ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លង​ជំងឺផ្ដាសាយបក្សីមួយករណី​ទៀត​​​ដែល​កើត​​លើ​​ក្មេងស្រីអាយុ១៧ឆ្នាំម្នាក់​ នៅខេត្តកំពត នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីករណីជំងឺផ្ដាសាយបក្សីលើក្មេងស្រី​​អាយុ១៧ឆ្នាំ ចេញនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បញ្ជាក់ថា ក្មេងស្រី​មាន​ទីលំនៅ​ក្នុង​ភូមិ​ដំណាក់ទ្រព្យ​ខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ សេចក្តីប្រកាសព័ត៌មាន​​ដដែលបន្ថែម​​​ថា ​អ្នកជំងឺ​មាន​អាការៈ​គ្រុនក្តៅ ក្អក ហត់ និង​ពិបាក​ដកដង្ហើម។ ហើយ​បច្ចុប្បន្ន​កំពុង​ទទួល​បាន​ការថែទាំពី​សំណាក់​ក្រុមគ្រូ​ពេទ្យ។

សេចក្តីប្រកាសព័ត៌មាន​ដដែល​​បន្ថែមថា៖ «តាមការសាកសួរបង្ហាញថា ប្រហែល៥​ថ្ងៃ មុនចាប់ផ្ដើមឈឺ​នៅផ្ទះ អ្នកជំងឺមាន​មាន់ងាប់ចំនួន៧ក្បាល»។

ក្រសួង​សុខាភិបាល​ក៏​បាន​​ណែនាំឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​យល់ចិត្ត​ទុកដាក់​លើ​ជំងឺ​ផ្ដាសាយ​ ព្រោះ​ជំងឺ​ផ្ដាសាយ​បក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋទាំងអស់។

ក្រសួងសុខាភិបាលបន្ថែម​​​ថា៖ «ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬ​ពិបាក​ដក​ដង្ហើម និងមាន​ប្រវត្តិ​ធ្លាប់​បាន​ប៉ះពាល់​ជាមួយ​មាន់​ទា​ឈឺ ឬ​ស្លាប់​ក្នុង​អំឡុង​១៤ថ្ងៃ​មុនថ្ងៃ​ចាប់​ផ្ដើម​​មាន​​រោគសញ្ញា សូម​កុំ​ទៅ​ជួបជុំ​ ឬ​ទីប្រជុំជន​ដែល​មាន​មនុស្ស​ច្រើន និង​ត្រូវ​ស្វែង​រក​ការពិគ្រោះយោបល់ និង​ការពិនិត្យ​ព្យាបាល​នៅ​តាម​មូលដ្ឋាន​សុខាភិបាល​ដែល​នៅ​ជិត​លោក​អ្នក​បំផុត​ ឲ្យបា​នឆាប់​ទាន់​ពេល​វេលា»។

យោង​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ឱ្យ​ដឹង​ថា​ នៅ​ក្នុង​ឆ្នាំ២០២៣​ នៅ​ប្រទេសកម្ពុជា ករណីកើតជំងឺផ្ដាសាយបក្សី (H5N1) មានចំនួនសរុប៦​ករណី៕​