ជនជាតិដើមភាគតិចមួយចំនួន លើកឡើងថា ការប្រតិបត្តិនូវវប្បធម៌ ប្រពៃណី និងការនិយាយភាសាជនជាតិដើមភាគតិចនៅក្នុងសហគមន៍ ហាក់មានការធ្លាក់ចុះ ដោយសារមានការជ្រៀតចូលនូវវប្បធម៌ខាងក្រៅ ខណៈយុវជនបច្ចុប្បន្នហាក់មានការខ្មាស់អៀនក្នុងការនិយាយភាសាដើម។
ការលើកឡើងរបស់ជនជាតិដើមភាគតិច បានធ្វើឡើងស្របពេលពិភពលោកប្រារព្ធទិវាភាសាកំណើត ថ្ងៃទី២១ ខែកុម្ភៈ។ ក្នុងទិវានេះ អង្គការសហប្រជាជាតិ បានលើកឡើងថា៖ «ភាសាតំណាងឱ្យយើងជានរណា។ ការការពារអត្តសញ្ញាណនេះ គឺជាបញ្ហាសិទ្ធិមនុស្ស»។
ចំណែកទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) បានលើកឡើងក្នុងទិវានេះដែរថា ភាពចម្រុះនៃភាសា នាំឱ្យមានភាពសម្បូរបែបនៃវប្បធម៌ជាតិកម្ពុជា ហើយភាសាជនជាតិភាគតិចចំនួន ៦ ដែលបានប្រើក្នុងការរៀន និងបង្រៀននៅតាមសាលាពហុភាសា មានដូចជា ភាសាព្រៅ ព្នង ចារាយ កាវែត គ្រឹង និងទំពួន។
កញ្ញា សិត ណេង ជាជនជាតិជនជាតិដើមភាគតិចព័រ រស់នៅខេត្តពោធិ៍សាត់ បានលើកឡើងថា នៅខាងសហគមន៍របស់កញ្ញា មិនសូវមានអ្នកនិយាយភាសាជនជាតិដើមភាគតិចទេ ព្រោះនៅក្នុងសហគមន៍នោះ សម្បូរជនជាតិខ្មែរច្រើន ហើយយុវជនហាក់មានភាពខ្មាស់អៀនក្នុងការនិយាយភាសាដើម និងស្លៀកសំលៀកបំពាក់ប្រពៃណីជនជាតិដើមភាគតិច។
កញ្ញាថ្លែងថា៖ «ពេលខ្លះគាត់អត់ចង់រៀន ព្រោះខ្លាចខ្មាស់គេ ខ្លាចគេរើសអើង […] បើយើងអត់ចេះនិយាយ អត់ប្រើប្រាស់សម្លៀកបំពាក់ដូចពីមុន វាបាត់បង់ខ្លាំង ខ្ញុំចង់ឱ្យមានបង្រៀនភាសាឡើងវិញ»។
មានវ័យ ៤០ឆ្នាំ លោក សេន ប៊ុនសាន ជាជនជាតិដើមភាគតិចពូនង រស់នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី យល់ថា វប្បធម៌ និងភាសារបស់ជនជាតិដើមភាគតិច ធ្លាក់ចុះនាពេលបច្ចុប្បន្ននេះ ដោយសារតែការជ្រៀតចូលនូវវប្បធម៌បរទេសខណៈប្រទេសមានការអភិវឌ្ឍ ការបាត់បង់ធនធានធម្មជាតិ និងទីផ្សារការងារតម្រូវឱ្យចេះភាសារបរទេស ដូចជា ភាសាចិន និងអង់គ្លេស ជាដើម។
លោកបន្តថា៖ «ក្មេងជំនាន់ក្រោយ មិនសូវចាប់អារម្មណ៍ទៅលើប្រពៃណីវប្បធម៌ ភាសា ការសែនព្រេងវាយឃ្មោះ ក៏មិនសូវចាប់អារម្មណ៍ដែរ […] ជនជាតិភាគតិចរស់នៅពឹងផ្អែកទៅលើធនធានធម្មជាតិ ព្រៃភ្នំ ដើមឈើ។ នៅពេលបាត់បង់ធនធានធម្មជាតិធ្វើឱ្យបាត់បង់វប្បធម៌ ប្រពៃណី សាសនា ព្រោះការរស់នៅអាស្រ័យផលពីធនធានធម្មជាតិ»។
