សង្គមស៊ីវិល លើកឡើងថា ការ​​បញ្ឈប់ការដាក់តាំង និងរុះរើរូបថតដែលបានដាក់បង្ហាញក្នុងពិព័រណ៍រូបថត ស្តីពី ផ្ទះ និងជីវិត របស់អង្គការ​សមាគមធាងត្នោត ពីសំណាក់អាជ្ញាធរមូលដ្ឋាន គឺជា​រំលោភសិទ្ធិ​សេរីភាព​ខាង​សមាគម​។

បើតាម​សេចក្តីជូនដំណឹង ស្តីពី ការ​ផ្អាកពិព័រណ៍រូបថតនៅទីសួនចំប៉ី ​របស់​អង្គការសមាគម​ធាង​ត្នោតបានឱ្យដឹងថា តាមការបញ្ជាក់របស់ម្ចាស់ទីតាំងភោជនីយដ្ឋានសួនចំប៉ី​ អាជ្ញាធរមូលដ្ឋានបានតម្រូវ​ឱ្យបញ្ឈប់ការដាក់តាំង និងរុះរើរូបថត​ដែលបានដាក់បង្ហាញក្នុងពិព័រណ៍ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ករណីនេះ អង្គការ​សមាគមធាងត្នោត បង្ហាញការ​សោកស្តាយ​ចំពោះការហាមឃាត់របស់អាជ្ញាធរមូលដ្ឋាន ខណៈ​ការដាក់តាំងពិព័រណ៍រូបថត​នេះ គ្រាន់តែជាសារដើម្បីបង្ហាញអំពីទុក្ខកង្វល់របស់ពលរដ្ឋ ទៅ​កា​ន់អាជ្ញាធរ និងអ្នកពាក់ព័ន្ធ។

ប្រភព​ដដែលបញ្ជាក់​​ថា៖ «យើង​មាន​ជំនឿ​ថា ការ​ដាក់​តាំងរូបថតគឺជាសិល្បៈ និងបាននាំសារសំខាន់ដែលបង្ហាញពីបញ្ហា និង​ទុក្ខកង្វល់របស់សហគមន៍ក្រីក្រដល់សាធារណជន និងអ្នកពាក់ព័ន្ធបានដឹង និងរួមគ្នាផ្តល់ជាដំណោះស្រាយ យើងពិតជាមានការ​ខកចិត្តជាខ្លាំងដែលបំណងល្អរបស់យើងត្រូវបានរារាំង»។​​

ទន្ទឹមនឹងនេះ អង្គការសមាគមធាងត្នោត ក៏បានស្នើឱ្យក្រសួងមហាផ្ទៃ ពិនិត្យចំពោះការប្រើប្រាស់អំណាច​ហួសហេតុ​ក្នុងការដាក់សម្ពាធដែលគ្មានមូលដ្ឋានទៅដល់ម្ចាស់ទីតាំង និងមិនបានផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ធបានចូលរួមពិភាក្សាផងដែរ។

បើតាមអង្គការមួយនេះ ការតាំងពិព័រណ៍រូបថត​ គ្រោងបើកឱ្យចូលទស្សនាដោយសេរីចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅភោជនីយដ្ឋាន សួនចំប៉ី នៅផ្លូវ៣៥១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នាយក​ប្រតិបត្តិ​អង្គការ​សមាគម​ធាង​ត្នោត លោក សឿង សារ៉ន បានលើកឡើង​ថា ព្រឹត្តិ​​ការណ៍​ពិព័រណ៍​​​រូប​ថតនេះ បាន​​លើក​​យ​ក​បញ្ហា​ប្រឈម​នានា​របស់​សហគមន៍​​នៅ​ក្នុង​ទី​ក្រុង​ ដែល​ត្រូវ​​បាន​មើល​​រំលង។ លោកបន្តថា ពួក​គាត់​ភាគ​ច្រើន​រស់​នៅ​ដោ​យ​គ្មានសុវត្ថិភាព​ដី​ធ្លី ត្រូវ​បាន​ផាត់​ចេញ​ពី​ដំណើរ​​នៃ​ការអភិវឌ្ឍ មិន​មាន​សិទ្ធិ​ក្នុង​ការសាងសង់​លំនៅ​ឋាន​សម្រាប់​ស្នាក់​នៅ ខណៈ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មិន​​គ្រប់​​គ្រាន់ ទឹក​លិច​នា​រដូវ​វស្សា និង​ទទួល​រង​បណ្តឹង​ពីតុលាការ​ផ្សេងៗ​ជាដើម។

