ជនជាតិដើមភាគតិចមួយចំនួន លើកឡើងថា ការប្រតិបត្តិនូវវប្បធម៌ ប្រពៃណី និងការ​​និយាយភាសាជនជាតិដើមភាគតិច​​នៅក្នុង​សហគមន៍ ​ហាក់​មានការធ្លាក់ចុះ ដោយ​សារ​មានការជ្រៀតចូល​នូវ​វប្បធម៌​ខាងក្រៅ ខណៈយុវជនបច្ចុប្បន្នហាក់មានការខ្មាស់អៀនក្នុងការនិយាយភាសាដើម។​

ការលើកឡើងរបស់ជនជាតិដើមភាគតិច បានធ្វើឡើងស្របពេលពិភពលោកប្រារព្ធទិវា​ភាសាកំណើត​ ថ្ងៃទី២១ ខែកុម្ភៈ។ ក្នុងទិវានេះ អង្គការសហប្រជាជាតិ បានលើកឡើងថា៖ «ភាសាតំណាងឱ្យយើងជា​នរណា។ ការការពារអត្តសញ្ញាណនេះ គឺជាបញ្ហាសិទ្ធិមនុស្ស»

ចំណែក​ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) បានលើកឡើងក្នុងទិវានេះដែរថា ភាព​ចម្រុះនៃភាសា នាំឱ្យមានភាពសម្បូរបែបនៃវប្បធម៌ជាតិកម្ពុជា ហើយ​ភាសាជនជាតិភាគតិចចំនួន ៦ ដែល​បាន​ប្រើក្នុ​ងការរៀន និងបង្រៀននៅតាមសាលាពហុភាសា មានដូចជា ភាសា​ព្រៅ ព្នង ចារាយ កាវែត គ្រឹង និងទំពួន។

កញ្ញា សិត​ ណេង ជាជនជាតិជនជាតិដើមភាគតិចព័រ រស់នៅខេត្តពោធិ៍សាត់ បានលើកឡើងថា នៅខាង​សហគមន៍​របស់​កញ្ញា មិនសូវមានអ្នកនិយាយភាសាជនជាតិដើមភាគតិចទេ ព្រោះនៅក្នុងសហគមន៍នោះ សម្បូរជនជាតិខ្មែរច្រើន ហើយ​យុវជនហាក់មានភាពខ្មាស់អៀនក្នុងការនិយាយភាសាដើម​ និងស្លៀកសំលៀកបំពាក់ប្រពៃណី​ជន​ជាតិ​ដើមភាគតិច។ ​

កញ្ញាថ្លែងថា៖ «ពេលខ្លះគាត់អត់ចង់រៀន ព្រោះខ្លាចខ្មាស់គេ ខ្លាចគេរើសអើង […] បើយើងអត់ចេះនិយាយ អត់ប្រើប្រាស់សម្លៀក​បំពាក់​ដូចពីមុន វាបាត់បង់ខ្លាំង ខ្ញុំចង់ឱ្យមានបង្រៀនភាសាឡើងវិញ»។​

មានវ័យ ៤០ឆ្នាំ លោក សេន ប៊ុនសាន ជាជនជាតិដើមភាគតិចពូនង រស់នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី​ យល់ថា វប្បធម៌ និងភាសារបស់ជនជាតិដើមភាគតិច ធ្លាក់ចុះនាពេលបច្ចុប្បន្ន​នេះ ដោយ​សារ​តែការជ្រៀតចូលនូវវប្បធម៌បរទេស​​ខណៈប្រទេស​មានការអភិវឌ្ឍ ការ​​​បាត់​បង់​ធន​ធាន​ធម្មជាតិ និង​ទីផ្សារ​ការ​ងារ​តម្រូវ​ឱ្យ​ចេះភាសារបរទេស ដូចជា ភាសា​ចិន និង​អង់គ្លេស ជាដើម។