ករណីនេះ លោកអំពាវនាវដល់រាជរដ្ឋាភិបាល ជួយការពារធនធានធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិច ដើម្បីឱ្យវប្បធម៌ប្រពៃណី ភាសា និងសាសនាជនជាតិភាគតិចនៅរក្សាបានបន្តទៀតដល់យុវជនជំនាន់ក្រោយ។
ចំណែក អ្នកស្រី ទេព ទឹម ជាជនជាតិដើមភាគតិចកួយ រស់នៅក្នុងសហគមន៍ប្រមេរុ ឃុំ ប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានលើកឡើងថា កាលណាដែលបាត់បង់ភាសា គឺស្មើនឹងបាត់បង់អត្តសញ្ញាណជាតិ។ អ្នកស្រីបារម្ភពីការបាត់បង់ភាសាកំណើតរបស់ជនជាតិដើមភាគតិច នៅពេលខាងមុខ ព្រោះបច្ចុប្បន្ន ភាសា វប្បធម៌ និងប្រពៃណីរបស់ពួកគាត់ នៅពុំទាន់មានអ្នកចងក្រងទុកនៅឡើយ។
អ្នកស្រីបន្តថា៖ «យើងព្រួយបារម្ភណាស់ហើយ ដោយសារយើងមិនបានចងក្រងភាសា ចឹងវប្បធម៌ ប្រពៃណី ការប្រើប្រាស់ដីធ្លី សែនព្រេងអី យើងអត់មានឯកសារទេ ដូចរាល់ថ្ងៃ យើងដឹងពីមួយទៅមួយ ជំនាន់នេះទៅជំនាន់ក្រោយ តែអស់ពីជំនាន់ខ្ញុំទៅ ក្មេងចេញចូលច្រើនតៅទីក្រុងទៅ វាអាចនឹងបាត់បង់ភាសា បាត់បង់អត្តសញ្ញាណជនជាតិដើមភាគតិចមែន មិនថាទៅ ១០០ឆ្នាំទេ តែ ៥០ឆ្នាំទៅមុខមិនដឹងអាម៉េចផង ពីព្រោះក្មេងឥលូវ គេត្រូវការរៀនសូត្រខ្ពស់ ហើយរៀនទៅអត់ត្រឡប់មកស្រុកវិញកាន់តែធ្ងន់ធ្ងរ»។
អ្នកស្រី ទេព ទឹម បន្តថា មូលហេតុដែលធ្វើឱ្យភាសាជនជាតិដើមភាគតិចមានការបាត់បង់ ព្រោះមានការរើសអើងពីសាធារណជន ហើយអ្នកស្រីស្នើឱ្យរដ្ឋភិបាលជួយលើកកម្ពស់ និងអភិរក្សភាសាជនជាតិដើមភាគតិចទាំងអស់ ដើម្បីរក្សានៅអត្តសញ្ញាណរបស់ជនជាតិដើមភាគតិច។
អ្នកស្រីបន្តថា៖ «ពីដំបូងឡើយមានការរើសអើងពីមជ្ឈដ្ឋានខាងក្រៅ គេមិនឱ្យតម្លៃចឹងទៅក៏លាក់គំនួច នៃភាសា នៃជនជាតិខ្លួនឯងដោយសារតែមានការរើសអើង។ ខ្ញុំសូមសំណូមពរដល់រាជរដ្ឋាភិបាលជួយគាំទ្រ និងលើកកម្ពស់ភាសាជនជាតិដើមភាគតិច មិនថាគ្រឹង គួយ ទំពូង គ្រប់ជនជាតិទាំងអស់ កុំឱ្យមានការរើសអើង ត្រូវគោរព និងឱ្យតម្លៃ ភាសា និងវប្បធម៌ដើម្បីរក្សាបាននៅអត្តសញ្ញាណជនជាតិដើមភាគតិច»។
