និស្សិត​កម្ពុជា​​ដែល​​កំពុង​​ហាត់​ការ​​នៅ​​អ៊ីស្រាអែល​(Israel) បង្ហាញការព្រួយបារម្ភ​ពីសុវត្តិភាព​របស់ខ្លួន និ​​ង​​​ទាមទារឱ្យរដ្ឋាភិបាលជួយសង្រ្គោះពួកគេតាមរយៈការធ្វើមាតុភូមិនិវត្តន៍មកស្រុកកំណើតវិញ ​បើ​ទោះ​​បី​ជា​​នៅពេលនេះ ពួកគេ​បាន​នៅ​តំបន់​ដែល​មាន​សុវត្តិភាព​ហើយ​ក៏ដោយ ស្របពេលដែល​សង្គ្រាម​​នៅតែ​បន្ត​កើតឡើង។

លោក​​ ​ប៉ាក​ ​សំបឿន​ ​មាន​អាយុ​២៣​ឆ្នាំ​ ​ជា​និស្សិត​មក​ពី​​វិទ្យាស្ថានសន្តប៉ូល​ ​ដែល​កំពុង​​ហាត់ការ​នៅ​អ៊ីស្រាអែល​បានប្រាប់គេហទំព័រ​​ Newsroom​ Cambodia តាមបណ្តាញសង្គម ឱ្យដឹងថា​​លោក​​បាននៅ​តំបន់​​ដែ​​ល​​មាន​សុវត្តិភាព​ហើយនៅពេលនេះគឺ​តំបន់​ Lachish។មានស្រុកកំណើតនៅខេត្តតាកែវ លោក ប៉ាក សំបឿ​​ន អះអាងថា នៅចំពោះមុខនេះ រូបគេជួបបញ្ហាស្បៀ​​ង​អាហារ និង​ទីស្នាក់​អាស្រ័យ​ដោយ​សារ​តំបន់ដែ​​ល​​ខ្លួនរស់នៅ មាន​ការ​បិទ​ខ្ទប់។

​​លោកបន្តថា៖« ចំពោះ​តំបន់​ខ្ញុំ​មាន​សុវត្តិភាព​ធម្មតា​ពេល​បច្ចុប្បន្ន​​ ​ប៉ុន្តែ​ចំពោះ​ថ្ងៃ​ក្រោយ​ក៏​អត់​ដឹង​ដែរ​បង​ ​ដោ​​យ​សារ​ឥឡូវ​ហ្នឹង​ការ​បាញ់​គ្នា​​កាន់​តែ​កើន​ឡើង​ខ្លាំង​ឡើងៗ»។

​​​ប្រភពព័ត៌មានពីសារព័ត៌មាន Alja​​ze​e​​ra ចេញផ្សាយកាលពីថ្ងៃទី ១៦ តុលា ឱ្យដឹងថាសង្រ្គាមរវាងក្រុ​​ម​​​​ហាម៉ាស់ ប៉ាឡេស្ទីន និងអ៊ីស្រាអែល ចាប់ពីថ្ងៃទី ៧ តុលា មកបានបណ្តាល​ឱ្យ​ជនស៊ីវិល ​អ៊ីស្រាអែល ​ប្រ​​មា​​ណ​​ជា​​១៤០០នាក់ និង​​ជនជាតិ​ប៉ាឡេស្ទីន​ប្រមាណ​ ២,៧៥០​នាក់​ត្រូវបាត់​បង់​ជីវិត​។​ដោយ​ឡែក​និស្សិ​​​ត​កម្ពុជា​ម្នាក់​ក៏​បាត់បង់​ជីវិត​រវាងសង្រ្គាម​អ៊ីស្រាអែល​(Israel)និង​ក្រុម​ហាម៉ាស់​ប៉ាឡេស្ទី​ន​​​នៅ​តំ​​ប​ន់​​​ហ្គាហ្សា​​​ដែរ ។

