យុវជនចលនាមាតាធម្មជាតិ បានអះអាងថា ទឹកធ្លាក់ធម្មជាតិរូងប្រជៀវ ស្ថិតនៅតំបន់អេកូទេសចរណ៍ជីផាត ស្រុកស្រែអំបិល ខេត្តកោះកុង បាននិងកំពុងទទួលរងនូវការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដែលបង្កដោយក្រុមហ៊ុនអាជីវកម្មរ៉ែថ្មមួយកន្លែង ដែលមានទីតាំងនៅក្បែរនោះ។
វីដេអូមួយដែលក្រុមចលនាមាតាធម្មជាតិ បានបង្ហោះលើបណ្តាញសង្គម Facebook កាលពីថ្ងៃទី២១ ខែកុម្ភៈ បានបង្ហាញថា ទឹកធ្លាក់រូវប្រជៀវដែលធ្លាប់តែស្ងប់ស្ងាត់ ហុំព័ទ្ធដោយដើមឈើពណ៌បៃតង មានទឹកថ្លាឆ្វង់គួរឱ្យចង់លេងកម្សាន្ត និងមានព្រៃឈើព័ទ្ធជុំវិញនោះ បានប្រែក្លាយជាកន្លែងដែលមានសំឡេងបំផ្ទុះថ្ម និងកិនថ្ម ទឹកប្រែជាល្អក់ និងមានធុលីដីហុយពេញនៅតំបន់នោះថែមទៀតផង។
ប្រភពដដែលបន្តថា ការខិតខំរបស់ប្រជាពលរដ្ឋមូលដ្ឋាន ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងអង្គការសង្គមស៊ីវិល តាំងពីឆ្នាំ២០០៧ ក្នុងការបង្កើតសហគមន៍អេកូទេសចរណ៍ជីផាត ដើម្បីថែរក្សាការពារធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃ បានប្រែក្លាយជាឥតន័យ ព្រោះនៅក្នុងឆ្នាំ២០២៣ គេបែរជាឃើញមានក្រុមហ៊ុន លោកឧកញ៉ា អ៊ុត ធី មានសិទ្ធិដំណើរការរោងចក្រផលិតថ្ម នៅតំបន់នោះទៅវិញ។
ក្នុងវីដេអូដដែលនោះ ក្រុមយុវជន បាននិយាយថា៖ «ពួកយើងឆ្ងល់ខ្លាំងណាស់ថា ហេតុអ្វីក្រសួងពាក់ព័ន្ធ អនុញ្ញាតឱ្យមានអាជីវកម្មដែលប៉ះពាល់ធ្ងន់ធ្ងរដល់ទេសភាព ធនធានធម្មជាតិ ក្នុងតំបន់អេកូទេចរណ៍ល្បីឈ្មោះរបស់ប្រទេសកម្ពុជាបែបនេះ?»។
ក្រុមសកម្មជនបរិស្ថានទាំងនោះ បានស្នើដល់ក្រសួងពាក់ព័ន្ធ រួមមាន ក្រសួងរ៉ែ និងថាមពល និងក្រសួងបរិស្ថាន មានចំណាត់ការទៅលើរឿងនេះ និងទាមទារឱ្យអាជ្ញាធរបញ្ឈប់អាជីវកម្មដែលពួកគេថាបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ទឹកធ្លាក់រូងប្រជៀវ ដើម្បីជាប្រយោជន៍ដល់វិស័យទេសចរណ៍នៅក្នុងស្រុក និងសហគមន៍មូលដ្ឋាន ក៏ដូចជាថែរក្សាតំបន់អេកូទេសចរណ៍ធម្មជាតិមួយនេះ។
លោក ឡឹង វណ្ណនិត ជាសកម្មជនបរិស្ថាន និងជាអ្នកចូលរួមសកម្មភាពជាមួយក្រុមយុវជនចលនាមាតាធម្មជាតិ បានលើកឡើងថា ការធ្វើអាជីវកម្មរ៉ែថ្ម នៅក្បែរតំបន់ទេសចរណ៍បែបនេះ មិនត្រឹមតែមានផលប៉ះពាល់ដល់ធនធានធម្មជាតិនោះទេ ប៉ុន្តែថែមទាំងបានផ្តល់ផលប៉ះពាល់ដោយប្រយោលដល់ប្រជាពលរដ្ឋដែលរស់នៅ និងអាស្រ័យផលពីប្រភពទឹកនោះថែមទៀតផង។
លោកថា៖ «ប្រភពទឹកដែលធ្លាប់តែស្អាត បែរជាប្រើការលែងបាន ពីមុនប្រជាជនគាត់អាចយកទឹកហ្នឹងទៅងូត ប្រើប្រាស់ដាំស្ល និងស្រោចស្រពដំណាំតាមតម្រូវការប្រចាំថ្ងៃ […] វាក៏ប៉ះពាល់ដល់ប្រាក់ចំណូលប្រជាជនដែលពឹងផ្អែកលើវិស័យទេសចរណ៍ផងដែរ លែងមានភ្ញៀវមកលេង ធ្វើឱ្យប្រជាជនបាត់ចំណូល បាត់ការងារ ដែលអាចនាំឱ្យពួកគាត់នាំគ្នាទៅកាប់ព្រៃ ឬឈានដល់ការចំណាកស្រុក ដោយមិនដឹងច្បាប់ទម្លាប់ត្រឹមត្រូវ អាចនឹងពួកគាត់ទៅទាំងខុសច្បាប់ទៀត»។