ប្រធានកម្មវិធីរបស់សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា ហៅកាត់ថា CIYA លោក រិទ្ធី វិរៈ លើកឡើងថា សម័យសកលភាវូបនីយកម្ម មានការទទួលយកនូវវប្បធម៌ខាងក្រៅ ក៏ដូចជាមានការអភិវឌ្ឍផ្សេងៗ រួមទាំងភាសាបរទេស ចំណូលស្រុក និងការផ្សព្វផ្សាយសាសនាជាដើម ហើយចំពោះការផ្សព្វផ្សាយពីភាសា និងវប្បធម៌ជនជាតិដើម នៅមានកំរិតទាបនៅឡើយ។
លោកថា៖ «ចាស់ទុំ គាត់មិនសូវបានចែករំលែកបានទូលំទូលាយជាប្រចាំដល់កូនៗចៅៗ ធ្វើឱ្យមានការរួមចំណែកក្នុងការប្រើប្រាស់ភាសាជនជាតិដើមភាគតិច មួយវិញទៀតយុវជនយើងមួយចំនួន ទោះដឹងថាការផ្សព្វផ្សាយពីវប្បធម៌មានការកើនឡើងជាងមុនតែនៅមានកម្រិត ក្នុងការរក្សាប្រពៃណីឱ្យបានខ្ជាប់ខ្ចួន។ យុវជនមួយចំនួន ទទួលនូវបរិបទ ក្នុងការរស់នៅរបស់គាត់ មានការរើសអើង មានការជាតិសាសន៍ពណ៌សម្បុរ ធ្វើឱ្យពួកគាត់មិនហ៊ានបង្ហាញខ្លួនឯង ជាជនជាតិដើមភាគតិច នេះក៏ជាចំណែកនាំឱ្យពួកគាត់បាត់បង់ភាសាពួកគាត់ដែរ»។
លោកបន្ថែមថា៖ «សូមឱ្យយុវជន មានភាពក្លាហានក្នុងការប្រើភាសា និងថែរក្សាអត្តសញ្ញាណរបស់ខ្លួន និងសូមឱ្យចាស់ទុំជនជាតិដើមភាគតិច រក្សាវប្បធម៌ឱ្យបានខ្ជាប់ខ្ជួន ចែករំលែកឱ្យបានទូលំទូលាយបន្ថែមទៀត និងសូមឱ្យរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ធ្វើការថែរក្សា វប្បធម៌ប្រពៃណី និងភាសាជនជាតិដើមភាគតិចតាមរយៈ ការអប់រំជាភាសាដើម និងចងក្រងភាសា និងអក្សរជនជាតិដើម»។
អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ុំ ម៉ាប់ មានប្រសាសន៍ថា ក្រសួង បាននិងកំពុងជួយអភិរក្ស អភិវឌ្ឍន៍ និងការពារប្រពៃណីវប្បធម៌របស់ជនជាតិដើមភាគតិច ព្រមទាំងចូលរួមរក្សានូវជំនាញចំណេះដឹងផ្នែកវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ការអភិរក្សភ្លេង និងឧបករណ៍ផ្សេងៗទៀតដែលដូនតាបានបន្សល់ទុក។
លោកបន្ថែមថា៖ «យើងចូលរួមការពារកន្លែងគោរពសក្ការៈបូជា ចុងក្រោយនេះយើងចូលរួមផងដែលក្នុងការបង្កើតជាសមាគមន៍ មជ្ឈមណ្ឌល សម្រាប់ជនជាតិដើមភាគតិចទាំងនោះ អាហ្នឹងទម្រង់ដែលក្រសួងវប្បធម៌ចូលរួមជាមួយនឹងបងប្អូនជនជាតិដើមភាគតិច»។
