ប្រជាពលរដ្ឋ និងសង្គមស៊ីវិលមួយចំនួន​ ស្នើក្រសួងពាក់ព័ន្ធពង្រឹងការអនុវត្តវិធានការច្បាប់ ស្របពេល​អគ្គនាយកដ្ឋានគយ ដាក់ចេញវិធានការ​ផ្អាកកា​រ​នាំចូ​លគ្រឿ​ង​ក្នុង និងបំណែក​សាច់បង្កក រយៈពេល​៦ខែនាពេលខាងមុខ ដោយពួកគេយល់ឃើញថា ការផ្អាកនេះ អាចនឹងមិន​​មាន​ប្រសិទ្ធិ​ភាព​ បើការ​អនុវត្តច្បាប់មិនទាន់តឹងរ៉ឹង​គ្រប់គ្រាន់​។

កាលពីថ្ងៃទី២៣ ខែ​កុម្ភៈ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បាន​ចេញ​សេចក្តី​ជូន​ដំណឹងពីការ​​ផ្អាកជាបណ្តោះអាសន្ន​នូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក មួយចំនួនដែលជាគ្រឿងក្នុងសត្វចំនួន ៨មុខ ក្នុងនោះមានដូចជា​ អណ្តាត ថ្លើម ពោះវៀន ប្លោក ក្រពះ នៃសត្វជ្រូក គោ ក្របី ជាដើម​។ ប្រភពដដែលបន្តថា ការផ្អាកនេះមានរយៈពេល​៦ខែ ចាប់ពីថ្ងៃទី១២ ខែមីនា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

កសិករ​ដែល​ចិញ្ចឹម​សត្វ​ជ្រូក​ជាលក្ខណៈគ្រួសាររស់នៅក្នុងខេត្តពោធិ៍សាត់ លោក រដ្ឋា មាន​​ប្រសាសន៍​ថា ការ​ផ្អាកនាំចូល​សាច់បង្កកនេះជារឿង​ដដែលៗ ហើយជាការផ្អាកដែលមាន​​រយៈពេលខ្លី។ លោកបន្ត​ថា ការ​ផ្អាក​នាំចូលសាច់​បង្កក​នេះ មិន​អាច​ធ្វើឱ្យជីវភាពកសិករ​​​ប្រសើរ​ឡើង​នោះ​ទេ​។

លោកថា៖ «សាច់បំណែកផ្សេងៗឱ្យនាំចូលធម្មតា អត់ឱ្យនាំចូលតែគ្រឿងក្នុងទេ ដោយសារ​​គ្រឿង​ក្នុង​វាយកមក វាឆាប់​ស្អុយ ចឹងគេអត់យកមក​ […] វានៅតែប៉ះពាល់ហ្នឹង សំណូមពរឱ្យជួយមើល​កសិករក្នុងស្រុក ក្នុងប្រទេសផង កុំយកតែសេដ្ឋកិច្ច នាំចូលនាំចេញនោះ បើមិនចឹងទេ​កសិករក្នុងស្រុកយើងចប់ហើយ អំបិល​ហើយ វ័ណ្ឌករដោះស្រាយ​ធនាគារមិនរួចហ្នឹងហើយ​»

លោកបន្ថែម​ថា៖ «បើផ្អាកតែ៦ខែជួយបានតិច មិនជួយបានច្រើនទេ ចុះបើជ្រូកសាច់យើងចិញ្ចឹម​រយៈ​ពេល ៥ទៅ​៦ខែដូច​គ្នា ទម្រាំ​បាន​លក់ ទម្រាំបានលក់គេឱ្យនាំចូលវិញបាត់ទៅហើយ បើថាផ្អាករហូតអាហ្នឹងល្អ»។

លោក ផល សំបូរ ជានិស្សិតកសិកម្មផ្នែកបសុពេទ្យ យល់ថា វិធាន​ការនេះ​ល្អ បើ​សិន​មានការ​អនុវត្តច្បាប់បានត្រឹមត្រូវ។

លោកបន្តថា៖ «​ថ្នាក់ដឹកនាំស្ថាប័នគយ អ្នកបច្ចេកទេស ការនាំចូលនៃកសិផល​​ ផលិតផលនានា ត្រូវពិចារណានិងយកចិត្តទុកដាក់ បើការនាំចូលនាំឱ្យមាន​ការលើសនៃតម្រូវការ រួម​ទាំង ផលិតកម្ម ឬ​ផលិតផលក្នុងស្រុកច្រើនពេក​ ត្រូវបន្ថយការនាំចូល ព្រោះបើនាំចូលច្រើនពេក ធ្វើឱ្យផលិតផល ឬ​កសិផលរបស់ប្រជាជនយើង​បាត់​បង់​ទីផ្សារ ហើយខំប្រឹងផលិតខ្លួនឯងឱ្យច្រើន និងធ្វើឱ្យទៅជា cycle ដើម្បីរក្សានូវ​សន្ដិសុខស្បៀង និង​ផលិត​ផល​ឱ្យ​មាន​​ស្ថេរ​ភាព បើទោះជានាំចូលត្រូវត្រួតពិនិត្យ​សុវត្ថិភាពចំណីអាហារឱ្យបានត្រឹមត្រូវតាមស្ដង់ដារ​បច្ចេកទេស ដើម្បីការពារ​សុខភាពប្រជាជនយើង»។

