ប្រជា​ពលរដ្ឋមួយចំនួន​ ស្នើឱ្យរដ្ឋាភិបាលពិនិត្យមើលឡើងវិញរឿងកម្ចីប្រាក់តាមអនឡាញ​ និងចាត់វិធានការ​ទប់ស្កាត់បញ្ហានេះ ឱ្យមានប្រសិទ្ធិ​ភាព ​ខណៈ​នៅមានប្រជាពលរដ្ឋមួយចំនួនបន្តចាញ់បោកកម្ចី​អនឡាញជាហូរហែរ។

លោក ញឹម ញឿន ជាកម្មករសំណង់ នៅខេត្តកំពង់ឆ្នាំង អះអាងថាបានរងគ្រោះដោយសារកម្ចីប្រាក់តាមអនឡាញ បានរៀបរាប់ថា កាលពីឆ្នាំ២០២៣ លោកបាន​ដាក់ពាក្យសុំខ្ចីប្រាក់ចំនួន ១ ០០០ដុល្លារ ពីគណនី​ហ្វេសប៊ុកមួយ​ដែលផ្តល់សេវាកម្ចីតាមអនឡាញ ដើម្បីបើកអាជីវកម្ម​តូចមួយ ដោយ​​គេតម្រូវឱ្យលោកបង់សេវា​រត់ឯកសារមុនចំនួន ៥០ដុល្លារ។ លោកបន្តថា ក្រោយពីវេរលុយសេវានោះរួច​ ក្រុមផ្តល់​កម្ចី​លុយ​តាម​អនឡាញនេះ មិនបាន​វេរប្រាក់ឱ្យលោកវិញទេ និងបានប្លុក​គណនីហ្វេកប៊ុកលោក​ចោល​ទៀត​​។​

ក្រៅពីការចាញ់បោកគណនីកម្ចីប្រាក់នោះ លោក ញឹម ញឿនថា នៅលើបណ្តាញសង្គម​ ក៏មាន​គណនីមួយចំនួនប្រើប្រាស់វិធីបោកប្រាស់ផ្សេងៗទៀតផងដែរ ដែលករណីនេះ លោកស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ស្រាវជ្រាវ និងទប់ស្កាត់ករណីទាំង​នោះ ដើម្បីកុំឱ្យពលរដ្ឋបន្តរងគ្រោះ​ដោយសារ​កម្ចីតាមអនឡាញបន្តទៅទៀត។

លោកថ្លែង​ថា​៖ «ចំពោះខ្ញុំ ការបោកនេះមានច្រើន​ មិនមែនត្រឹមថាការខ្ចីអនឡាញ​ ការទិញទូរស័ព្ទតាមអនឡាញ​ក៏វាបោក អាទិញកង់តាមអនឡាញហ្នឹងក៏គេបោក​[…] ខ្ញុំសូមសំណូមពរ​ដល់​សមត្ថកិច្ច​មួយ​ចំនួន​ គួរ​តែ​តាម​ដាន​អ្នក​ផ្សព្វផ្យាយ​លក់​របស់​របរ​តាមអន​ឡាញ​ហ្នឹង​ ឱ្យគាត់ដាក់ទីលំនៅច្បាស់លាស់ ឱ្យមានច្បាប់ត្រឹមត្រូវ កុំឱ្យដើរឆបោកគេ ប៉ុន្តែការបោក​ប្រាស់​នេះ​ គឺ​ពេល​ឱ្យ​សមត្ថកិច្ច​ឆែក​រក​មិន​ដឹង​ថា​មក​ពី​តំបន់​ណា ហើយយើង​ពិបាក​នៅក្នុងការតាមដាន ដូច្នេះសូមឱ្យសមត្ថកិច្ចទាំងអស់ ធ្វើម៉េច​ចាត់​វិធាន​ការករណី​បោក​ប្រាស់​តាម​អន​ឡាញនេះ​ កុំឱ្យមាន​តទៅទៀត សូម​ចេញ​ច្បាប់​ឱ្យ​បាន​តឹង​រឹង ដើម្បីកុំឱ្យមានការខ្ចីតាមអនឡាញអីហ្នឹងព្រោះ​វាជាការបោកប្រាស់​ច្រើន​ណាស់​»។

ពលរដ្ឋម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះ និងធ្លាប់ចាញ់បោក​ដោយ​សារ​កម្ចី​តាមអន​ឡាញ បានឱ្យដឹងដែរថា កម្ចីតាមអនឡាញដែលមិនមានប្រភពច្បាស់លាស់ បានធ្វើឱ្យរូប​លោក​រង​នូវ​ភាព​អាមាស់ ដោយ​ក្រុម​អ្នក​ផ្តល់​ប្រាក់​កម្ចី បានយករូបលោកទៅបង្ហោះលើបណ្តាញសង្គម​ និង​ការគំរាមកំហែងដល់ក្រុមគ្រួសារ​ថែមទៀត។

