់តាមបណ្តឹងប្រជាពលរដ្ឋ និងផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋជាប្រចាំ ដើម្បីកុំឱ្យប្រើប្រាស់នូវកម្ចីខុសច្បាប់ទាំងនោះ។ សូមប្រជាពលរដ្ឋប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលគ្រប់គ្រងដោយច្បាប់ ដើម្បីធានាបាននូវការការពារដោយច្បាប់ និងសមត្ថកិច្ច»។
នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានឱ្យដឹងថាកន្លងមក មានប្រជាពលរដ្ឋមួយចំនួនរងគ្រោះដោយសារកម្ចីប្រាក់តាមអនឡាញនេះ ហើយទទួលរងការគម្រាមកំហែងដល់ក្រុមគ្រួសារ មិត្តភក្តិ និងការប្រើប្រាស់រូបមិនគប្បីដើម្បីគំរាមទារប្រាក់ ជាដើម។ លោកបន្តថា ជនរងគ្រោះមួយចំនួន ក៏បានដាក់ពាក្យប្តឹងទៅសមត្ថកិច្ចប្រឆាំងបទល្មើសបច្ចេកវិទ្យាផងដែរ ប៉ុន្តែករណីមួយចំនួនមិនទាន់ទទួលបានលទ្ធផលនោះទេ។
លោកស្នើឱ្យប្រជាពលរដ្ឋ កុំខ្ចីកម្ចីអនឡាញដែលខុសច្បាប់ និងស្នើឱ្យអាជ្ញាធរចាត់វិធានការកុំឱ្យមានការកម្ចីអនឡាញនេះបន្តទៀត។
លោកថ្លែងថា៖ «កុំខ្ចីអនឡាញដែលខុសច្បាប់ បានន័យថាមិនមានច្បាប់អនុញ្ញាត ឬកម្ចីក្រៅប្រព័ន្ធដែលមានលក្ខណ:ជាកម្ចីបោកប្រាស់ធ្វើឱ្យប្រជាពលរដ្ឋរងគ្រោះ និងទទួលការគម្រាមកំហែងតាមរូបភាពផ្សេងៗ ត្រូវតែចាត់វិធានការតាមច្បាប់ និងបិទកុំឱ្យមាន ព្រោះធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។ ករណីកម្ចីអនឡាញខុសច្បាប់នេះ ត្រូវតែបិទ និងចាត់វិធានការចំពោះកម្ចីអនឡាញណាដែលមានលក្ខណៈបោកប្រាស់ និងគម្រាមកំហែង បង្ខិតបង្ខំដល់អ្នកខ្ចីតាមគ្រប់រូបភាព»។
កន្លងមក ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការនគរបាលជាតិ ធ្លាប់បានចេញសេចក្ដីថ្លែងការណ៍រួម ស្តីពីការចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹង ចំពោះការផ្តល់ប្រាក់កម្ចីខុសច្បាប់ និងការផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ពាក់ព័ន្ធនឹងការផ្តល់សេវាហិរញ្ញវត្ថុដែលគ្មានច្បាប់អនុញ្ញាត។ ប៉ុន្តែគេមិនទាន់ករណីម្ចាស់កម្ចីខុសច្បាប់លើអនឡាញ ត្រូវបានបើកមុខ និងដាក់ទោសនៅឡើយ៕