ប្រជាពលរដ្ឋប្រមាណ ១០០នាក់ រស់នៅតំបន់បឹងតាមោក សង្កាត់សំរោងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នាតវ៉ានៅក្នុងសហគមន៍ជាថ្មីទៀត នៅរសៀលថ្ងៃពុធនេះ ដោយទាមទារឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ឱ្យបានឆាប់ មុននឹងមានការអភិវឌ្ឍណាមួយ។
ការតវ៉ានេះ បានធ្វើឡើងក្រោយពីមានការប៉ះទង្គិចគ្នាដោយហិង្សារវាងពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញ នៅពេលដែលអាជ្ញាធរមូលដ្ឋានចុះទៅកាយដីប្រឡាយរំដោះទឹក នៅតំបន់នោះ បណ្តាលឱ្យស្រ្តីមួយចំនួន និងកុមារីម្នាក់ រងរបួស។
អ្នកស្រី សឿន ស្រីសុទ្ធ ជាប្រជាពលរដ្ឋរស់នៅបឹងតាមោក បានឱ្យដឹងថា ការដែលពួកគាត់នាំគ្នាតវ៉ា និងលើកបដានៅក្នុងសហគមន៍នេះ គឺក្នុងគោលបំណងទាមទារឱ្យរដ្ឋាភិបាល រកដំណោះស្រាយរឿងវិវាទដីធ្លីរបស់ពួកគាត់ និងស្នើឱ្យអាជ្ញាធរផ្អាកប្រើគ្រឿងចក្រកាយប្រឡាយ ហើយងាកមកចរចារកដំណោះស្រាយជាមួយប្រជាពលរដ្ឋឱ្យបានរួចរាល់ជាមុនសិន។
អ្នកស្រីបន្តថា៖ «ពួកខ្ញុំសុំឱ្យគាត់កាត់ឆ្វៀលដី ចេញប្លង់កម្មសិទ្ធឱ្យពួកខ្ញុំសិន។ ពួកខ្ញុំមិនចង់រុះរើផ្ទះ ចង់រស់នៅកន្លែងរស់នៅនេះ ពួកខ្ញុំតស៊ូរកដំណោះស្រាយណាមួយទាល់តែបាន»។
អ្នកស្រី ឌី សារឿន ជាប្រជាពលរដ្ឋរស់នៅបឹងតាមោកម្នាក់ទៀត និងបានអះអាងថាជាអ្នករងរបួសក្នុងការប៉ះទង្គិចកាលពីថ្ងៃម្សិលមិញនោះ បានលើកឡើងថា កន្លងមក ប្រជាពលរដ្ឋ បានតវ៉ាជាច្រើនលើកច្រើនសារមកហើយ ទាំងការតវ៉ានៅក្នុងសហគមន៍ និងការដាក់ញត្តិនៅតាមក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីទាមទារឱ្យមានដំណោះស្រាយរឿងដីធ្លីនេះ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានដំណោះស្រាយសមរម្យដែលពួកគាត់អាចទទួលយកបាននៅឡើយ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំតវ៉ារឿងដីធ្លី ដូចមិនសង្ឈឹម តវ៉ាច្រើនដងហើយ នៅតែធ្វើទៀត ដោយសារគេមិនព្រមដោះស្រាយឱ្យយើងសោះ»។
ប្រជាពលរដ្ឋនៅតំបន់បឹងតាមោកម្នាក់ទៀត អ្នកស្រី វ៉ន ផា បានស្នើដល់រដ្ឋាភិបាលជួយអន្តរាគមន៍ឱ្យមានដំណោះស្រាយបញ្ហាដីធ្លី និងផ្ទះសម្បែងរបស់ពួកគាត់ ឱ្យបានឆាប់ និងស្នើឱ្យអាជ្ញាធរបញ្ឈប់ការប្រើហិង្សាទៅលើប្រជាពលរដ្ឋ។
អ្នកស្រីបន្ថែមថា៖ «សុំឱ្យសម្តេច[ហ៊ុន ម៉ាណែត] ជួយរកយុត្តិធម៌ឱ្យប្រជាពលរដ្ឋផង ពលរដ្ឋមានទុក្ខលំបាកខ្លាំងណាស់ ម្សិលមិញ អាជ្ញាធរយកអាត្រាក់កាយក្រោយផ្ទះពួកខ្ញុំ និងប្រើអំពើហឹង្សា រហូតមានស្រីម្នាក់សន្លប់ ក្មេងស្រីម្នាក់ឆេះពោះ មានក្មេងចាស់ សរុប ១០នាក់របួសស្រាលទៀត»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន ប៉ូណា បានបដិសេធឆ្លើយតប ដោយលោកបង្វែរសំណួរឱ្យសួរទៅកាន់អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញវិញ។
គេហទំព័រ Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានទេ ដោយទូរស័ព្ទចូលច្រើនដងពុំមានអ្នកទទួល។
តែយ៉ាងណា អភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន មានប្រសាសន៍ថា កន្លងមក អាជ្ញាធរមិនបានទុកពលរដ្ឋទាំងនោះចោលទេ ហើយអាជ្ញាធរក៏បានដោះស្រាយជូនពួកគេដែរ ប៉ុន្តែពួកគាត់មិនព្រមយកទទួលសំណង។
លោកថ្លែងថា៖ «រឿងគាត់ធ្វើ [ការតវ៉ា] គឺជារឿងគាត់ធ្វើហើយ ប៉ុន្តែអាជ្ញាធរកន្លងមកមិនមែនទុកពួកគាត់ចោលនោះទេ ពួកគាត់រស់នៅលើដីរដ្ឋ ហើយរដ្ឋទៅអភិវឌ្ឍន៍លើដីហ្នឹង ហើយរដ្ឋបានដោះស្រាយជូនពួកគាត់ មិនមែនឆ្ងាយពីហ្នឹងទេ គឺនៅលើផ្លូវហ្នឹងតែម្តង ដោយចែកដីជូនពួកគាត់ ដើម្បីឱ្យពួកគាត់ចេញទៅរស់នៅទីនោះ នៅទីតាំងស្របច្បាប់។ កន្លងមកចេញទៅនៅ ៣២គ្រួសារហើយ»។
មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា បើតាមនីតិវិធី សម្រាប់គម្រោងអភិវឌ្ឍន៍ណាមួយដែលមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ អាជ្ញាធរគួរតែផ្អាកសកម្មភាព និងរកដំណោះស្រាយជាមួយពលរដ្ឋជាមុនសិន។
លោកបន្តថា៖ «ប្រជាពលរដ្ឋគាត់មិនទាន់យល់ព្រមថាដោះស្រាយម៉េចផង ទៅកាយអញ្ចឹងបានជាមានបញ្ហា […] បើសិនណារដ្ឋាភិបាល មានឆន្ទៈក្នុងការដោះស្រាយបានតើ គឺចេញប្លង់កម្មសិទ្ធិស្របច្បាប់ឱ្យគាត់ ឬមួយក៏ផ្តល់ជាសំណងសមរម្យទៅ»៕