លោក ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជានៅថ្ងៃពុធនេះ បានទៅសួរសុខទុក្ខលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដល់ភូមិគ្រឹះ ក្នុងក្រុងបាងកក ប្រទេសថៃ ក្រោយលោកថាក់ស៊ីន ត្រូវបានលើកលែងទោសកាលពីប៉ុន្មានថ្ងៃមុន។
លោក ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សកាន់អំណាច បានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ដោយភ្ជាប់រូបភាពលោកកំពុងអង្គុយក្នុងយន្តហោះឯកជនថា៖ «ខ្ញុំកំពុងធ្វើដំណើរទៅកាន់ទីក្រុងបាងកកដើម្បីសួរសុខទុក្ខបងធម៌របស់ខ្ញុំ គឺឯកឧត្តមថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ»។
ដំណើរទៅសួរសុខទុក្ខរបស់លោក ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីលោក ថាក់ស៊ីន ត្រូវបានដោះលែងពីពន្ធនាគារ កាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងទៅ បន្ទាប់ពីជាប់ឃុំអស់រយៈពេល៦ខែ។
លោក សេង វ៉ាន់លី អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិកប្រាប់ Newsroom Cambodia ថា ដំណើរទស្សនៈកិច្ចក្រៅផ្លូវការនេះ បង្ហាញពីទំនាក់ទំនងស្អិតរមួតរវាងគ្រួសារលោក ហ៊ុន សែន និងគ្រួសារលោកថាក់ស៊ីន ក៏ដូចជារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សភឿថៃ។
ក្នុងសារដាច់ដោយឡែកមួយទៀត ដែលលោក ហ៊ុន សែន បានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃពុធដដែលនោះបញ្ជាក់ថា ការជួបគ្នានៃអតីតនាយករដ្ឋមន្ត្រីទាំង២ មិនបាននិយាយគ្នាពីរឿងនយោបាយនោះទេ តែរំឮកអនុស្សារីយ៍មិត្តភាពរយៈពេល៣២ឆ្នាំ។ លោកបន្ថែមថា ក្នុងនាមលោកជាប្រធានគណបក្សប្រជាជនកម្ពុជា លោកបានអញ្ជើញ លោកស្រី អ៊ុងអ៊ឹង (Paethongtarn Shinawatra) ប្រធានគណបក្សភឿថៃ និងកូនស្រីពៅលោកថាក់ស៊ីនមកកម្ពុជា នាថ្ងៃទី ១៤ និង១៥ ខែមិនា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីពង្រឹងចំណងមិត្តភាព។
ជុំវិញការអញ្ជើញប្រធានគណបក្សភឿថៃ និងកូនស្រីពៅលោកថាក់ស៊ីនមកកម្ពុជានេះ លោក សេង វ៉ាន់លី យល់ថា៖ «អ៊ីចឹងការផ្លាស់ប្តូរទស្សនៈកិច្ច ការអញ្ជើញលោកស្រី អ៊ុងអ៊ឹង មកទស្សនកិច្ច ខ្ញុំគិតថា វាកើនជំរុញបន្ថែមលើចំណងទាក់ទងរវាងគណបក្សប្រជាជន និងគណបក្សភឿថៃ»។
គួររំឮកផងដែរ ការជួបគ្នាផ្ទាល់រវាងអតីតនាយករដ្ឋមន្តី្រទាំង២ចុះក្រោយនេះ កើតឡើងអំឡុងពេលថ្ងៃកំណើតលោកហ៊ុន សែន នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។ ជំនួបលើកនោះ ក៏មានវត្តមានលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ជាប្អូនស្រីបង្កើតលោកថាក់ស៊ីន និងជាអតីតនាយករដ្ឋមន្រី្តថៃផងដែរ៕