លោកនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត ប្រកាសប្រើវិធាន​ការក្តៅ​ចំពោះមន្ត្រីរាជការស៊ីវិលទាំង​ឡាយ​​​ណា​ដែល​រកឃើញ និងពាក់ព័ន្ធគ្រឿងញៀន នឹង​ត្រូវ​បណ្តេញចេញពីក្របខណ្ឌដូចគ្នា​នឹងកម្លាំងប្រដាប់អាវុធដែរ។

ថ្លែង​​ក្នុង​ពិធី​បិទសន្និបាតបូកសរុបការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២៣ និង​លើកទិសដៅឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ នៅ​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ប្រកាសពីការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងតឹងរ៉ឹងចំពោះបញ្ហាគ្រឿងញៀន ជាពិសេសលើមន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន​។​

លោកថ្លែងថា៖ «មន្ត្រីរាជការស៊ីវិល ទាំងថ្នាក់ជាតិ និងក្រោមជាតិ ឱ្យតែរកឃើញថាមាន​ប្រើប្រាស់គ្រឿងញៀន ឬពាក់ព័ន្ធត្រូវបណ្តេញចេញពីក្របខណ្ឌ អត់ទុកទេ […] មន្ត្រីអនុវត្តច្បាប់ទាំងអស់ ជាពិសេសគណៈបញ្ជាការឯកភាពរាជធានី ខេត្ត ត្រូវចាត់វិធានការតឹងរឹង និងម៉ឺងម៉ាត់​ជាទីបំផុត​ចំពោះករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនតាមសហគមន៍»។

លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការដាក់បញ្ជាថ្មីនេះ ដើម្បីឱ្យស្មើភាពគ្នារវាងកម្លាំងប្រដាប់​​​​អាវុធ (នគរបាល និងយោធា) និងមន្ត្រីរាជការស៊ី​វិល ក្នុងការពង្រឹង​វិន័យ និង​ការ​អនុវត្តការ​ងារ ដើម្បីក្លាយជាគំរូល្អសម្រាប់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ លោកក៏បានគាំទ្រការចែករំលែកទិន្នន័យរវាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងមុខងារសាធារណៈ អំពីមន្ត្រីដែលពាក់ព័ន្ធជាមួយនឹងគ្រឿងញៀន ហើយត្រូវបាន​​បណ្តេញចេញពីក្របខណ្ឌ ជៀសវៀងការលុប​ចោល​ក្របខណ្ឌនៅក្រសួងនេះ តែបែរជាអាចទៅបំពេញការងារនៅក្រសួងផ្សេង។

យោង​តាម​បទ​បញ្ជា​ស្តីពី ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានកត់សម្គាល់ថា គ្រោះថ្នាក់ដែលបណ្តាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀននៅតែបន្តរីករាលដាលគួរឱ្យព្រួយបារម្ភ ទាំងក្នុងតំបន់ និងលើពិភពលោក រួមទាំងកម្ពុជាផងដែរ។

បទបញ្ជាដដែលបន្ថែមថា ដើម្បីរួមចំណែកធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់ ដោយស្នើឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួនលើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀន​ខុស​ច្បាប់ និងត្រូវ​ចាត់​វិធាន​ការ​បញ្ចប់​មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថាមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

នាយកទទួលបន្ទុកចាត់ការទូទៅ នៃអង្គការលីកាដូ លោក អំ​ សំអាត គាំទ្រលើអនុសាសន៍របស់នាយករដ្ឋមន្ត្រី​ ខណៈលោកសង្កេតឃើញថា បញ្ហាគ្រឿងញៀននៅតែជារឿងគួរឱ្យ​ព្រួយបារម្ភខ្លាំង សម្រាប់កម្ពុជា និងប្រទេសទូទាំងពិភពលោក។