លោកបន្តថា៖ «ក្មេងជំនាន់ក្រោយ មិនសូវចាប់អារម្មណ៍ទៅលើ​ប្រពៃណីវប្បធម៌ ភាសា ការសែនព្រេងវាយឃ្មោះ ក៏មិនសូវ​ចាប់អារម្មណ៍​ដែរ […] ជនជាតិភាគតិចរស់នៅពឹងផ្អែកទៅលើធនធានធម្មជាតិ ព្រៃភ្នំ ដើមឈើ។ នៅពេលបាត់បង់ធនធានធម្មជាតិធ្វើឱ្យ​បាត់បង់វប្បធម៌ ប្រពៃណី សាសនា ព្រោះការរស់នៅអាស្រ័យផលពីធនធានធម្មជាតិ»។

ករណីនេះ លោកអំពាវនាវ​ដល់​​រាជរដ្ឋាភិបាល ជួយការពារធនធានធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគ​តិច ដើម្បីឱ្យវប្បធម៌ប្រពៃណី ភាសា និងសាសនា​ជនជាតិភាគតិចនៅរក្សាបានបន្តទៀតដល់យុវជន​ជំនាន់ក្រោយ។

ចំណែក អ្នកស្រី ទេព ទឹម ជាជនជាតិដើមភាគតិចកួយ រស់នៅក្នុងសហគមន៍ប្រមេរុ ឃុំ ប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានលើកឡើងថា កាលណាដែលបាត់បង់ភាសា គឺ​ស្មើនឹង​បាត់បង់អត្តសញ្ញាណជាតិ។ អ្នកស្រី​បារម្ភពីការបាត់បង់ភាសាកំណើតរបស់ជនជាតិដើមភាគតិច នៅពេល​ខាង​​មុខ ព្រោះបច្ចុប្បន្ន ភាសា វប្បធម៌ និង​ប្រពៃណីរបស់ពួកគាត់ នៅ​ពុំទាន់មាន​អ្នកចងក្រងទុក​នៅឡើយ។

អ្នកស្រីបន្តថា៖ «យើងព្រួយបារម្ភ​ណាស់ហើយ ដោយសារយើងមិនបានចងក្រងភាសា ចឹង​វប្បធម៌ ប្រពៃណី ការ​ប្រើប្រាស់ដីធ្លី សែនព្រេងអី យើងអត់មានឯកសារទេ ដូចរាល់ថ្ងៃ យើងដឹងពីមួយទៅមួយ ជំនាន់នេះទៅជំនាន់ក្រោយ តែអស់ពីជំនាន់​ខ្ញុំ​ទៅ ក្មេងចេញចូលច្រើនតៅទីក្រុងទៅ វាអាចនឹងបាត់បង់ភាសា បាត់​បង់​អត្តសញ្ញាណជនជាតិដើមភាគតិចមែន មិនថា​ទៅ ១០០​ឆ្នាំទេ តែ ៥០ឆ្នាំទៅមុខមិនដឹងអាម៉េច​ផង ពីព្រោះក្មេងឥលូវ គេត្រូវការរៀនសូត្រខ្ពស់ ហើយរៀនទៅអត់ត្រឡប់​មក​ស្រុក​វិញកាន់​តែ​ធ្ងន់​ធ្ងរ»។

អ្នកស្រី ទេព ទឹម បន្ត​ថា មូលហេតុដែលធ្វើឱ្យភាសាជនជាតិដើមភាគតិចមានការបាត់បង់ ព្រោះមានការរើសអើងពីសាធារណជន ហើយអ្នកស្រីស្នើឱ្យរដ្ឋភិបាលជួយលើកកម្ពស់ និងអភិរក្សភាសាជនជាតិ​ដើមភាគតិចទាំងអស់ ដើម្បីរក្សានៅអត្តសញ្ញាណរបស់ជនជាតិដើមភាគតិច​។​

អ្នកស្រីបន្តថា​៖ «ពីដំបូងឡើយមានការរើសអើងពីមជ្ឈដ្ឋាន​ខាង​ក្រៅ គេមិនឱ្យតម្លៃចឹងទៅក៏លាក់គំនួច នៃភាសា នៃជនជាតិខ្លួនឯងដោយសារតែមានការរើសអើង។ ខ្ញុំសូមសំណូមពរដល់រាជរដ្ឋាភិបាលជួយគាំទ្រ និងលើកកម្ពស់ភាសាជនជាតិដើមភាគតិច មិន​ថា​គ្រឹង គួយ ទំពូង គ្រប់​ជនជាតិទាំងអស់ កុំឱ្យមានការរើសអើង ត្រូវ​គោរព និងឱ្យតម្លៃ ភាសា​ និងវប្បធម៌ដើម្បីរក្សាបាននៅអត្តសញ្ញាណជនជាតិដើមភាគតិច»។

