យុវជន​ចលនា​មាតាធម្មជាតិ បានអះអាងថា ទឹកធ្លាក់ធម្មជាតិរូងប្រជៀវ ស្ថិត​នៅ​តំបន់​អេកូទេស​ចរណ៍ជីផាត ស្រុកស្រែអំបិល ខេត្ត​កោះកុង បាននិងកំពុងទទួលរងនូវការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដែលបង្កដោយក្រុមហ៊ុន​អាជីវកម្មរ៉ែថ្មមួយកន្លែង ដែលមានទីតាំងនៅក្បែរនោះ។

វីដេអូមួយដែលក្រុមចលនា​មាតាធម្មជាតិ បានបង្ហោះលើបណ្តាញសង្គម Facebook កាលពីថ្ងៃទី២១ ខែកុម្ភៈ បាន​បង្ហាញថា ទឹកធ្លាក់រូវប្រជៀវដែលធ្លាប់តែស្ងប់ស្ងាត់ ហុំព័ទ្ធដោយដើមឈើពណ៌បៃតង មាន​ទឹកថ្លាឆ្វង់​គួរឱ្យ​​ចង់លេងកម្សាន្ត និងមានព្រៃឈើព័ទ្ធជុំវិញនោះ បានប្រែក្លាយជាកន្លែងដែលមានសំឡេង​បំផ្ទុះថ្ម និងកិនថ្ម ទឹកប្រែជាល្អក់ និងមានធុលីដីហុយពេញនៅតំបន់នោះថែមទៀតផង។

ប្រភពដដែលបន្តថា ការខិតខំរបស់ប្រជាពលរដ្ឋ​មូលដ្ឋាន ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និង​អង្គការសង្គ​មស៊ីវិល តាំងពីឆ្នាំ២០០៧ ក្នុងការបង្កើតសហគមន៍អេកូទេសចរណ៍ជីផាត ដើម្បីថែរក្សាការ​ពារ​ធន​ធាន​ធម្មជាតិ ព្រៃឈើ និងសត្វព្រៃ បានប្រែក្លាយជាឥតន័យ ព្រោះនៅក្នុងឆ្នាំ២០២៣ គេ​​បែរជា​ឃើញ​មាន​ក្រុមហ៊ុន លោកឧកញ៉ា អ៊ុត ធី មានសិទ្ធិដំណើរការរោងចក្រផលិតថ្ម នៅតំបន់នោះ​ទៅវិញ។

ក្នុងវីដេអូដដែលនោះ ក្រុមយុវជន បាននិយាយថា៖ «ពួកយើងឆ្ងល់ខ្លាំងណាស់ថា ហេតុអ្វីក្រសួងពាក់ព័ន្ធ អនុញ្ញាតឱ្យ​​មានអាជីវកម្មដែលប៉ះពាល់ធ្ងន់ធ្ងរដល់ទេសភាព ធនធានធម្មជាតិ ក្នុងតំបន់អេកូទេចរណ៍​ល្បី​ឈ្មោះរបស់ប្រទេសកម្ពុជាបែបនេះ?​»។

ក្រុមសកម្មជនបរិស្ថានទាំងនោះ​ បានស្នើដល់ក្រសួងពាក់ព័ន្ធ​ រួមមាន ក្រសួង​រ៉ែ និងថាម​​ពល និងក្រសួងបរិស្ថាន មានចំណាត់ការទៅលើរឿងនេះ និងទាមទារឱ្យ​អាជ្ញាធរបញ្ឈប់អាជីវកម្មដែលពួកគេ​ថាបាន​បង្ក​ផលប៉ះ​ពាល់ធ្ងន់ធ្ងរដល់ទឹកធ្លាក់​រូង​ប្រជៀវ ដើម្បីជាប្រយោជន៍ដល់វិស័យទេសចរណ៍នៅក្នុងស្រុក និងសហគមន៍មូលដ្ឋាន ក៏ដូចជាថែរក្សាតំបន់អេកូទេសចរណ៍ធម្មជាតិមួយនេះ។

