លោក ហ៊ុន​ សែន អតីតនាយករដ្ឋមន្រ្តី​កម្ពុជា​​​នៅ​ថ្ងៃ​ពុធ​នេះ បាន​ទៅ​​សួរសុខទុក្ខលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដល់ភូមិគ្រឹះ ក្នុងក្រុងបាងកក ប្រទេសថៃ ក្រោយ​​លោក​ថាក់ស៊ីន ត្រូវបាន​លើកលែងទោស​កាលពីប៉ុន្មាន​ថ្ងៃ​មុន​។

លោក​ ហ៊ុន​ សែន អតីតនាយករដ្ឋម​ន្រ្តី​ និង​ជា​ប្រធាន​គណបក្ស​កាន់អំណាច​ បាន​បង្ហោះ​​​សារ​លើ​ទំព័រ​​ហ្វេសប៊ុក​​ផ្លូវការ​​របស់​លោក​​ នៅ​​ព្រឹកថ្ងៃ​ទី២១ ខែកុម្ភៈ ឆ្នាំ​២០២៤ នេះ ដោយ​​ភ្ជាប់​រូបភាព​​​លោកកំពុង​អង្គុយ​​ក្នុងយន្តហោះឯកជនថា​៖ «ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់ទីក្រុង​បាងកក​ដើម្បី​សួរ​សុខទុក្ខ​បងធម៌របស់ខ្ញុំ គឺឯកឧត្តមថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ»។

​ដំណើរទៅសួរ​សុខទុក្ខរបស់​លោក ហ៊ុន សែន ធ្វើ​ឡើង​​បន្ទាប់ពី​​​លោក ថាក់ស៊ីន ត្រូវបាន​​​​ដោះលែង​ពីពន្ធនាគារ ​កាល​ពីថ្ងៃទី១៨ ខែកុម្ភៈ កន្លង​​​​ទៅ​ បន្ទាប់ពីជាប់ឃុំអស់រយៈពេល៦ខែ។

លោក សេង វ៉ាន់លី អ្នក​​តាមដាន​​ភូមិសាស្ត្រ​​នយោបាយ​​​នៅ​​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ប្រាប់ Newsroom Cambodia ថា ដំណើរ​ទស្សនៈកិច្ចក្រៅផ្លូវការនេះ​ បង្ហាញពីទំនាក់ទំនង​​ស្អិត​រមួត​រវាងគ្រួសារលោក ហ៊ុន សែន និងគ្រួសារលោកថាក់ស៊ីន ក៏ដូចជារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សភឿថៃ។

ក្នុង​សារដាច់ដោយឡែក​មួយទៀត ដែល​លោក​ ហ៊ុន សែន បាន​បង្ហោះ​លើទំព័រហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ពុធដដែល​​​​នោះបញ្ជាក់​ថា ការជួបគ្នានៃអតីតនាយករដ្ឋមន្ត្រីទាំង​​២ មិនបាននិយាយ​គ្នាពី​រឿងនយោបាយនោះទេ​ តែរំឮក​អនុស្សារីយ៍​មិត្តភាព​រយៈពេល​​៣២​ឆ្នាំ​។ លោក​បន្ថែម​ថា​ ក្នុង​នាម​លោក​​ជាប្រធានគណបក្សប្រជា​ជ​ន​​កម្ពុជា​ លោក​​​បានអញ្ជើញ​ លោកស្រី អ៊ុងអ៊ឹង (Paethongtarn Shinawatra) ប្រធាន​គណបក្ស​ភឿថៃ និងកូនស្រីពៅលោកថាក់ស៊ីន​មកកម្ពុជា នាថ្ងៃទី ១៤ និង១៥ ខែមិនា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីពង្រឹងចំណងមិត្តភាព។ ​

ជុំវិញការ​អញ្ជើញ​​ប្រធាន​គណបក្ស​ភឿថៃ និងកូនស្រីពៅលោកថាក់ស៊ីន​មកកម្ពុជានេះ​ លោក សេង វ៉ាន់លី យល់​ថា៖ «អ៊ីចឹងការផ្លាស់ប្តូរទស្សនៈកិច្ច ការអញ្ជើញលោកស្រី អ៊ុងអ៊ឹង មកទស្សនកិច្ច ខ្ញុំគិតថា វាកើនជំរុញបន្ថែ​ម​លើចំណងទាក់ទងរវាងគណបក្សប្រជាជន និង​គណបក្ស​​ភឿថៃ»។

គួររំឮកផងដែរ ការជួបគ្នាផ្ទាល់រវាងអតីតនាយករដ្ឋមន្តី្រទាំង២ចុះក្រោយនេះ​ កើតឡើងអំឡុងពេល​ថ្ងៃកំណើត​លោកហ៊ុន សែន នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។ ជំនួបលើកនោះ ក៏មាន​វត្តមាន​លោកស្រី យីងឡាក់ ស៊ីណាវ៉ា​ត្រា ជាប្អូនស្រីបង្កើតលោកថាក់ស៊ីន និងជាអតីតនាយករដ្ឋមន្រី្តថៃ​ផងដែរ៕