បើតាមបុរសរូបនោះ គាត់បានខ្ចីប្រាក់ពីកម្ចីអនឡាញ ចំនួន ៥០ដុល្លារ ជាមួយនឹង​អត្រាការប្រាក់ខ្ពស់ ​ហើយ​​ដោយសារ​លោករកលុយ​បង្វិលមិនទាន់ ការប្រាក់នោះ​បានក្លាយជាដើម រហូតដល់ក្លាយ​ជាបំណុល​វ័ន​ករ ដែលធ្វើឱ្យលោកត្រូវលក់ម៉ូតូ​ដើម្បីដោះ​បំណុលនោះ។​

ប្រជាពលរដ្ឋម្នាក់ទៀត ធ្វើការនៅក្រុមហ៊ុនមួយ​​ក្នុងរាជធានីភ្នំពេញ លោក យូ វាសនា មានប្រសាសន៍ថា កន្លងមក លោក​បានឃើញនូវការ​​​បង្ហោះលើបណ្តាញសង្គម​ហ្វេសប៊ុក អំពី ការចាញ់បោកកម្ចី​តាម​អនឡាញ ដែលមាន​អត្រាការប្រាក់ខ្ពស់នេះ​។ លោកថា បញ្ហានេះភាគច្រើនកើតលើប្រជាពលរដ្ឋដែល​ខ្វះការយល់ដឹង និងមានជីវភាពខ្វះខាត ដែល​ជំពាក់ធនាគារច្រើនស្ថាប័ន និង​ឈានដល់ខ្ចីប្រាក់តាមកម្ចីនៅលើ​អនឡាញន។

ករណីនេះ លោកស្នើឱ្យរដ្ឋាភិបាល ត្រួតពិនិត្យ ស្រាវជ្រាវ និងចាត់វិធានការទៅក្រុមអ្នកផ្តល់កម្ចីតាម​អន​ឡាញ​ខុសច្បាប់ទាំងនោះ ដើម្បីជៀសវាងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ​។

លោក​​ថា៖ «សូមរាជរដ្ឋាភិបាលយកចិត្តទុកដាក់ឱ្យមែនទែន ចំពោះព័ត៌មានដែលត្រូវហាមឃាត់លើបណ្តាញសង្គម កុំឱ្យផ្សព្វផ្សាយពីកម្ចីអនឡាននេះ ដែលធ្វើឱ្យមានការរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋខ្មែរ»។

លោក កែវ សុធា អាយុ៥៥ឆ្នាំ ជាអ្នករត់ម៉ូតូ​កង់បី នៅរាជធានី​ភ្នំពេញ យល់ថា ប្រាក់​កម្ចី​តាម​អនឡាញ ជាកម្ចីបែបឯកជន ដែលត្រូវការផលចំណេញច្រើន ខុសពីធនាគារដែលផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់​ទាប ជាពិសេសមុននឹងឱ្យខ្ចីត្រូវបានសិក្សា និងមានលក្ខខណ្ឌច្បាស់លាស់។ ករណីនេះ លោក​បាន​អំពាវនាវដល់ប្រជាពលរដ្ឋ​ បង្កើនការប្រុងប្រយ័ត្នចំពោះកម្ចីតាមអនឡាញ និងបាន​ស្នើឱ្យរដ្ឋាភិបាលត្រួតពិនិត្យឡើងវិញ លើអ្នកដែលរកស៊ីកេងប្រវ័ញ្ញតាមអនឡាញនេះផងដែរ។

លោកថ្លែងថា៖ «អ្នករកស៊ី អាស្រ័យរាជរដ្ឋាភិបាលលោកជាអ្នកមានអំណាច សូមជួយឱ្យមានច្បាប់ត្រឹមត្រូវ ចុះត្រួតពិនិត្យ និងការពារអ្នកដែលរងគ្រោះ កុំឱ្យឈ្មួញអ្នករកស៊ីលុយហ្នឹង គាបសង្គត់កេងប្រវ័ញ្ញទៅលើអតិថិជនខ្ចីអនឡាញនេះ»។