បើតាមលោក ប៉ាក់ សំបឿន ក្នុងនាមជានិស្សិតកម្ពុជាម្នាក់ ដែលកំពុងសិក្សានៅអ៊ីស្រាអែល មិនមែនតា​​​ម​រយៈ​ក​​ម្មវិធី​​អាហាររូបករណ៍ បាន​ស្នើឱ្យរដ្ឋាភិបាល​កម្ពុជា​បញ្ជូន​និស្សិត​​កម្ពុជា​ដែល​កំពុង​​​សិក្សា​នៅទីនោះ​អ៊ី ​​បាន​ត្រឡប់​មក​កម្ពុជា​វិញ។ប្រភពបន្តថា​ នៅពេលនេះរាល់​ការ​សិក្សា​ត្រូវបា​ន​ផ្អាក​ព្រោះតែ​សង្គ្រាម ​ហើ​​យ​មើល​ទៅ​​សង្គ្រាមនេះ​​​ក៏​មិ​ន​មែន​អាច​បញ្ចាប់​ក្នុង​រយៈពេល​ខ្លី​នោះ​ដែរ​។

លោក​បន្ត​ថា​៖«សុំរាជរដ្ឋាភិបាល​ជួយ​​បញ្ជូន​និស្សិត​យើង​​ទាំង​​អស់​​ទៅ​​ប្រទេស​​​កម្ពុជា​មាតុភូមិ​​យើង​​វិញ​​ ព្រោះ​​ដោយ​សារ​សង្គ្រាម​នេះ​​មិនមែន​​រយៈពេល​ខ្លី​​ ហើយ​​ចំពោះ​ការ​សិក្សា​​នេះ​​​ក៏​មិនបានសិក្សា​ដែរ​​​បង​ព្រោះ​ការ​ធ្វើ​​សង្គ្រាម ​​អឺ​រាជរដ្ឋាភិបាល​អ៊ី​ស្រាអែល​បាន​បញ្ជាក់​ហើយថា​ការធ្វើ​សង្គ្រាម​អូស​បន្លា​យរយៈពេល​យូរ​អ៊ីចឹងយើងមិនអាច​ធ្វើ​ការរៀន​បាន​ទេ​ »។​

មិនខុសគ្នាទេ ​កញ្ញា​ ឌូ​ ស៊ូ​ជិន​ ជា​និស្សិត​មក​​ពី​សាកលវិទ្យាល័យ​ជាតិ​មានជ័យ​ ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​បន្ទា​​យ​​​​​មាន​ជ័យ​​វិញ ឱ្យដឹងថារូបគេ​បាន​ផ្លាស់​មកកាន់ទីតាំងសុវត្ថិភាព​ហើយ​​ ដោយបច្ចុប្បន្ន​កញ្ញា​រស់នៅ​តំបន់ Shar​​sheret ជាមួយនិស្សិត ៨នាក់ទៀត​ដែល​​មកពី​សាកល​វិទ្យាល័យ​ព្រែកលៀប​ និង​សាកលវិទ្យាល័យ​ជាតិ​​មាន​ជ័យ​ដូច​គ្នា​។

ប្រភពបន្តថា​ តំបន់​ដែល​ខ្លួន​រស់​នៅសព្វ​ថ្ងៃ​ប្រសើរជាងមុន​ ប៉ុន្តែ​សម្លេង​ផ្ទុះអាវុធ​នៅតែ​មាន​ ដែលបង្ក​​ឱ្យ​មា​ន​​​​ភា​​ព​ភ័យខ្លាច​ព្រោះគ្រាប់​ Rocket​ អាចធ្លាក់​មក​គ្រប់​ពេល។

កញ្ញា​ថ្លែង​ថា​៖ « តំបន់​​ពួក​ខ្ញុំ​ប្រសើរ​ជាង​មុន​ច្រើន​​ ប៉ុន្តែ​សម្លេងផ្ទុះ​នៅ​តែ​បន្ត​ផ្ទុះ និង​លឺ​ខ្លាំង​ […] ពួក​យើង​នៅ​តែ​មាន​ការ​ភ័យ​ខ្លាច​ ទោះ​តំបន់​យើង​បច្ចុប្បន្ន​មាន​ការ​ការពារ​ពី​ទាហាន​អ៊ីស្រាអែល​ក៏ដោយ​ ព្រោះតំបន់​ពួកយើងនៅមិនឆ្ងាយពី ហ្គាហ្សាប៉ុន្មានទេ អ៊ីចឹងគ្រាប់Rocket អាចធ្លាក់មកគ្រប់ពេល » ។