ប្រធាន​មជ្ឈមណ្ឌលប្រជាពលរដ្ឋ​ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង យល់ថា រដ្ឋាភិបាល​គួរតែផ្អាកការនាំចូល​គ្រឿងក្នុង និងបំណែកសាច់បង្កក ជារៀងរហូត​តែម្តង ព្រោះវា​មានផលប៉ះពាល់ច្រើនដល់សុខភាពពលរដ្ឋ។

លោកបន្ថែមថា៖ «គ្រឿងក្នុងសត្វបង្កកវាងាយនឹងខូចណាស់ ហើយបណ្តាប្រទេសខ្លះគេមិនហូបផង អញ្ចឹង​សុំឱ្យ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធមានការត្រួតពិនិត្យ​ចំពោះ​សុខ​ភាព ជា​ពិសេសការនាំចូលសាច់បង្កក ធ្វើយ៉ាងណាកុំឱ្យនាំចូល​សាច់បង្កកទាំងឡាយ​ណាដែលប៉ះពាល់ដល់​សុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសដូចជាគ្រឿងក្នុង»។

លោក​ អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ​នៃអង្គការលីកាដូ មានប្រសាសន៍​ថា វិធានការនេះ ជា​យន្តការមួយជួយទប់ស្កាត់នូវការនាំចូលគ្រឿងក្នុងសត្វ និងបំណែកសាច់បង្កក ព្រោះសាច់ទាំងអស់នេះ​ បើសិនជាមិនបានពិនិត្យគុណភាពឱ្យបានត្រឹមត្រូវទេ ពេលប្រជាពលរដ្ឋបរិភោគគឺអាចប៉ះពាល់សុខភាព ហើយប្រជាពលរដ្ឋដែលមានសត្វសម្រាប់លក់​សាច់ និងគ្រឿងក្នុង ជួបបញ្ហាទីផ្សារ ដោយសារ​ការនាំចូលគ្រឿងក្នុង និង​បំណែកសាច់បង្កក គឺមានតំលៃទាបជាង។

លោកថ្លែងថា៖ «វិធានការនេះ អាចមានប្រសិទ្ធភាព ប្រសិន​បើអាជ្ញាធរពាក់ព័ន្ធអនុវត្តឱ្យបានតឹងរ៉ឹង ជាពិសេសអាជ្ញាធរ​ពាក់ព័ន្ធនៅតាមច្រកទ្វារព្រំដែនទាំងអស់​ ត្រូវអនុវត្តវិធានការនេះ​ឱ្យមានប្រសិទ្ធភាព ដោយទប់ស្កាត់អំពើពុករលួយ ឬផលប្រយោជន៍ផ្ទាល់ខ្លួន ដូច្នេះបើច្រកទ្វារព្រំដែនណាអនុញ្ញាតឱ្យនាំគ្រឿងក្នុង និងសាច់សត្វបង្កកចូល ក្រោយពីមានវិធានការរបស់រាជរដ្ឋាភិបាល ត្រូវទទួលខុសត្រូវតាមច្បាប់ និងវិធានរដ្ឋបាល»។

ចំណែក ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា លោកស្រុន ពៅ យល់ឃើញថា វិធានការដែលរាជរដ្ឋាភិបាលដាក់មកនេះ នឹងអាចមានប្រសិទ្ធភាព​នៅថ្ងៃខាងមុខ ក្រោយអនុវត្តក្នុងកំឡុងរយៈពេល​៦​ខែ​នេះ។ លោកបន្តថា វិធីសាស្រ្តក៏មានរួចហើយ នៅពេលខាងមុខគឺការនាំចូលសាច់បង្កកត្រូវមកក្រសួងកសិកម្មជាអ្នកគ្រប់គ្រង នេះជាវិធានការដែលត្រូវអនុវត្តបន្ត។

លោកលើកឡើងថា៖« រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើវិស័យចិញ្ចឹមសត្វនឹងរៀបចំឱ្យមានផែនការជាបន្តបន្ទាប់ ហើយខ្ញុំសង្ឃឹមថាវិធានការនេះនឹងមានប្រសិទ្ធភាពនៅថ្ងៃខាងមុខ»។

អគ្គនាយករងកាំកុងត្រូលត្រួតពិនិត្យ ផ្នែកសុខភាព ចំណីអារហារ លោក គឹម មាសសីហា បានលើកឡើថា ការដាក់ចេញនូវវិធានការផ្អាកការនាំចូល​គ្រឿងក្នុង និងបំណែកសាច់​បង្កក​នេះ ​ដោយ​សារមន្រ្តីអនុវត្តច្បាប់របស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ បានរកឃើញ​កត្តាដែល​​នាំ​ឱ្យ​មាន​គ្រោះថ្នាក់ផ្សេងៗ​ទៅលើបណ្តា​សាច់​គ្រឿង​ក្នុង​ទាំង​ ៨មុខ ដែលមិនអនុ​លោម​ទៅ​តាម​ច្បាប់ និងមិនមានសុវត្ថិភាព។

