ភ្នំពេញ៖ អគ្គិសនីកម្ពុជា សម្រេចផ្តល់​ថាមពល​អគ្គិសនីកម្លាំង​ធំដល់ពលរដ្ឋ​ក្នុងពេលពិធីបុណ្យផ្សេងៗតាមការស្នើសុំរបស់ពលរដ្ឋ។ នេះបើយោងតាមសេចក្តី​​ជូនដំណឹងរបស់អគ្គិសនី​កម្ពុជាដែលNewsroom ទទួលបាននៅថ្ងៃទី២៦​ ខែកុម្ភៈ។​​​

យោងតាមសេចក្ដីជូនដំណឹង ចេញកាលពីថ្ងៃទី២១​ ខែកុម្ភៈ ​ឆ្នាំ២០២៤នេះ បញ្ជាក់ថាដើម្បីជួយសម្រួលដល់តម្រូវការប្រើប្រាស់អគ្គិសនីកម្លាំង​ធំ ក្នុងការប្រារព្ធពិធីផ្សេងៗនៅតាមគេហដ្ឋានរបស់ពលរដ្ឋ អគ្គិសនីកម្ពុជា ផ្តល់ការប្រើប្រាស់​ដល់ 3ph x 100Aឬ 70kVA (ចេញពីខ្សែបណ្ដាញចែកចាយសាធារណៈ)។​​ សេចក្ដីជូនដំណឹងដដែលបន្ថែមថា ពលរដ្ឋដែលមានបំណងស្នើសុំ ការប្រើប្រាស់អគ្គិសនី កម្លាំង​ធំ ក្នុងរយៈពេលខ្លី អាចស្នើសុំតាម EDG App ឬតាមបណ្ដាសាខារបស់អគ្គិសនីឲ្យបាន យ៉ាងហោច១៥ថ្ងៃមុនពេលត្រូវការប្រើប្រាស់។ ក្នុងករណីមានពិធីបុណ្យសព ពលរដ្ឋអាចស្នើសុំបានភ្លាមៗ ហើយថ្លៃថាមពលប្រើប្រាស់ត្រូវកត់ក្នុងវិក្កយបត្រ។​

សេចក្ដីជូនដំណឹង​បញ្ជាក់ថា​៖ «ការ​ចំណាយ​លើការ​ដំឡើង​នាឡិកាស្ទង់​ ឌីសុងទ័រ​និងបរិ​​ក្ខា​ផ្សេងៗ​​​សម្រាប់​ការប្រើប្រាស់​ជាបណ្ដោះ​អាសន្ន​ក្នុងអំឡុងពេល​ប្រារព្ធពិធី​ និង​ការប្រចាំ​ការ​​ថែរក្សា​​ចរន្ត​ជាបន្ទុក​របស់អគ្គិសនី​លើកលែង​តែខ្សែបណ្ដាញ​និង​គ្រឿងបរិក្ខាអគ្គិសនី​ចាប់ពីក្រោម​​ឌីសុងទ័រ​​របស់អគ្គិសនីកម្ពុជា​ជាបន្ទុករបស់អតិថិជន​​»៕