លោក ឡឹង វណ្ណនិត ជាសកម្មជនបរិស្ថាន និងជាអ្នកចូលរួមសកម្មភាពជាមួយក្រុមយុវជនចលនាមាតា​​ធម្មជាតិ បានលើកឡើងថា ការធ្វើអាជីវកម្ម​រ៉ែថ្ម នៅក្បែរតំបន់ទេសចរណ៍បែបនេះ មិនត្រឹមតែ​មាន​​ផល​ប៉ះពាល់ដល់ធនធានធម្មជាតិនោះទេ ប៉ុន្តែថែមទាំងបានផ្តល់ផលប៉ះពាល់ដោយប្រយោលដល់ប្រជាពលរដ្ឋដែលរស់នៅ និងអាស្រ័យផលពីប្រភពទឹកនោះថែមទៀតផង។​

លោកថា៖ «ប្រភពទឹកដែលធ្លាប់តែស្អាត បែរជាប្រើការលែងបាន ពីមុនប្រជាជនគាត់អាចយកទឹកហ្នឹង​ទៅងូត ប្រើប្រាស់ដាំស្ល និងស្រោចស្រពដំណាំតាមតម្រូវការប្រចាំថ្ងៃ […] វាក៏ប៉ះពាល់ដល់ប្រាក់ចំណូល​ប្រជាជនដែល​ពឹងផ្អែកលើវិស័យទេសចរណ៍ផងដែរ លែងមានភ្ញៀវមកលេង ធ្វើឱ្យ​ប្រជាជនបាត់ចំណូល បាត់ការងារ ដែលអាចនាំឱ្យពួកគាត់នាំគ្នាទៅកាប់ព្រៃ ឬឈានដល់ការចំណាកស្រុក ដោយមិនដឹងច្បាប់ទម្លាប់ត្រឹមត្រូវ អាចនឹងពួកគាត់ទៅទាំងខុសច្បាប់ទៀត»។

ឆ្លើយតបទៅនឹងការលើកឡើង​នេះ លោកឧកញ៉ា អ៊ុត ធី​​ ដែលជាម្ចាស់ក្រុមហ៊ុន​អាជីវកម្មរ៉ែថ្ម​​ បានបដិសេធ​ការចោទប្រកាន់របស់ក្រុមយុវជន​ចលនាមាតាធម្មជាតិ ដោយលោកអះអាង​ថា មិន​មានទឹក​ធ្លាក់​នៅ​ជិត​កន្លែង​អាជីវកម្មរបស់លោកនោះទេ។

លោកថា៖ «មុននឹងធ្វើ គេសុទ្ធតែមានសុំច្បាប់ អាជ្ញាប័ណ្ណអីស្រួលបួល មិនមែន​មក​និយាយ​ចេះ​តែ​ប៉ះពាល់ ប៉ះពាល់​ តាមតែអំពើចិត្តនោះទេ។ ទឹកធ្លាក់​អី​ អត់មាននៅនឹង​ទេ ទឹក​ធ្លាក់រមណីយដ្ឋានគេនៅខាង​ជីផាតទេ នៅហ្នឹងអត់មានទឹកធ្លាក់អីទេ ទឹកធ្លាក់អូរប្រជៀវអីណា គោកអស់ហើយ[…] អ្នក​ណាថា ទឹកធ្លាក់នៅជិតប្រវែង ១៥០ម៉ែត្រ បើសិនជានៅជិតបែបនេះមែន​ខ្ញុំឱ្យ​ឡាន Lexus ៧គ្រឿង អ្នកនិយាយ​ហ្នឹងពន្លើស ទាល់តែថ្ងៃណាមួយណាត់ជាមួយខ្ញុំ បង្កើតគណៈកម្មការចុះទៅមើលតែម្តងទៅ»។

លោកបាន​អះអាងទៀត​​ថា អាជីវកម្មរបស់លោក គឺត្រូវបានទទួលការពិនិត្យ និងវាយតម្លៃផលប៉ះពាល់បរិស្ថាន​ត្រឹមត្រូវ ពីសំណាក់ក្រសួងពាក់ព័ន្ធ មុននឹងត្រូវបានដាក់ឱ្យដំណើរការ។

