លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសប្រើវិធានការក្តៅចំពោះមន្ត្រីរាជការស៊ីវិលទាំងឡាយណាដែលរកឃើញ និងពាក់ព័ន្ធគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដូចគ្នានឹងកម្លាំងប្រដាប់អាវុធដែរ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសពីការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងតឹងរ៉ឹងចំពោះបញ្ហាគ្រឿងញៀន ជាពិសេសលើមន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន។
លោកថ្លែងថា៖ «មន្ត្រីរាជការស៊ីវិល ទាំងថ្នាក់ជាតិ និងក្រោមជាតិ ឱ្យតែរកឃើញថាមានប្រើប្រាស់គ្រឿងញៀន ឬពាក់ព័ន្ធត្រូវបណ្តេញចេញពីក្របខណ្ឌ អត់ទុកទេ […] មន្ត្រីអនុវត្តច្បាប់ទាំងអស់ ជាពិសេសគណៈបញ្ជាការឯកភាពរាជធានី ខេត្ត ត្រូវចាត់វិធានការតឹងរឹង និងម៉ឺងម៉ាត់ជាទីបំផុតចំពោះករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនតាមសហគមន៍»។
លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការដាក់បញ្ជាថ្មីនេះ ដើម្បីឱ្យស្មើភាពគ្នារវាងកម្លាំងប្រដាប់អាវុធ (នគរបាល និងយោធា) និងមន្ត្រីរាជការស៊ីវិល ក្នុងការពង្រឹងវិន័យ និងការអនុវត្តការងារ ដើម្បីក្លាយជាគំរូល្អសម្រាប់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ លោកក៏បានគាំទ្រការចែករំលែកទិន្នន័យរវាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងមុខងារសាធារណៈ អំពីមន្ត្រីដែលពាក់ព័ន្ធជាមួយនឹងគ្រឿងញៀន ហើយត្រូវបានបណ្តេញចេញពីក្របខណ្ឌ ជៀសវៀងការលុបចោលក្របខណ្ឌនៅក្រសួងនេះ តែបែរជាអាចទៅបំពេញការងារនៅក្រសួងផ្សេង។
យោងតាមបទបញ្ជាស្តីពី ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានកត់សម្គាល់ថា គ្រោះថ្នាក់ដែលបណ្តាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀននៅតែបន្តរីករាលដាលគួរឱ្យព្រួយបារម្ភ ទាំងក្នុងតំបន់ និងលើពិភពលោក រួមទាំងកម្ពុជាផងដែរ។
បទបញ្ជាដដែលបន្ថែមថា ដើម្បីរួមចំណែកធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់ ដោយស្នើឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួនលើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ និងត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថាមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
នាយកទទួលបន្ទុកចាត់ការទូទៅ នៃអង្គការលីកាដូ លោក អំ សំអាត គាំទ្រលើអនុសាសន៍របស់នាយករដ្ឋមន្ត្រី ខណៈលោកសង្កេតឃើញថា បញ្ហាគ្រឿងញៀននៅតែជារឿងគួរឱ្យព្រួយបារម្ភខ្លាំង សម្រាប់កម្ពុជា និងប្រទេសទូទាំងពិភពលោក។
លោកលើកឡើងថា៖ «គ្រឿងញៀនបំផ្លាញធនធានមនុស្ស បំផ្លាញប្រទេសជាតិ បង្កបទល្មើសផ្សេងៗ និងបំផ្លាញសីលធម៌នៅក្នុងសង្គម ដូច្នេះការទប់ស្កាត់ និងការបង្រ្កាបបញ្ហាគ្រឿងញៀន និងបទល្មើសគ្រឿងញៀនជារឿងអាទិភាពរបស់រដ្ឋាភិបាល។ បើយើងពិនិត្យមើលអ្នកជាប់ឃុំក្នុងពន្ធនាគារមានអ្នកជាប់ឃុំជាង ៥០ភាគរយ ដែលទាក់ទងបទល្មើសគ្រឿងញៀន ប្រជាពលរដ្ឋ និងយុវជនរាប់ម៉ឺននាក់ដែលកំពុងរងគ្រោះដោយការប្រើប្រាស់គ្រឿងញៀន»។
លោក អំ សំអាត បន្ថែមថា ដើម្បីទប់ស្កាត់ និងបង្ក្រាបបញ្ហាគ្រឿងញៀនឱ្យមានប្រសិទ្ធភាព កងកំម្លាំងគ្រប់ប្រភេទ ជាពិសេសមន្ត្រីរាជការ ត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន។ ការអនុវត្តច្បាប់ត្រូវធ្វើឡើងដោយតម្លាភាព និងប្រសិទ្ធភាព គ្មានការយោគយល់ បំបាត់អំពើពុករលួយទាក់ទងគ្រឿងញៀន និងត្រូវមានកិច្ចសហការល្អក្នុងការបង្រ្កាប និងទប់ស្កាត់បញ្ហាគ្រឿងញៀន ជាពិសេសជាមួយបណ្តាប្រទេសជិតខាង ក្នុងតំបន់ និងអន្តរជាតិ ។
កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ឆ្នាំ២០២៤ ក្នុងនោះមានទាំងវិធានការអប់រំ វិធានការរដ្ឋបាល វិធានការព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម វិធានការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាក្លាយទៅជាប្រទេស «គ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។
បើតាមរបាយការណ៍ពីអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន កាលពីឆ្នាំ២០២៣ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនប្រមាណ ៧ ០០០ករណី ហើយអាជ្ញាធរបានឃាត់ខ្លួនមនុស្សប្រមាណ ២០ ០០០នាក់ និងរឹបអូសសារធាតុញៀនបានប្រមាណ ៣តោន។
ប្រភពដដែល បន្តថា តួលេខនៃករណីបង្ក្រាបគ្រឿងញៀនឆ្នាំ២០២៣ កើនឡើងជាងឆ្នាំ២០២២ ប្រមាណ ១០% ដោយក្នុងឆ្នាំ២០២២ អាជ្ញាធរបង្ក្រាបបានប្រមាណ ៦ ៣០០ករណី។ ប៉ុន្តែបរិមាណគ្រឿងញៀនដែលចាប់បានជិត ៣តោន ក្នុងឆ្នាំ២០២៣ ថយចុះ បើធៀបនឹងឆ្នាំ ២០២២ ដែលចាប់បានប្រមាណ ១៤តោន៕