គណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវដល់ ភ្នាក់ងារ​​គណបក្ស​នយោបាយ សមាជិក និង​អ្នក​គាំទ្រ​គណបក្ស​នយោបាយ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់ប្រភេទ​ រួមទាំងប្រជាពលរដ្ឋ​ទាំងអស់ រក្សាភាពស្ងប់ស្ងាត់នៅ «ថ្ងៃស» ​​​មុន​​​ការ​បោះឆ្នោត​​ជ្រើសតាំង​សមាជិក​​ព្រឹទ្ធសភា​​​​​។

យោងតាមសេចក្តីអំពាវនាវរបស់ គ.ជ.ប ចេញ​​នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ គ.ជ.ប បាន​អំពាវនាវ​​ដល់​គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារ ​សមាជិក និង​អ្នកគាំទ្រ​គណបក្ស​នយោបាយ រួមទាំង​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់ប្រភេទ​​​​ ត្រូវ​រក្សា​ភាព​ស្ងប់​ស្ងាត់ ​ចាប់ពីម៉ោង១០:០០យប់ ថ្ងៃទី២៣ ខែកុម្ភៈ រហូត​ដល់​ម៉ោង១២:០០យប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

គ.ជ.ប បញ្ជាក់​ក្នុង​សេចក្តី​អំពាវនាវ​នោះ​ថា៖ «គណបក្ស​នយោបាយ បេក្ខជន សមាជិក និងអ្នកគាំទ្រ​​គណបក្ស​នយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់​ប្រភេទ ត្រូវ​ចូលរួមគោរព​ច្បាប់ បទបញ្ជា និង​នីតិវិធី​សម្រាប់ការ​បោះឆ្នោតជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា សេចក្តីណែនាំ រួមនឹង​ក្រម​សីលធម៌​សម្រាប់ការ​បោះឆ្នោត»។

គ.ជ.ប បន្ថែម​ថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលទទួលខុសត្រូវការងារសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​វិស័យការងារ​ឯទៀត ត្រូវ​ផ្តល់​កិច្ច​សហការ​ដល់​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និងរបៀបរៀបរយក្នុងការបោះឆ្នោត​នេះ ជាពិសេស​​ក្នុង​ការចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ដើម្បី​បង្ការ និង​ទប់ស្កាត់​រាល់​សកម្មភាព និងបាតុភាពដែល​មាន​បំណង​​បំផ្លាញ​ការបោះឆ្នោត​ តាមរយៈ​ការប្រើប្រាស់​គ្រប់​មធ្យោបាយ​ទុច្ចរិត​ធ្វើ​ឱ្យ​មាន​ការភាន់ច្រឡំ​នាំឱ្យ​​មាន​ការបាត់បង់​ទំនុកចិត្ត​ក្នុង​ការបោះឆ្នោត​ បង្ក​ការរំខាន​មិន​ឱ្យ​ដំណើរការ​បោះឆ្នោត និងរាប់សន្លឹកឆ្នោតបាន។  

គ.ជ.ប ​បាន​បន្ថែម​ក្នុង​សេចក្តី​អំពាវ​នាវ​នោះ​ថា គ.ជ.ប នឹងមាន​​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​សកម្មភាព​ទាំងឡាយ​ណាដែ​ល​រំលោភ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​​សមាជិក​​ព្រឹទ្ធសភា បទបញ្ជា និង​នីតិវិធីរបស់ គ.ជ.ប។

ការ​បោះឆ្នោត​​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាលទី​៥​ នឹង​ប្រព្រឹត្តទៅនៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដោយមានគណបក្ស​នយោបាយ​ចំនួន​​៤​​បាន​ឈឈ្មោះ​បោះឆ្នោត មាន​ដូចជា​គណបក្ស​ប្រជាជនកម្ពុជា គណបក្ស​ឆន្ទៈខ្មែរ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​កម្លាំង​ជាតិ៕