ប្រជាពលរដ្ឋប្រមាណ ១០០នាក់ រស់នៅតំបន់​បឹងតាមោក សង្កាត់សំរោងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ​ បានប្រមូលផ្តុំគ្នាតវ៉ានៅក្នុងសហគមន៍ជាថ្មីទៀត​​​​ នៅរសៀលថ្ងៃពុធ​នេះ​ ដោយ​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​ដោះ​​ស្រាយ​បញ្ហាដីធ្លី​របស់ពួកគាត់​ឱ្យបានឆាប់ មុននឹងមានការ​អភិវឌ្ឍ​ណា​មួយ។

ការតវ៉ានេះ បានធ្វើឡើងក្រោយពីមានការប៉ះទង្គិចគ្នា​ដោយហិង្សា​រវាងពលរដ្ឋ និងអាជ្ញាធរមូល​ដ្ឋាន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញ នៅពេលដែលអាជ្ញាធរមូលដ្ឋាន​​ចុះទៅកាយដីប្រឡាយរំដោះទឹក​ នៅតំបន់នោះ បណ្តាលឱ្យស្រ្តីមួយចំនួន និងកុមារីម្នាក់ រងរបួស។

អ្នកស្រី សឿន ស្រីសុទ្ធ ជា​ប្រជាពលរដ្ឋរស់នៅបឹងតាមោក បានឱ្យដឹងថា ការដែលពួកគាត់នាំគ្នាតវ៉ា និងលើកបដានៅក្នុងសហគមន៍នេះ គឺក្នុងគោលបំណងទាមទារឱ្យ​​រដ្ឋាភិបាល រកដំណោះស្រាយរឿងវិវាទដីធ្លីរបស់ពួកគាត់ និងស្នើឱ្យអាជ្ញាធរ​ផ្អាកប្រើ​គ្រឿងចក្រ​កាយប្រឡាយ ហើយងាកមកចរចារកដំណោះស្រាយ​​ជាមួយប្រជាពលរដ្ឋ​ឱ្យបាន​រួចរាល់ជាមុនសិន។

អ្នកស្រីបន្តថា៖ «ពួកខ្ញុំសុំឱ្យគាត់កាត់ឆ្វៀល​ដី ចេញប្លង់កម្មសិទ្ធឱ្យពួកខ្ញុំសិន។ ពួកខ្ញុំមិនចង់រុះរើផ្ទះ ចង់រស់នៅកន្លែងរស់នៅនេះ ពួកខ្ញុំតស៊ូរកដំណោះស្រាយណាមួយទាល់តែបាន»។

អ្នកស្រី ឌី សារឿន ជាប្រជា​ពលរដ្ឋរស់នៅបឹងតាមោកម្នាក់ទៀត និង​បាន​អះអាងថាជាអ្នករងរបួស​​ក្នុងការប៉ះទង្គិច​កាលពីថ្ងៃម្សិលមិញ​នោះ បានលើកឡើងថា កន្លងមក ប្រជាពលរដ្ឋ បាន​តវ៉ាជាច្រើនលើកច្រើនសារមកហើយ​ ទាំងការតវ៉ានៅក្នុងសហគមន៍ និងការដាក់ញត្តិនៅតាមក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីទាមទារឱ្យមានដំណោះស្រាយរឿងដីធ្លីនេះ ប៉ុន្តែរហូត​មក​ដល់ពេលនេះ នៅមិនទាន់មានដំណោះស្រាយសមរម្យដែលពួកគាត់អាចទទួលយក​បាន​នៅ​ឡើយ​។

អ្នកស្រី​ថ្លែងថា៖ «ខ្ញុំតវ៉ារឿងដីធ្លី ដូចមិនសង្ឈឹម តវ៉ាច្រើនដងហើយ នៅតែធ្វើទៀត ដោយសារគេមិនព្រមដោះស្រាយឱ្យយើងសោះ»។

