ក្រសួងសុខាភិបាលកម្ពុជាប្រាប់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ថ្នាំ៤មុខដែលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល ក្នុងនោះមានឱសថ CRESTOR 5mg CRESTOR 10mg NEXIUM 20mg និងNEXIUM 40mg ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ឱ្យដឹងថា ថ្មីៗនេះ ឱសថទាំង៤មុខខាងលើកំពុងតែចរាចរនៅលើទីផ្សារ ដោយមានរូបរាងប្រហាក់ប្រហែលនឹងឱសថមានលេខបញ្ជិកា និងកំពុងចែកចាយដោយក្រុមហ៊ុន MGHKH-Healthcare Co., Ltd។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរឱសថ ផលិតផលបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល។ បច្ចុប្បន្ននេះ ឱសថ CRESTOR 5mg, CRESTOR 10mg, NEXIUM 20mg និង NEXIUM 40mg មិនទាន់ត្រូវបានចុះបញ្ជីការនៅក្នុងប្រទេសកម្ពុជាឡើយ។
ក្រសួងសុខាភិបាលបានអំពាវនាវដល់សាធារណជនស្វែងយល់ និងបន្តការយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព ដោយចៀសវាងប្រើប្រាស់ឱសថដែលមិនមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។
ក្រសួងបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននោះតាមន័យដើមថា៖ «ក្រសួងសុខាភិបាលសូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ឱសថដែលគ្មានលេខបញ្ជិកាខាងលើជាបន្តទៀត ព្រោះឱសថនេះមិនធានាបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពបានឡើយ ហើយអាចជាឱសថក្លែងក្លាយបណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង»។
ក្រសួងបានហាមមិនឱ្យបុគ្គលណាម្នាក់ចែកចាយ ឬលក់ឱសថដែលគ្មានបញ្ចិកាទាំងនេះ រួមទាំងជនពាក់ព័ន្ធផ្សេងទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ឱសថខាងលើ។ ក្នុងករណីមានការចែកចាយ ឬលក់ឱសថខាងលើ សូមសាធារណៈជនចូលរួមផ្តល់ព័ត៌មានតាមរយៈលេខ ០១២ ៣៥៥ ១៦១, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១២ ៥៦២ ៤៤៦, ០១៧ ៨៦៦ ៧៦០៕