អ្នកនាំពាក្យ និងជាអនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ លោក អ៊ីវ វាសនា កត់សម្គាល់ថា ករណីកម្ចីប្រាក់តាម​អនឡាញដែលមានបញ្ហាទាំងអស់នោះ សុទ្ធសឹងជាកម្ចីខុសច្បាប់ ដែល​ផ្តល់នូវគុណវិបត្តិ និងបញ្ហាប្រឈមជាច្រើនដល់ជនរងគ្រោះ ដូចជា អាត្រាការប្រាក់ខ្ពស់ សងមិនចេះអស់ ការដាក់អន្ទាក់យកទិន្នន័យឯកជន ជម្រិតទារប្រាក់​តាមរូបភាព ឬវីដេអូជនរងគ្រោះ ហើយ​ចុងក្រោយជនរងគ្រោះ​អាចក្លាយខ្លួនជាភ្នាក់ងារចូលរួមប្រព្រឹត្តបទល្មើសក៏មាន។

លោកបញ្ជាក់ថា៖ «កន្លងមក អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិបានខិតខំដោះស្រាយចាត់វិធានការច្បាប់តាមបណ្តឹងប្រជាពលរដ្ឋ និងផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋជាប្រចាំ ដើម្បីកុំឱ្យ​​ប្រើប្រាស់នូវ​កម្ចីខុសច្បាប់ទាំងនោះ។ សូមប្រជាពលរដ្ឋប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលគ្រប់គ្រងដោយច្បាប់ ដើម្បីធានាបាននូវការការពារដោយច្បាប់ និងសមត្ថកិច្ច»។

នាយកទទួលបន្ទុកចាត់ការទូទៅ​នៃអង្គការការពារសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត បានឱ្យដឹងថាកន្លងមក មានប្រជាពលរដ្ឋមួយចំនួនរងគ្រោះដោយសារកម្ចីប្រាក់តាម​អនឡាញនេះ ហើយទទួលរងការគម្រាមកំហែងដល់ក្រុមគ្រួសារ មិត្តភក្តិ និងការប្រើប្រាស់រូបមិនគប្បីដើម្បីគំរាម​ទារប្រាក់ ជាដើម​។ លោក​បន្តថា ជនរងគ្រោះមួយចំនួន ក៏បានដាក់ពាក្យប្តឹងទៅសមត្ថកិច្ចប្រឆាំងបទល្មើសបច្ចេកវិទ្យាផងដែរ ប៉ុន្តែករណីមួយចំនួនមិនទាន់ទទួលបានលទ្ធផលនោះទេ។

លោកស្នើឱ្យប្រជាពលរដ្ឋ កុំខ្ចីកម្ចីអនឡាញដែលខុសច្បាប់ និងស្នើឱ្យអាជ្ញាធរចាត់វិធានការកុំឱ្យមានការកម្ចីអនឡាញនេះបន្តទៀត​។​

លោកថ្លែងថា៖ «​កុំខ្ចីអនឡាញដែលខុសច្បាប់ បានន័យថាមិនមានច្បាប់អនុញ្ញាត ឬកម្ចី​ក្រៅប្រព័ន្ធដែលមានលក្ខណ:ជាកម្ចី​បោក​ប្រាស់​ធ្វើឱ្យប្រជាពលរដ្ឋរងគ្រោះ និងទទួលការគម្រាមកំហែងតាមរូបភាពផ្សេងៗ ត្រូវតែចាត់វិធានការតាមច្បាប់ និង​បិទកុំឱ្យ​មាន ព្រោះធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។ ករណីកម្ចីអនឡាញខុសច្បាប់នេះ ត្រូវ​តែបិទ និង​ចាត់វិធានការចំពោះកម្ចីអនឡាញណាដែលមានលក្ខណៈបោកប្រាស់ និងគម្រាមកំហែង បង្ខិតបង្ខំដល់អ្នកខ្ចីតាមគ្រប់រូបភាព»។ 

កន្លងមក ធនាគារជាតិ​នៃកម្ពុជា និងអគ្គស្នងការនគរបាលជាតិ ធ្លាប់​បាន​ចេញ​សេចក្ដីថ្លែងការណ៍​​រួម ស្តី​ពី​ការ​ចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹង ចំពោះការផ្តល់ប្រាក់កម្ចីខុសច្បាប់ និងការផ្សាយពាណិជ្ជកម្ម​គ្រប់​ប្រភេទ ពាក់ព័ន្ធនឹងការផ្តល់សេវាហិរញ្ញវត្ថុដែលគ្មានច្បាប់អនុញ្ញាត។ ប៉ុន្តែ​គេ​​មិន​ទាន់​ករណី​ម្ចាស់​កម្ចី​ខុស​ច្បាប់​លើ​អនឡាញ ត្រូវ​បាន​បើកមុខ និង​ដាក់​ទោស​នៅ​ឡើយ៕