ប្រធានកម្មវិធីរបស់សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា ហៅកាត់ថា CIYA  លោក​​ រិទ្ធី វិរៈ លើក​ឡើង​ថា សម័យ​សកលភាវូបនីយកម្ម មានការទទួលយកនូវវប្បធម៌ខាងក្រៅ ក៏ដូចជាមានការអភិវឌ្ឍផ្សេងៗ រួមទាំង​ភាសាបរទេស ចំណូលស្រុក និង​ការផ្សព្វផ្សាយសាសនាជាដើម​ ហើយចំពោះការផ្សព្វផ្សាយពីភាសា និងវប្បធម៌ជនជាតិដើម នៅមានកំរិតទាបនៅឡើយ។

លោកថា៖ «ចាស់ទុំ គាត់មិនសូវបានចែករំលែកបានទូលំទូលាយជាប្រចាំដល់កូនៗចៅៗ ធ្វើឱ្យមានការរួមចំណែកក្នុងការ​​ប្រើប្រាស់ភាសាជនជាតិដើមភាគតិច មួយវិញទៀតយុវជនយើងមួយ​ចំនួន ទោះដឹង​ថា​ការផ្សព្វផ្សាយពីវប្បធម៌មានការកើនឡើង​ជាង​មុន​តែនៅមានកម្រិត​ ក្នុងការរក្សាប្រពៃណីឱ្យបានខ្ជាប់ខ្ចួន។ យុវជនមួយចំនួន ទទួលនូវបរិបទ ក្នុងការរស់នៅរបស់គាត់ មានការរើសអើង មានការជាតិសាសន៍ពណ៌សម្បុរ ធ្វើឱ្យពួកគាត់មិនហ៊ានបង្ហាញខ្លួនឯង ជាជនជាតិដើមភាគតិច នេះក៏ជាចំណែកនាំឱ្យពួកគាត់បាត់បង់ភាសាពួកគាត់ដែរ»។

លោកបន្ថែម​ថា៖ «សូមឱ្យយុវជន មានភាពក្លាហានក្នុងការប្រើភាសា និងថែរក្សាអត្តសញ្ញាណរបស់ខ្លួន និងសូមឱ្យចាស់ទុំជនជាតិដើមភាគតិច រក្សាវប្បធម៌ឱ្យបានខ្ជាប់ខ្ជួន ចែករំលែកឱ្យបានទូលំទូលាយបន្ថែមទៀត និងសូមឱ្យរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ធ្វើការថែរក្សា វប្បធម៌ប្រពៃណី និងភាសាជនជាតិដើមភាគតិចតាមរយៈ ការអប់រំជាភាសាដើម និងចងក្រងភាសា និងអក្សរជនជាតិដើម»។

អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ុំ ម៉ាប់ មានប្រសាសន៍ថា ក្រសួង បាននិងកំពុង​​ជួយ​អភិរក្ស អភិវឌ្ឍន៍ និងការពារប្រពៃណីវប្បធម៌របស់ជនជាតិដើមភាគតិច​ ព្រមទាំង​​ចូល​រួម​​រក្សានូវ​​​ជំនាញចំណេះដឹងផ្នែកវប្បធម៌ ប្រពៃណី ទំនៀម​ទម្លាប់ ការ​អភិរក្សភ្លេង និងឧបករណ៍ផ្សេងៗទៀត​ដែល​ដូនតាបានបន្សល់ទុក។

លោកបន្ថែមថា៖ «យើងចូលរួមការពារ​កន្លែង​គោរព​សក្ការៈ​បូជា ចុងក្រោយនេះយើងចូលរួមផងដែលក្នុងការបង្កើតជាសមាគមន៍ មជ្ឈមណ្ឌល សម្រាប់ជនជាតិដើមភាគតិចទាំងនោះ អាហ្នឹងទម្រង់ដែលក្រសួងវប្បធម៌ចូលរួមជាមួយនឹងបងប្អូនជនជាតិដើមភាគតិច»។