ឆ្លើយតបទៅនឹងការលើកឡើងនេះ លោកឧកញ៉ា អ៊ុត ធី ដែលជាម្ចាស់ក្រុមហ៊ុនអាជីវកម្មរ៉ែថ្ម បានបដិសេធការចោទប្រកាន់របស់ក្រុមយុវជនចលនាមាតាធម្មជាតិ ដោយលោកអះអាងថា មិនមានទឹកធ្លាក់នៅជិតកន្លែងអាជីវកម្មរបស់លោកនោះទេ។
លោកថា៖ «មុននឹងធ្វើ គេសុទ្ធតែមានសុំច្បាប់ អាជ្ញាប័ណ្ណអីស្រួលបួល មិនមែនមកនិយាយចេះតែប៉ះពាល់ ប៉ះពាល់ តាមតែអំពើចិត្តនោះទេ។ ទឹកធ្លាក់អី អត់មាននៅនឹងទេ ទឹកធ្លាក់រមណីយដ្ឋានគេនៅខាងជីផាតទេ នៅហ្នឹងអត់មានទឹកធ្លាក់អីទេ ទឹកធ្លាក់អូរប្រជៀវអីណា គោកអស់ហើយ[…] អ្នកណាថា ទឹកធ្លាក់នៅជិតប្រវែង ១៥០ម៉ែត្រ បើសិនជានៅជិតបែបនេះមែនខ្ញុំឱ្យឡាន Lexus ៧គ្រឿង អ្នកនិយាយហ្នឹងពន្លើស ទាល់តែថ្ងៃណាមួយណាត់ជាមួយខ្ញុំ បង្កើតគណៈកម្មការចុះទៅមើលតែម្តងទៅ»។
លោកបានអះអាងទៀតថា អាជីវកម្មរបស់លោក គឺត្រូវបានទទួលការពិនិត្យ និងវាយតម្លៃផលប៉ះពាល់បរិស្ថានត្រឹមត្រូវ ពីសំណាក់ក្រសួងពាក់ព័ន្ធ មុននឹងត្រូវបានដាក់ឱ្យដំណើរការ។
លោកថា៖ «មុននឹងគេឱ្យខ្ញុំ ក្រសួងបរិស្ថាន ក្រសួងរ៉ែ គេបានចុះសិក្សាហើយ បានគេឱ្យមកខ្ញុំ […] ៤០ឆ្នាំហើយ ដែលប្រជាជនគ្មានស្ពានឆ្លង ខ្ញុំទៅធ្វើនៅហ្នឹង ប្រជាជនមានស្ពានឆ្លងត្រឹមត្រូវទាំងអស់ ហើយអ្នកដែលពូកែថាហ្នឹង ថ្ងៃណាមួយទៅពិនិត្យមើលតែម្តងទៅ បានដឹងថាម៉េច»។
គេហទំព័រ Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពីអភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី និងប្រធានមន្ទីររ៉ែ និងថាមពល លោក ប៉ិច ស៊ីយន បានទេ។
នាយកប្រតិបត្តិអង្គការបណ្តាញយុវជនកម្ពុជា លោក ហេង គីមហុង មានប្រសាសន៍ថា បើសិនជាមានករណីដូចការលើកឡើងរបស់ក្រុមយុវជនមាតាធម្មជាតិមែន នោះជាក្តីកង្វល់សង្គមស៊ីវិលជុំវិញផលប៉ះពាល់ទៅលើបរិស្ថាន និងធនធានធម្មជាតិ។ ករណីនេះ លោកបានជំរុញទៅអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ខ្ពស់ និងដោះស្រាយបញ្ហានេះ។
លោកថា៖ «ខ្ញុំគិតថា វាជារឿងមួយដែលមានការប៉ះពាល់ធ្ងន់ធ្ងរទៅដល់ផលប្រយោជន៍របស់សហគមន៍មូលដ្ឋាន […] ខ្ញុំគិតថា ខាងមន្ទីរទេសចរណ៍ ក៏ដូចជាមន្ត្រីពាក់ព័ន្ធ ទាក់ទងនឹងសកម្មភាពរុករករ៉ែថ្ម ឬក៏អាជីវកម្មរ៉ែថ្មនេះ ត្រូវធ្វើការត្រួតពិនិត្យជាបន្ទាន់ថាតើមូលហេតុអីបានធ្វើឱ្យយើងទាញយកផលរ៉ែ ហើយរំខានទៅដល់ប្រយោជន៍របស់សហគមន៍មូលដ្ឋាន»។
លោកបានបន្ថែមទៀតថា៖ «ការស៊ើបអង្កេត ការផ្ទៀងផ្ទាត់ត្រូវធ្វើឡើង បើសិនជារកឃើញថាក្រុមហ៊ុននេះមិនអនុវត្តទៅតាមបទដ្ឋានស្តង់ដារសុវត្ថិភាព ដែលកំណត់ឡើងដោយក្រសួងរ៉ែ និងថាមពលទេ ហើយរហូតទៅដល់មានការបង្កឱ្យមានការខូចខាតទៅដល់ផលប្រយោជន៍សាធារណៈ គួរតែមានការត្រួតពិនិត្យឡើងវិញ ហើយគួរតែមានការជជែកជាមួយក្រុមហ៊ុននេះឡើងវិញ […] ប៉ុន្តែបើសិនជាមានការរកឃើញថាមានការរំលោភធ្ងន់ធ្ងរ ដែលមានការប៉ះពាល់បរិស្ថាន និងខូចខាតទៅដល់អេកូឡូស៊ី ខ្ញុំយល់ថា ប្រហែលជាត្រូវពិចារណាព្យួរជាបណ្តោះអាសន្នសិន ដើម្បីកុំឱ្យប៉ះពាល់តទៅទៀត»៕