ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា និងម៉ាឡេស៊ី បានឯកភាពគ្នាពង្រឹងទំនាក់ទំនងដ៏យូរលង់ រវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀតទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ និងតំបន់។
ការឯកភាពគ្នារបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរនេះ បានបង្ហាញតាមរយៈសន្និសីទសារព័ត៌មានរួមគ្នារវាង លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ដាតុស៊េរី អាន់វ៉ាអ៊ីប្រាហ៊ឹម (Datuk Seri Anwar Ibrahim) នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាឱកាសដែលថ្នាក់ដឹកនាំកម្ពុជាទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសម៉ាឡេស៊ី។
ក្នុងសន្និសីទសារព័ត៌មាននោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា នេះជាខួបលើកទី៦៧ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២ ហើយចំណងមិត្តភាពនេះ ក៏មានការវិវត្តន៍ និងរីកចម្រើនទៅដល់កម្រិតថ្មីមួយទៀត ក្នុងក្របខណ្ឌនៃវិស័យសេដ្ឋកិច្ច ខណៈប្រទេសទាំង២ បាននិងកំពុងមានទំនាក់ទំនងល្អទាំងកម្រិតថ្នាក់ដឹកនាំ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងទំនាក់ទំនងលើវិស័យការពារជាតិ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ នាពេលកន្លងមក ដែលកម្ពុជា និងម៉ាឡេស៊ី បានចូលរួមក្នុងកិច្ចការរក្សាសន្ដិភាព ជាមួយអង្គការសហប្រជាជាតិ (UN)។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងទៀតថា៖ «កម្ពុជាតែងតែចងចាំនូវការរួមចំណែកដ៏មានតម្លៃរបស់កងរក្សាសន្តិភាពម៉ាឡេស៊ី ក្នុងដំណើរការស្វែងរកសុខសន្តិភាពរបស់កម្ពុជានៅដើមទស្សវតន៍ឆ្នាំ១៩៩០»។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏នឹងចូលក្រាបបង្គំគាល់ព្រះចៅ ស៊ុលតង់ ស៊ីកានដា (Sultan Ibrahim ibni Almarhum Sultan Iskandar) ព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ី នៅព្រះបរមរាជវាំង និងមានជំនួបជាមួយប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាម៉ាឡេស៊ី នៅវិមានរដ្ឋសភាផងដែរ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា មានប្រសាសន៍ថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសម៉ាឡេស៊ីនេះ ជាការបង្ហាញពីការរក្សាជំហរបន្តកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អ ដែលបានបន្សល់ទុកតាំងពីជំនាន់អតីតនាយករដ្ឋមន្ត្រី គឺលោក ហ៊ុន សែន។
លោកបន្តថា៖ «ដូចដំណើរទស្សនកិច្ចទៅកាន់ប្រទេសដទៃដែរ កម្ពុជាក៏ស្វះស្វែងរកការទាក់ទាញវិនិយោគ និងទេសចរណ៍ពីម៉ាឡេស៊ីដែរ»។
បើតាមសារព័ត៌មាន Bernama News របស់ម៉ាឡេស៊ី ក្នុងដំណើរទស្សនកិច្ចនោះ ភាគីនៃប្រទេសទាំង២ ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ី ស្ដីពី កិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូរទាត់សងប្រាក់ ដោយមាននាយករដ្ឋមន្ត្រីនៃប្រទេសទាំង២នេះ ជាសាក្សីផ្ទាល់។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា យល់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសម៉ាឡេស៊ីនេះ អាចជាកាតាលីករមួយ ជួយជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ព្រមទាំងជះផលវិជ្ជមានទៅដល់វិស័យនយោបាយ សេដ្ឋកិច្ច និងការទូតជាដើម។
លោកបន្តថា៖ «ដំណើរទស្សនកិច្ចនេះ គឺពិតជាមានសារៈសំខាន់ សម្រាប់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី។ លោក[នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត]ទើបចូលកាន់តំណែង ដូច្នេះដំណើរទស្សនកិច្ចនេះ ក៏អាចជាការឧទ្ទេសនាមខ្លួនទៅកាន់សមភាគីរបស់លោក ទៅកាន់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី»។
ជាមួយគ្នានេះ លោក គិន ភា ក៏បានបង្ហាញការរំពឹងថា ទំនាក់ទំនងរវាងប្រទេសអាស៊ានទាំង២នេះ នឹងកាន់តែស៊ីជម្រៅ និងស្អិតរមួតជាងមុន ដែលអាចជួយជំរុញដល់វិស័យផ្សេងៗ ដូចជា វិស័យសុខាភិបាល ថាមពល និងជំនួយផ្សេងៗថែមទៀតផង។
លោកថា៖ «វាពិតជាមានផលប្រយោជន៍ទៅលើទិដ្ឋភាពនយោបាយ និងការទូត បង្ហាញឱ្យឃើញពីភាពជិតស្និទគ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំង២ […] ជាទិដ្ឋភាពសេដ្ឋកិច្ច គឺជំរុញបន្ថែមទៀតទៅលើការវិនិយោគ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង២ផង ដោយសារតែម៉ាឡេស៊ីគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ហើយក៏ជាប្រទេសដែលមានវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជាធំមួយដែរនៅក្នុងតំបន់»។
លោកក៏បានបញ្ជាក់ផងដែរថា៖ «ម៉ាឡេស៊ី គឺជាប្រទេសដែលបានទទួលពលករខ្មែរជាច្រើនទៅធ្វើការ និងរស់នៅនៅក្នុងប្រទេសរបស់ខ្លួន ហើយខ្ញុំបានមើលឃើញថា វាជាការមួយដែលប្រសើរ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ អាចពិភាក្សាគ្នាអំពីលក្ខខណ្ឌការងារ កិច្ចគាំពារពលករទេសន្តប្រវេសន៍ ដើម្បីជាការធានាដល់សុខសុវត្ថិភាពពលករទាំងអស់ […] កន្លងមក ក៏មានព័ត៌មានមិនល្អ ព័ត៌មានអវិជ្ជមានដែរពាក់ព័ន្ធនឹងពលករខ្មែរ ដែលទទួលការធ្វើទុក្ខបុកម្នេញពីថៅកែ ឬក៏ពីម្ចាស់ផ្ទះ ព្រោះមួយចំនួនគាត់ធ្វើការនៅតាមផ្ទះរបស់ម៉ាឡេស៊ីហ្នឹង ដែលទទួលបញ្ហាច្រើនដែរ»។
ពលករដែលកំពុងធ្វើការ និងរស់នៅក្នុងប្រទេសម៉ាឡេស៊ី មានជាងប្រមាណ ២ម៉ឺននាក់ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ នាពេលកន្លងមក។
គួរបញ្ជាក់ថា កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងបំផុត ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយម៉ាឡេស៊ីក្នុងឆ្នាំ១៩៥៧ ហើយនៅឆ្នាំ២០២៣ កម្ពុជាបានជាប់ចំណាត់ថ្នាក់ជាដៃគូពាណិជ្ជកម្មធំជាងគេទី៩ របស់ម៉ាឡេស៊ីនៅក្នុងតំបន់អាស៊ាន៕