ប្រជាពលរដ្ឋនៅតំបន់បឹងតាមោកម្នាក់ទៀត អ្នកស្រី វ៉ន ផា បានស្នើ​ដល់រដ្ឋាភិបាល​ជួយអន្តរា​គមន៍ឱ្យ​មានដំណោះ​ស្រាយ​បញ្ហាដីធ្លី និងផ្ទះសម្បែងរបស់ពួកគាត់ ឱ្យបាន​ឆាប់ និងស្នើឱ្យ​អាជ្ញាធរ​បញ្ឈប់ការប្រើហិង្សាទៅលើប្រជាពលរដ្ឋ។   ​

អ្នកស្រីបន្ថែមថា៖ «សុំឱ្យសម្តេច[ហ៊ុន ម៉ាណែត] ជួយរកយុត្តិធម៌ឱ្យប្រជាពលរដ្ឋផង ពលរដ្ឋមានទុក្ខលំបាកខ្លាំងណាស់ ម្សិលមិញ អាជ្ញាធរយកអាត្រាក់កាយ​ក្រោយផ្ទះពួកខ្ញុំ និងប្រើអំពើហឹង្សា រហូតមានស្រីម្នាក់សន្លប់ ក្មេងស្រីម្នាក់ឆេះពោះ មានក្មេងចាស់ សរុប ១០នាក់របួសស្រាលទៀត»។

អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន ប៉ូណា បាន​បដិសេធឆ្លើយតប ដោយលោកបង្វែរសំណួរឱ្យ​សួរទៅ​កាន់អ្នកនាំពាក្យរដ្ឋបាល​រាជធានីភ្នំពេញវិញ។

គេហទំព័រ Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយ​ពី​អ្នកនាំពាក្យរដ្ឋ​បាល​រាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានទេ ដោយទូរស័ព្ទចូលច្រើនដងពុំមានអ្នកទទួល។ ​

តែយ៉ាងណា អភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន មានប្រសាសន៍​ថា កន្លងមក អាជ្ញាធរ​មិន​បានទុកពលរដ្ឋទាំងនោះ​ចោលទេ ហើយអាជ្ញាធរក៏បានដោះស្រាយជូនពួកគេដែរ ប៉ុន្តែពួកគាត់មិនព្រមយក​ទទួលសំណង។

លោកថ្លែងថា​៖ «រឿងគាត់ធ្វើ [ការតវ៉ា] គឺជារឿងគាត់ធ្វើហើយ​ ប៉ុន្តែអាជ្ញាធរកន្លងមកមិនមែនទុកពួកគាត់ចោលនោះទេ​ ពួកគាត់រស់នៅលើដីរដ្ឋ ហើយរដ្ឋទៅអភិវឌ្ឍន៍​លើដីហ្នឹង ហើយ​រដ្ឋបាន​ដោះស្រាយជូ​ន​ពួកគាត់ មិនមែនឆ្ងាយ​ពីហ្នឹងទេ គឺនៅ​លើ​ផ្លូវហ្នឹង​តែ​ម្តង ដោយចែកដីជូនពួកគាត់ ដើម្បីឱ្យពួកគាត់ចេញទៅរស់នៅទីនោះ នៅទីតាំងស្របច្បាប់។ កន្លងមកចេញ​ទៅនៅ ៣២​គ្រួសារហើយ»។ 

មន្ត្រី​សម្របសម្រួលគម្រោងធុរកិច្ច​ និងសិទ្ធិមនុស្សនៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា​ លោក វណ្ណ សុផាត មានប្រសាសន៍​ថា បើតាមនីតិវិធី​ សម្រាប់គម្រោងអភិវឌ្ឍន៍ណាមួយដែលមានផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ អាជ្ញាធរគួរ​តែផ្អាកសកម្មភាព និងរកដំណោះស្រាយ​ជាមួយ​ពលរដ្ឋ​ជាមុន​សិន។

លោកបន្តថា៖ «ប្រជាពលរដ្ឋគាត់មិនទាន់យល់ព្រម​ថា​ដោះស្រាយ​ម៉េច​ផង ទៅ​កាយ​អញ្ចឹង​​បាន​ជាមានបញ្ហា […] បើសិន​ណារដ្ឋាភិបាល មានឆន្ទៈក្នុងការដោះស្រាយបានតើ គឺចេញប្លង់កម្មសិទ្ធិស្របច្បាប់ឱ្យគាត់ ឬមួយក៏ផ្តល់ជាសំណងសមរម្យទៅ»៕