លោកលើកឡើងថា៖ «គ្រឿងញៀនបំផ្លាញធនធានមនុស្ស បំផ្លាញប្រទេសជាតិ បង្កបទល្មើសផ្សេងៗ និងបំផ្លាញសីលធម៌នៅក្នុងសង្គម ដូច្នេះការទប់ស្កាត់ និងការបង្រ្កាបបញ្ហាគ្រឿងញៀន និងបទល្មើសគ្រឿងញៀនជារឿងអាទិភាពរបស់រដ្ឋាភិបាល។ បើយើងពិនិត្យមើលអ្នកជាប់ឃុំក្នុងពន្ធនាគារមានអ្នកជាប់ឃុំជាង ៥០ភាគរយ ដែលទាក់ទងបទល្មើសគ្រឿងញៀន ប្រជាពលរដ្ឋ និងយុវជនរាប់ម៉ឺននាក់ដែលកំពុងរងគ្រោះដោយការប្រើប្រាស់គ្រឿងញៀន»។

លោក អំ សំអាត បន្ថែម​ថា ដើម្បីទប់ស្កាត់ និងបង្ក្រាបបញ្ហាគ្រឿងញៀន​ឱ្យមានប្រសិទ្ធភាព កងកំម្លាំងគ្រប់ប្រភេទ ជាពិសេសមន្ត្រីរាជការ ត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន។ ការអនុវត្តច្បាប់ត្រូវធ្វើឡើងដោយតម្លាភាព និងប្រសិទ្ធភាព គ្មានការយោគយល់ បំបាត់អំពើពុករលួយទាក់ទងគ្រឿងញៀន និងត្រូវមានកិច្ចសហការល្អក្នុងការបង្រ្កាប និងទប់ស្កាត់បញ្ហាគ្រឿងញៀន ជាពិសេសជាមួយបណ្តាប្រទេសជិតខាង ក្នុងតំបន់ និងអន្តរជាតិ ។

កាលពី​ថ្ងៃទី​១១ ​ខែ​មករា ​ឆ្នាំ​២០២៤​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​ក៏​បាន​ដាក់​ចេញ​ផែន​ការ​​​ស្តី​ពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើក​ទី៩ ​ឆ្នាំ​​២០២៤ ក្នុងនោះមាន​​ទាំង​វិធាន​​ការ​អប់រំ ​វិធាន​ការ​​រដ្ឋបាល​ វិធាន​ការ​ព្យាបាល​ ស្តារ​នីតិ​សម្បទា​ និង​សមាហរណ​កម្ម ​វិធាន​ការ​អនុវត្តច្បាប់ ​និង​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ ​ដើម្បីធ្វើ​យ៉ាង​ណា​ឱ្យកម្ពុជាក្លាយទៅ​ជាប្រទេស​ «​គ្មាន​គ្រឿង​ញៀន​ និង​រក្សា​គ្រួសារ​នីមួយៗ​ជា​គ្រួសារ​ស្អាតស្អំ ​គ្មាន​គ្រឿង​ញៀន ​តាម​ទស្សន​វិស័យ​ ចូលរួម​ទាំង​អស់​គ្នា ​ដើម្បី​ជីវិត​ និង​សហគមន៍​គ្មាន​គ្រឿង​ញៀន»។​

បើតាមរបាយការណ៍ពីអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន កាលពីឆ្នាំ២០២៣ សមត្ថកិច្ច​បាន​​បង្ក្រាប​បទល្មើស​​គ្រឿង​ញៀន​ប្រមាណ​ ៧​ ០០០​​ករណី​ ហើយអាជ្ញាធរ​បាន​ឃាត់​ខ្លួន​មនុស្ស​ប្រមាណ ​២​០ ០០០​​នាក់​ និង​រឹបអូស​សារធាតុ​ញៀន​បាន​ប្រមាណ ​៣​តោន​។ ​

ប្រភពដដែល បន្តថា តួលេខ​​នៃ​ករណី​បង្ក្រាប​គ្រឿង​ញៀន​ឆ្នាំ​​២០២៣ ​កើន​ឡើង​ជាង​ឆ្នាំ​២០២២ ​ប្រមាណ ​១០%​ ដោយ​ក្នុង​ឆ្នាំ​២០២២ ​អាជ្ញាធរ​បង្ក្រាប​បាន​ប្រមាណ​ ៦ ៣០០​ករណី។ ​ប៉ុន្តែ​បរិមាណ​​គ្រឿង​ញៀន​ដែល​ចាប់​បាន​ជិត​ ៣​តោន ​ក្នុង​ឆ្នាំ​២០២៣​ ថយ​ចុះ ​បើ​ធៀប​នឹង​ឆ្នាំ ​២០២២ ​ដែល​ចាប់​បាន​ប្រមាណ ​១៤​តោន៕