ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺផ្ដាសាយបក្សីមួយករណីទៀតដែលកើតលើក្មេងស្រីអាយុ១៧ឆ្នាំម្នាក់ នៅខេត្តកំពត នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីករណីជំងឺផ្ដាសាយបក្សីលើក្មេងស្រីអាយុ១៧ឆ្នាំ ចេញនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បញ្ជាក់ថា ក្មេងស្រីមានទីលំនៅក្នុងភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា អ្នកជំងឺមានអាការៈគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម។ ហើយបច្ចុប្បន្នកំពុងទទួលបានការថែទាំពីសំណាក់ក្រុមគ្រូពេទ្យ។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា៖ «តាមការសាកសួរបង្ហាញថា ប្រហែល៥ថ្ងៃ មុនចាប់ផ្ដើមឈឺនៅផ្ទះ អ្នកជំងឺមានមាន់ងាប់ចំនួន៧ក្បាល»។
ក្រសួងសុខាភិបាលក៏បានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់យល់ចិត្តទុកដាក់លើជំងឺផ្ដាសាយ ព្រោះជំងឺផ្ដាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋទាំងអស់។
ក្រសួងសុខាភិបាលបន្ថែមថា៖ «ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬស្លាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្ដើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលដែលនៅជិតលោកអ្នកបំផុត ឲ្យបានឆាប់ទាន់ពេលវេលា»។
យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ករណីកើតជំងឺផ្ដាសាយបក្សី (H5N1) មានចំនួនសរុប៦ករណី៕