លោកបន្តថា ការអភិរក្សវប្បធម៌ និងភាសាជាកត្តាចម្បង គឺសហគមន៍ខ្លួនឯង ដែលត្រូវតែរក្សា ការពារ និងនិយាយភាសាជនជាតិដើមភាគតិច មុននឹងមានការជួយជ្រោមជ្រែងពីមជ្ឈដ្ឋានផ្សេង។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា មានប្រសាសន៍ថា កន្លងមក ក្រសួងអប់រំតែងតែយកចិត្តទុកដាក់ចំពោះកុមារទាំងអស់ ជាពិសេសកុមារដែលជាជនជាតិភាគតិច ឱ្យបានចូលរៀនដូចកុមារដទៃទៀត។ លោកស្រីបន្តថា ក្នុងកម្មសិក្សានៅថ្នាក់ទី១ ទី២ និងទី៣ នៅតំបន់ដែលមានជនជាតិដើមភាគតិចរស់នៅ ក៏មានដាក់ចូលនូវការបង្រៀនភាសាជនជាតិដើមភាគតិច ជាមួយនឹងភាសាខ្មែរផងដែរ ដែលនេះជាការលើកកម្ពស់ និងអភិរក្សនូវភាសាកំណើតរបស់ពួកគាត់។
លោកស្រីបញ្ជាក់ថា៖ «កន្លងមក ក្រសួងអប់រំយុជន និងកីឡា បានខិតខំរៀបចំកម្មវិធីមួយ យើងហៅថាកម្មវិធីស្ពាន ជាកម្មវិធីពហុភាសា ដែលជាការធ្វើជាស្ពានដើម្បីឱ្យកុមារជនជាតិដើមភាគតិចនោះ គាត់មានឱកាសចូលរៀនដូចបងប្អូនដទៃទៀតដែរ ក្នុងនោះមានខេត្តមួយចំនួនដែលមានជនជាតិដើមភាគតិចរស់នៅ ដូចជា នៅក្នុងខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី ជាដើម ក្នុងន័យនេះ គឺដើម្បីផ្ដល់ឱកាសឱ្យពួកគាត់អត់បានចូលរៀនដូចកុមារដទៃទៀតដែរ ទី២ ក៏ដើម្បីអភិរក្សភាសារបស់ជនជាតិដើមភាគតិច ហើយចំណុចទាំងអស់នេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់»។
តាមរបាយការណ៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជនជាតិដើមភាគតិចដែលរស់នៅក្នុងប្រទេសកម្ពុជា មានចំនួន ២៤ក្រុម រួមមាន ជនជាតិដើមភាគតិចព្រៅ ជង ចារាយ កាចក់ កាវ៉ែត ខិ ខោញ កួយ គ្រឹង ក្រោល ព្នង ល្អិន លុន មិល ព័រ រដែ សំរែ សួយ ស្ពុង ទំពួន ស្ទៀង ថ្មូន រអង និងស្អូច ដែលមានចំនួនប្រមាណជា ១,៣៤ភាគរយ នៃប្រជាជនកម្ពុជាសរុប។
ពួកគេកំពុងរស់នៅតាមខេត្តចំនួន ១៥ ដូចជាខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ឧត្តរមានជ័យ ត្បូងឃ្មុំ ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង បាត់ដំបង ព្រះសីហនុ បន្ទាយមានជ័យ និងសៀមរាប ហើយពួកគាត់ភាគច្រើនប្រកបការងារធ្វើស្រែចម្ការវិលជុំប្រមូលផលអនុផលព្រៃឈើ ការប្រមាញ់សត្វ ការនេសាទ និងចិញ្ចឹមសត្វជាលក្ខណៈប្រពៃណីគ្រួសារ៕