លោកបានរៀបរាប់បន្ត​ថា៖ «ការ​បណ្តេញ​ចេញ ឬ​បង្ខំ​ឱ្យ​គាត់​ទៅ​រស់​នៅ​ឆ្ងាយ​ពី​ទីតាំង​​ចាស់ មិន​ធ្វើ​ឱ្យ​ជីវភាព​ពួក​គាត់​​បាន​ប្រសើរ​នោះ​ទេ ផ្ទុយ​មក​វិញ​ពួក​គាត់​បានក្លាយ​ជាជន​រង​គ្រោះ​បន្ថែម​ទៀត គឺបាត់​បង់​ចំណូល ជំពាក់​​បំណុល ប៉ះពាល់​ការ​​សិក្សា​ក្មេងៗ ចំណាក​​ស្រុក​ គ្មាន​ទឹក​ស្អាត​ប្រើប្រាស់​ជាដើម»។

បើតាម លោក សឿង សារ៉ន ការដាក់តាំងពិព័ណ៌នេះ មិនបានជូនដំណឹងទៅក្រសួងមហាផ្ទៃមុន​ទេ ហើយ​ការឱ្យបញ្ឈប់ការតាំងពិព័ណ៌នេះ អាជ្ញាធរមូលដ្ឋាន​ក៏​មិនបានធ្វើការជូនដំណឹងច្បាស់លាស់នោះ​ដែរ។ លោកបន្ត​ថា អាជ្ញាធរត្រូវផ្តល់មូលហេតុច្បាស់លាស់ដែលតម្រូវឱ្យរុះរើការតាំងពិព័រណ៌នេះ ហើយប្រសិនបើមានបញ្ហាណាមួយ អាជ្ញាធរគួរតែជជែកគ្នាដោយបើកចំហ ដើម្បីរកដំណោះស្រាយមួយ និង​កុំឱ្យមានការភ័ន្តច្រឡំ រវាងអង្គការសង្គមស៊ីវិល អាជ្ញាធរ និងអ្នកពាក់ព័ន្ធ។

លោកថ្លែងថា៖ «វាជាផ្នែកមួយដែលប៉ះពាល់ដល់សិទ្ធិសេរីភាព​ខាងសមាគមរបស់យើង វាហាក់បីដូចជាអាជ្ញាធរមូលហេតុ មិនយល់ពីរបៀបនៃការធ្វើការរបស់សង្គមស៊ីវិល ជាទូទៅពួកគាត់តែងតែទាមទារឱ្យយើងជូនដំណឹង ដែលផ្ទុយទៅនឹងគោលការណ៍ច្បាប់​ស្តីពី​សមាគម និងអង្គការមិនមែនរដ្ឋាភិបាល»។

នាយកផ្នែកតស៊ូមតិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក សួន យុធ្យា សោកស្ដាយដែលអាជ្ញាធរ​ហាម​ប្រាមនូវការតាំងពិព័រណ៍ទាំងនោះ។ លោកថា ការតាំងពិព័រណ៍នេះ​ គឺមិនមែនជាការប្រមូលផ្តុំ ញុះញង់ឱ្យមានបទល្មើសកើតឡើងនោះទេ។

លោកថ្លែងថា៖ «តើអាជ្ញាធរចុះទៅបញ្ឈប់​ការតាំងពិព័ណ៌ដោយយោងតាមច្បាប់អ្វី? តែបើអាជ្ញាធរ ចុះទៅហាមឃាត់មិនមានច្បាប់​ទេ បើមិនមែន​ផ្អែក​លើច្បាប់​ទេ មានន័យថា អាជ្ញាធរកំពុងតែរំលោភរដ្ឋធម្មនុញ្ញ និងរំលោភទៅលើសិទ្ធិមនុស្ស ពីព្រោះរដ្ឋធម្មនុញ្ញយើងការពារនូវសេរីភាព នៃការបញ្ចេញមតិ ហើយនេះគឺជាផ្នែកមួយ នៃការបញ្ចេញមតិ អញ្ចឹងអាជ្ញាធរគួរតែត្រឡប់ទៅមើលច្បាប់ឡើងវិញ តើយក​​ច្បាប់ណាមកអនុវត្តក្នុងការហាមឃាត់ ការតាំងពិព័រណ៍នេះ»។

គេហទំព័រ Newsroom Cambodia បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពី លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅដែរ ប៉ុន្តែមិនមានការឆ្លើយតបឡើយ។ ចំណែក​ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី ប្រាប់ថា ជាប់ប្រជុំ។