គណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវដល់ ភ្នាក់ងារគណបក្សនយោបាយ សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ រួមទាំងប្រជាពលរដ្ឋទាំងអស់ រក្សាភាពស្ងប់ស្ងាត់នៅ «ថ្ងៃស» មុនការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
យោងតាមសេចក្តីអំពាវនាវរបស់ គ.ជ.ប ចេញនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ គ.ជ.ប បានអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារ សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ រួមទាំងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង១០:០០យប់ ថ្ងៃទី២៣ ខែកុម្ភៈ រហូតដល់ម៉ោង១២:០០យប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
គ.ជ.ប បញ្ជាក់ក្នុងសេចក្តីអំពាវនាវនោះថា៖ «គណបក្សនយោបាយ បេក្ខជន សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សេចក្តីណែនាំ រួមនឹងក្រមសីលធម៌សម្រាប់ការបោះឆ្នោត»។
គ.ជ.ប បន្ថែមថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលទទួលខុសត្រូវការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវិស័យការងារឯទៀត ត្រូវផ្តល់កិច្ចសហការដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងការបោះឆ្នោតនេះ ជាពិសេសក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីបង្ការ និងទប់ស្កាត់រាល់សកម្មភាព និងបាតុភាពដែលមានបំណងបំផ្លាញការបោះឆ្នោត តាមរយៈការប្រើប្រាស់គ្រប់មធ្យោបាយទុច្ចរិតធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យមានការបាត់បង់ទំនុកចិត្តក្នុងការបោះឆ្នោត បង្កការរំខានមិនឱ្យដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតបាន។
គ.ជ.ប បានបន្ថែមក្នុងសេចក្តីអំពាវនាវនោះថា គ.ជ.ប នឹងមានវិធានការយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពទាំងឡាយណាដែលរំលោភច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានគណបក្សនយោបាយចំនួន៤បានឈឈ្មោះបោះឆ្នោត មានដូចជាគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ៕