ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា និងម៉ាឡេស៊ី បានឯកភាពគ្នា​ពង្រឹងទំនាក់ទំនងដ៏យូរលង់ រវាង​ប្រទេសទាំងពីរ​ ឱ្យកាន់​តែស៊ី​ជម្រៅថែមទៀតទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ និង​តំបន់។

ការឯកភាពគ្នារបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរនេះ បានបង្ហាញ​តាមរយៈ​សន្និសីទសារព័ត៌​មាន​​​រួម​គ្នារវាង លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ដាតុស៊េរី អាន់វ៉ាអ៊ីប្រាហ៊ឹម (Datuk Seri Anwar Ibrahim) នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ​ នាឱកាសដែលថ្នាក់ដឹកនាំកម្ពុជា​ទៅបំពេញ​ទស្សនកិច្ចជាផ្លូវការ នៅ​ប្រទេសម៉ាឡេស៊ី។

ក្នុងសន្និសីទសារព័ត៌មាននោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើង​ថា នេះជាខួបលើក​ទី​៦៧ នៃ​ទំនាក់​ទំនង​ការទូតរវាងប្រទេសទាំង២ ហើយចំណងមិត្តភាពនេះ ក៏មានការ​វិវត្តន៍ និងរីកចម្រើន​ទៅដល់កម្រិតថ្មីមួយទៀត ក្នុងក្របខណ្ឌនៃវិស័យសេដ្ឋកិច្ច ខណៈប្រទេស​ទាំង២ បាននិងកំពុងមានទំនាក់ទំនងល្អទាំងកម្រិត​ថ្នាក់ដឹកនាំ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងទំនាក់ទំនង​លើវិស័យការពារជាតិ។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ នាពេល​កន្លងមក ដែល​កម្ពុជា​ និងម៉ាឡេស៊ី បានចូលរួមក្នុងកិច្ចការរក្សាសន្ដិភាព ជាមួយអង្គការសហប្រជាជាតិ (UN)។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងទៀត​​ថា«កម្ពុជាតែងតែចងចាំនូវការរួមចំណែក​ដ៏​មានតម្លៃ​របស់​កង​រក្សា​សន្តិភាពម៉ាឡេស៊ី ក្នុងដំណើរការស្វែងរកសុខសន្តិភាពរបស់កម្ពុជា​នៅដើមទស្សវតន៍ឆ្នាំ១៩៩០»។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះដែរ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ាណែត ក៏នឹង​ចូលក្រាប​បង្គំ​គាល់​ព្រះចៅ ស៊ុល​តង់ ស៊ីកាន​ដា (Sultan Ibrahim ibni Almarhum Sultan Iskandar) ព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ី នៅព្រះបរមរាជវាំង និង​មាន​ជំនួប​ជាមួយ​ប្រធាន​ព្រឹទ្ធសភា និងប្រធានរដ្ឋសភាម៉ាឡេស៊ី នៅវិមានរដ្ឋសភាផងដែរ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា​ លោក ប៉ែន បូណា មានប្រសាសន៍ថា ​ដំណើរ​ទស្សនកិច្ចជាផ្លូវការ​របស់នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេស​ម៉ាឡេស៊ីនេះ ជា​ការ​​បង្ហាញ​ពីការរក្សាជំហរបន្តកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អ ដែលបានបន្សល់ទុកតាំងពីជំនាន់អតីតនាយករដ្ឋមន្ត្រី​ គឺលោក ហ៊ុន​ សែន។

លោកបន្ត​ថា៖ «ដូចដំណើរទស្សនកិច្ចទៅកាន់ប្រទេសដទៃដែរ កម្ពុជាក៏ស្វះស្វែងរកការទាក់ទាញវិនិយោគ និងទេសចរណ៍ពីម៉ាឡេស៊ីដែរ»។

បើតាមសារព័ត៌មាន Bernama News របស់ម៉ាឡេស៊ី ក្នុងដំណើរទស្សនកិច្ចនោះ ភាគី​នៃប្រទេស​ទាំង​២ ក៏បា​ន​​ចុះហត្ថ​​លេខា​​​លើ​​អនុស្សរណៈ​នៃ​​ការ​យោគយល់​គ្នា រវាង​ធនា​គារ​ជាតិ​​នៃ​កម្ពុជា និងធនាគារ​កណ្ដាលម៉ា​ឡេ​ស៊ី ស្ដីពី​ កិច្ច​សហប្រតិបត្តិការ​ផ្នែក​នវា​នុវត្តន៍​ហិរញ្ញ​វត្ថុ និងប្រព័ន្ធទូរទាត់​សង​ប្រាក់ ដោយ​មាន​នាយករដ្ឋមន្ត្រីនៃប្រទេសទាំង២នេះ ជាសាក្សី​ផ្ទាល់។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា យល់ថា ដំណើរទស្សន​​កិច្ចផ្លូវការ​របស់​លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេស​ម៉ាឡេស៊ីនេះ​​ អាចជាកាតាលីករមួយ ជួយជំរុញ​កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ព្រមទាំងជះផលវិជ្ជមាន​ទៅដល់វិស័យនយោបាយ​ សេដ្ឋកិច្ច និងការទូតជាដើម។