លោកថា៖ «មុននឹងគេឱ្យខ្ញុំ ក្រសួងបរិស្ថាន ក្រសួងរ៉ែ គេបានចុះសិក្សាហើយ បានគេឱ្យមកខ្ញុំ […] ៤០ឆ្នាំហើយ ដែលប្រជាជនគ្មានស្ពានឆ្លង ខ្ញុំទៅធ្វើនៅហ្នឹង ប្រជាជនមានស្ពានឆ្លងត្រឹមត្រូវទាំងអស់ ហើយអ្នកដែលពូកែថាហ្នឹង ថ្ងៃណាមួយទៅពិនិត្យមើលតែម្តងទៅ បានដឹងថាម៉េច»។

គេហទំព័រ Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពីអភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី និងប្រធានមន្ទីររ៉ែ និងថាមពល លោក ប៉ិច ស៊ីយន បាន​ទេ។

នាយកប្រតិបត្តិអង្គការ​បណ្តាញយុវជនកម្ពុជា លោក ហេង គីមហុង មានប្រសាសន៍ថា បើសិនជាមានករណីដូចការលើកឡើងរបស់ក្រុមយុវជនមាតាធម្មជាតិមែន នោះជា​ក្តីកង្វល់សង្គមស៊ីវិលជុំវិញផល​ប៉ះពាល់ទៅលើបរិស្ថាន និងធនធានធម្មជាតិ។ ករណីនេះ លោកបានជំរុញទៅអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ខ្ពស់ និងដោះស្រាយបញ្ហានេះ។

លោកថា៖ «ខ្ញុំគិតថា វាជារឿងមួយដែលមានការប៉ះពាល់ធ្ងន់ធ្ងរ​ទៅដល់ផលប្រយោជន៍របស់សហគមន៍មូលដ្ឋាន […] ខ្ញុំគិតថា ខាង​មន្ទីរទេសចរណ៍ ក៏ដូចជាមន្ត្រីពាក់ព័ន្ធ ទាក់ទងនឹងសកម្មភាពរុករករ៉ែថ្ម ឬ​ក៏អាជីវកម្មរ៉ែថ្មនេះ ត្រូវធ្វើការត្រួតពិនិត្យជាបន្ទាន់ថាតើ​មូលហេតុអីបានធ្វើឱ្យ​យើងទាញយកផលរ៉ែ ហើយ​រំខានទៅដល់ប្រយោជន៍របស់សហគមន៍មូលដ្ឋាន»។

លោកបានបន្ថែមទៀតថា៖ «ការស៊ើបអង្កេត ការផ្ទៀងផ្ទាត់ត្រូវធ្វើឡើង បើសិនជារកឃើញថាក្រុមហ៊ុននេះមិនអនុវត្តទៅតាមបទដ្ឋានស្តង់ដារសុវត្ថិភាព ដែលកំណត់ឡើងដោយក្រសួងរ៉ែ និងថាមពលទេ ហើយរហូតទៅដល់មានការបង្កឱ្យ​មានការខូចខាតទៅដល់ផលប្រយោជន៍សាធារណៈ គួរតែមានការ​ត្រួតពិនិត្យឡើងវិញ ហើយគួរតែមានការជជែកជាមួយក្រុមហ៊ុននេះ​ឡើងវិញ​ […] ប៉ុន្តែបើ​សិន​ជាមាន​ការរកឃើញថាមានការរំលោភធ្ងន់ធ្ងរ ដែល​មានការប៉ះពាល់បរិស្ថាន និងខូចខាតទៅដល់អេកូឡូស៊ី ខ្ញុំយល់ថា ប្រហែលជាត្រូវពិចារណាព្យួរជាបណ្តោះអាសន្នសិន ដើម្បីកុំឱ្យ​ប៉ះពាល់តទៅទៀត»៕