លោកបញ្ជាក់ថា៖ «ចំពោះប្រសិទ្ធភាព មុននឹងយើងរៀបចំដាក់ចេញនូវវិធានការនេះ យើងក៏បានចូលរួមសិក្សាទាំងអស់គ្នា ដោយមានក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជា វិស័យឯកជនផងដែរ ថានៅពេលដែលយើងដាក់ចេញវិធានការនេះ​ទៅនឹ​ង​មាន​ការសាទរ​កម្រិតណា ហើយក៏ដូចជាមានភាពអនុលោមស្តង់ដាប្រតិបត្តិរបស់អន្តរជាតិយ៉ាងម៉េចដែរ ទៅតាមគោលការណ៍អន្តរជាតិ។ យើងមិនមែនចេះតែដាក់វិធានការដោយមិនមានការសិក្សាច្បាស់លាស់ទេ»។

លោបន្តថា៖ «មន្រ្តីអនុវត្តច្បាប់យើងក៏ពិនិត្យទៅតាមឃ្លាំងស្តុក ទៅតាមគោលដៅសំខាន់ៗ យកជាគំរូ និងត្រួតពិនិត្យទៅថាតើ​កន្លែងណា​មាន​កត្តា​ជាហានិភ័យទេ មុននឹងយើងសម្រេចរៀបចំវិធានការជាក់លាក់មួយ ក្រោយ​ពីវិធាន​ការរយៈពេល៦ខែនេះ ត្រូវបានកន្លងផុតទៅ យើងនឹងបន្តសកម្មភាពរបស់យើងឱ្យបានជាប់លាប់»។

បើតាម​របាយការណ៍បូកសរុបការងាររបស់ក្រសួងកសិកម្ម នៅឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ បានឱ្យដឹងថា នៅឆ្នាំ២០២៣ ផលិតកម្មសត្វ​ក្នុងស្រុកអាចផ្គត់ផ្គង់សាច់បានប្រមាណ ៣២០ពាន់តោន ស្មើនឹង៩៨ភាគរយនៃតម្រូវការសរុប។ ប្រភពដដែលបន្តថា បរិមាណសាច់ដែលខ្វះខាត ត្រូវបាននាំចូលពីបរទេស ដើម្បីបំពេញតម្រូវការសម្រាប់ម្ហូបអាហារ និងធ្វើជាវត្ថុធាតុដើមផលិតចំណីសត្វលម្អ ដូចជា ឆ្កែ និងឆ្មាជាដើម។

ដើម្បីបំពេញតម្រូវការ កម្ពុជាបាននាំចូលសាច់ និងផលិតសត្វសរុប ៩,២៥ពាន់តោន ក្នុងនោះមានជ្រូកកណ្ដុល ៣ពាន់ក្បាល ពពែ៣៣៦ក្បាល ចៀម ៤០០ក្បាល មាន់សាច់រស់ ៣,៥៥លានក្បាល ទាសាច់រស់ ១៧០ពាន់ក្បាល (៤,៤៩ពាន់តោន) និងសាច់ចម្រុះ រួមមាន សាច់ជ្រូក ចៀម ក្ងាន ក្រួច គោ ក្របី ប្រហិត សាច់ក្រក និងផលិតផលសត្វ សរុបចំនួន (៤,៧៦ពាន់តោន)។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃចុង​ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញខេត្តស្វាយរៀង បានបង្ក្រាបករណីរថយន្ត​កុងតឺន័រ​ចំនួន ០៤គ្រឿង ​ដែលដឹកសាច់បង្កកនាំចូលពីវៀតណាមជាច្រើនតោន ក្រោយរកឃើញថា ខ្វះខាតឯកសារបញ្ជាក់មួយចំនួន និង​ការ​រក្សា​ទុកសាច់បង្កក​មិនត្រូវតាមស្តង់ដាដែលនាំឱ្យប៉ះពាល់​​ដល់​គុណភាពសាច់។ ចំណែក​កាលពី​​ថ្ងៃទី៨ ខែកុម្ភៈ អាជ្ញាធរបានរកឃើញបង្គារ​​​មានចាក់ចាហួយ​នៅលើក្បាលចំនួន ៤ ២៣៥​គីឡូ​ក្រាម នៅ​លើ​រថយន្តមួយ​ដែល​កំពុង​ចែក​ចាយ​​​នៅ​តាមស្តង់​លក់​មួយចំនួន នៅម្តុំត្រឡោកបែក ក្នុងរាជធានីភ្នំពេញ​​។

ដោយឡែក នៅ​ថ្ងៃទី១៤ ខែកុម្ភៈ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក៏​បាន​បង្ក្រាបការនាំចូល​ស្លាប​មាន់​ខូចគុណភាព ចំនួន ២ ០០០គីឡូក្រាម គ្មាន​ឯកសារ​បញ្ជាក់​ពី​ប្រភពច្បាស់​លាល់ និងមិនអនុលោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខ័ណ្ឌតម្រូវម្ហូបអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផងដែរ៕