គេហទំព័រ​ Newsroom Cambodia មិនអាចទាក់ទងលោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលបានទេ ​ដោ​​យទូរស័ព្ទចូលជាច្រើនដង តែមិនមានអ្នកទទួល ខណៈ​ផ្ញើសារតាមប្រព័ន្ធ​តេឡេក្រាម ក៏មិនមាន​​ការឆ្លើ​​យ​​​តប។

ដោយឡែក លោកនាយរដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ឱ្យដឹងថារដ្ឋា​ភិបាល​បាន​រៀបចំ​ទី​កន្លែង​សុវត្តិភាព​មួយ​ស្ថិត​នៅ​ភា​​គ​ខាងត្បូង​នៃប្រទេ​ស​​អ៊ីស្រាអែល​ ​ដែល​មាន​ចម្ងាយ​ជិត​៣០០​គីឡូ​ម៉ែត្រ​ពី​តំបន់​ហ្គាហ្សា​​ ចំពោះ​និ​​ស្សិ​​​ត​ដែ​​ល​​​មាន​បំណង​ចង់​ចាក​ចេញ​ពី​តំបន់​ដែល​​ខ្លួន​កំពុង​ស្នាក់​នៅ​ទៅ​កាន់​ទី​សុវត្តិភាព​។លោកបន្តថារាល់កា​​​រចំ​​ណាយលើថ្លៃ​​អាហារ ការធ្វើដំណើរ និងការស្នាក់​នៅវាគឺជាបន្ទុករបស់រដ្ឋាភិបាល។

លោក​បន្តថា​៖« គិត​ត្រឹម​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី១៤តុលា​ ឆ្នាំ២០២៣​ […] ​មានប្អូនៗ​និស្សិត​ចំនួន​ ៤​២​២នាក់​បា​ន​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​អនឡាញ​ ដោយ​ប្អូនៗ​ទាំង​៤២២នាក់​នោះ​បាន​សម្រេចចិត្ត​​បន្ត​ស្នាក់​​នៅ​​ក្នុង​តំ​​ប​​ន់​​​ដែល​ខ្លួន​កំពុង​រស់នៅ​ធ្វើការ​ជា​​ធម្មតា​ និង​គិត​​ថា​មិន​ទាន់​មាន​ការចាំបាច់​សម្រាប់​ពួកគេ​ក្នុង​កា​​រ​​​ប្តូរ​ទីតាំង​ទៅកាន់​ទី​កន្លែង​សុវត្តិភាព​ដែល​រាជរដ្ឋាភិបាលកម្ពុជា​បាន​រៀបចំ​ជូន​នោះ​ទេ »។

ជុំវិញករណីនេះ មន្ត្រី​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ ​អាដ​ហុក (Adhoc)​ លោក ស៊ឹង សែនករុណា យល់ថា​​រដ្ឋាភិបាល​គួរ​​ធ្វើ​ទៅតាមអ្វី​ដែល​និស្សិត​ស្នើសុំ​​ជាជាង​រដ្ឋាភិបាល​ជា​អ្នក​កំណត់​។

លោក​បន្តថា៖ « ខ្ញុំ​យល់ថារដ្ឋាភិបាលគួរតែ​ធ្វើការសម្រប​សម្រួល​តាម​ការ​ស្នើ​សុំ​របស់​ក្រុម​និស្សិត​ដែល​នៅ​ប្រទេស​អ៊ី​ស្រាអែល​ហ្នឹង ​ជាជាងយើងជា​​រដ្ឋាភិបាលជាអ្នកសម្រេច​ ឬ​ក៏កំណត់​វាសនា​របស់​គាត់ »។

បើតាមលោក ហ៊ុន ម៉ាណែត ​បច្ចុប្បន្ន​នេះ​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​​នៅ​ប្រទេស ​អ៊ីស្រាអែល​ មាន​ចំ​នួន​ ៤៥២នាក់​ ហើយមក​ទល់​ពេលនេះ​និស្សិត​ទាំងនោះមាន​សុវត្តិភាព​ដោយ​​មាន​ការ​ការពារ​ពី​សំណាក់​អា​​ជ្ញា​​ធរ​ពាក់ព័ន្ធ​ និង​កង​កម្លាំង​ទ័ព​របស់ ​អ៊ីស្រាអែល ​នៅ​តំបន់​ដែល​និស្សិត​កំពុង​ស្នាក់​នៅ​៕