លោកបន្តថា៖ «ដំណើរទស្សនកិច្ចនេះ គឺពិតជាមានសារៈសំខាន់ សម្រាប់ការលើកកម្ពស់កិច្ចសហប្រតិបត្តិ​ការ​ទ្វេភាគីរ​វាង​កម្ពុជា និងម៉ាឡេស៊ី។ លោក[នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត]​ទើបចូលកាន់តំណែង ដូច្នេះដំណើរទស្សនកិច្ចនេះ ក៏អាចជាការឧទ្ទេសនាមខ្លួន​ទៅ​កាន់​សម​ភាគី​របស់​លោក ទៅកាន់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី»។

ជាមួយគ្នានេះ លោក គិន ភា​ ក៏បានបង្ហាញការ​រំពឹងថា ទំនាក់ទំនងរវាងប្រទេសអាស៊ានទាំង២នេះ នឹងកាន់តែស៊ីជម្រៅ និងស្អិតរមួតជាងមុន ដែលអាចជួយជំរុញ​ដល់វិស័យផ្សេងៗ ដូចជា វិស័យសុខាភិបាល ថាមពល និងជំនួយផ្សេងៗថែមទៀតផង។

លោកថា៖ «វាពិតជាមានផលប្រយោជន៍ទៅលើទិដ្ឋភាពនយោបាយ និងការទូត បង្ហាញឱ្យ​ឃើញពីភាពជិតស្និទគ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំង២ […] ជាទិដ្ឋភាពសេដ្ឋកិច្ច គឺជំរុញ​បន្ថែមទៀតទៅលើការវិនិយោគ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង២ផង ដោយសារតែម៉ាឡេស៊ីគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ហើយក៏ជាប្រទេសដែលមានវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជាធំមួយដែរនៅក្នុងតំបន់»។

លោកក៏បានបញ្ជាក់ផងដែរថា៖ «ម៉ាឡេស៊ី គឺជាប្រទេសដែលបានទទួល​​​ពលករ​ខ្មែរ​ជាច្រើ​ន​ទៅ​ធ្វើការ និងរស់​នៅ​នៅក្នុងប្រទេសរបស់ខ្លួន ហើយ​ខ្ញុំបាន​មើល​ឃើញ​ថា វាជា​ការ​មួយ​ដែល​ប្រសើរ ដែលនាយករដ្ឋមន្ត្រី​នៃប្រទេស​​ទាំង​២ អាចពិភាក្សាគ្នាអំពីលក្ខខណ្ឌការងារ កិច្ច​គាំពារពលករ​ទេសន្តប្រវេសន៍ ដើម្បីជាការធានាដល់សុខសុវត្ថិភាព​ពលករទាំងអស់ […] កន្លងមក ក៏មានព័ត៌មានមិនល្អ ព័ត៌មានអវិជ្ជមានដែរពាក់ព័ន្ធនឹងពលករខ្មែរ ដែលទទួល​ការ​ធ្វើទុក្ខបុកម្នេញពី​ថៅ​កែ ឬក៏ពីម្ចាស់ផ្ទះ ព្រោះ​មួយ​ចំនួន​គាត់ធ្វើការនៅតាមផ្ទះរបស់​ម៉ាឡេស៊ីហ្នឹង ដែលទទួល​បញ្ហា​ច្រើន​ដែរ»។

ពលករដែលកំពុងធ្វើការ និងរស់នៅក្នុងប្រទេសម៉ាឡេស៊ី មានជាងប្រមាណ ២ម៉ឺន​នាក់ នេះ​បើតាមការលើកឡើងរបស់រដ្ឋ​មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង​ សួរ នាពេលកន្លងមក​។

គួរបញ្ជាក់ថា កម្ពុជា គឺ​ជាប្រទេស​មួយ​​ក្នុង​​ចំណោម​ប្រទេស​ដំបូង​បំផុ​ត​ ដែល​បាន​បង្កើត​ទំនាក់​​ទំនង​​ការ​ទូត​ជាមួយ​ម៉ាឡេស៊ីក្នុង​ឆ្នាំ១៩៥៧ ហើយ​នៅឆ្នាំ២០២៣ កម្ពុជាបានជាប់ចំណាត់ថ្នាក់ជាដៃគូពាណិជ្ជកម្មធំជាងគេទី៩ របស់ម៉ាឡេស៊ីនៅក្នុងតំបន់អាស៊ាន៕