លោកបន្តថា ការអភិរក្សវប្បធម៌ និងភាសាជាកត្តាចម្បង គឺសហគមន៍​ខ្លួនឯង ដែលត្រូវតែរក្សា ការពារ និងនិយាយភាសាជនជាតិដើមភាគតិច មុននឹងមានការជួយជ្រោមជ្រែងពីមជ្ឈដ្ឋានផ្សេង។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក​ស្រី ឃួន វិច្ឆិកា មានប្រសាសន៍ថា កន្លងមក ក្រសួង​អប់រំតែង​តែយក​ចិត្ត​ទុកដាក់ចំពោះកុមារទាំងអស់ ជាពិសេសកុមារដែលជាជនជាតិភាគតិច​ ឱ្យបានចូ​ល​រៀន​​​ដូចកុមារដទៃទៀត។ លោកស្រីបន្តថា​ ក្នុងកម្ម​សិក្សានៅថ្នាក់ទី១ ទី២ និង​ទី៣ នៅតំបន់ដែលមានជនជាតិដើមភាគតិចរស់នៅ ក៏មានដាក់ចូល​នូវការ​បង្រៀនភាសាជនជាតិ​ដើមភាគតិច ជាមួយ​នឹង​ភាសាខ្មែរផងដែរ ដែលនេះជាការលើកកម្ពស់ និងអភិរក្ស​​នូវភាសាកំណើតរបស់ពួកគាត់។

លោក​ស្រីបញ្ជាក់​ថា៖ «កន្លងមក ក្រសួងអប់រំយុជន និងកីឡា បានខិតខំរៀបចំកម្មវិធីមួយ យើងហៅថាកម្មវិធីស្ពាន ជាកម្មវិធីពហុ​ភាសា ដែលជាការធ្វើជាស្ពានដើម្បីឱ្យកុមារជនជាតិដើមភាគតិចនោះ គាត់មានឱកាសចូលរៀនដូចបងប្អូនដទៃទៀតដែរ ក្នុងនោះ​មានខេត្តមួយចំនួន​ដែលមានជនជាតិដើមភាគតិចរស់នៅ ដូចជា នៅក្នុងខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី ជាដើម ក្នុងន័យនេះ គឺដើម្បីផ្ដល់ឱកាសឱ្យពួកគាត់អត់បានចូលរៀនដូចកុមារដទៃទៀតដែរ ទី២ ក៏ដើម្បីអភិរក្សភាសារបស់ជនជាតិដើម​ភាគតិច ហើយចំណុចទាំងអស់នេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់»។

តាមរបាយការណ៍​របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជនជាតិ​ដើមភាគតិចដែល​រស់នៅ​ក្នុងប្រទេស​កម្ពុជា​ មានចំនួន ២៤ក្រុម​ រួមមាន ​ជន​ជាតិដើមភាគតិច​​​​ព្រៅ ជង ចារាយ កាចក់ កាវ៉ែត ខិ ខោញ កួយ គ្រឹង ក្រោល ព្នង ល្អិន លុន  មិល ព័រ រដែ សំរែ សួយ ស្ពុង ទំពួន ​ស្ទៀង​​ ថ្មូន រអង និងស្អូច ដែលមានចំនួន​ប្រមាណជា ១,៣៤ភាគរយ នៃប្រជាជនកម្ពុជាសរុប។

ពួកគេ​កំពុង​រស់នៅ​តាម​ខេត្ត​ចំនួន ១៥ ដូចជា​ខេត្តរតនគិរី​ មណ្ឌលគិរី​ ក្រចេះ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ឧត្តរមាន​ជ័យ ត្បូងឃ្មុំ ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង បាត់ដំបង ព្រះសីហនុ បន្ទាយមាន​ជ័យ និង​សៀមរាប ហើយ​ពួកគាត់​ភាគច្រើន​ប្រកប​ការងារ​ធ្វើស្រែ​ចម្ការ​វិលជុំ​ប្រមូលផល​អនុផល​ព្រៃឈើ ការ​ប្រមាញ់​សត្វ ការនេសាទ និង​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​ប្រពៃណី​គ្រួសារ​៕