កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១០ ក្នុងចំណោមប្រទេសដែលផលិតអង្ករច្រើនជាងគេក្នុងពិភពលោក នៅឆ្នាំ២០២៣ ដោយផលិតអង្ករបានចំនួន ៥.៩៣ លានតោន។
យោងតាមទិន្នន័យរបស់គេហទំព័រអាល្លឺម៉ង់ Statista បានបង្ហាញថា ប្រទេសកម្ពុជា ឈរនៅចំណាត់ថ្នាក់ទី១០ លើពិភពលោក ខណៈប្រទេសចិនឈរលំដាប់ថ្នាក់លេខ១ ដែលផលិតអង្ករបាន ១៤៥.៩៥ លានតោន និងឥណ្ឌាឈរលំដាប់ថ្នាក់លេខ២ ដែលផលិតបាន ១៣៥.៧៦ លានតោន។ ក្រៅពីនោះ ប្រទេសបង់ក្លាដេស ឥណ្ឌូនេស៊ី វៀតណាម ថៃ ហ្វីលីពីន មីយ៉ាន់ម៉ា និងជប៉ុន ឈរនៅចំណាត់ថ្នាក់បន្តបន្ទាប់ពីចំណាត់ថ្នាក់ទី៣ ដល់ទី៩។
គេហទំព័រ Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក យ៉ង សាំងកុមារ និងអ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានទេនៅថ្ងៃទី២៧ ខែកុម្ភៈ។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន មានប្រសាសន៍ថានេះជាមោទនភាព និងជាសក្តានុពលរបស់ប្រជាកសិករជាអ្នកផលិត ដែលគាត់មានសមត្ថភាព និងលទ្ធភាព អាចដាំដុះស្រូវបានល្អប្រសើរ រហូតធានាបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅក្នុងប្រទេស និងអាចនាំចេញទៅកាន់ពិភពលោកថែមទៀត។
លោកថ្លែងថា៖ «បច្ចុប្បន្ននេះ ការនាំចេញស្រូវអង្ករ លក់ទៅក្រៅ មិនសូវមានភាពងាយស្រួលទេ ដោយសារតែមានការប្រកួតប្រជែងពីប្រទេសជិតខាង ពិសេសប្រទេសថៃ និងប្រទេសវៀតណាម ខណៈដែលយន្តការនៃការស្វះស្វែងរកទីផ្សារអន្តរជាតិរបស់កម្ពុជា នៅមានកម្រិតនៅឡើយ អញ្ចឹងយើងត្រូវការការប្រកួតប្រជែង ហើយធ្វើឱ្យបញ្ហាវិបត្តិតម្លៃថ្លៃទីផ្សារលក់មិនបានតម្លៃសមរម្យរបស់កសិករច្រើនតែងតែជះជាឥទ្ធិពលកើតមានឡើង ហើយរងនូវភាពត្អូញត្អែរ និងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋទៅលើតម្លៃទីផ្សារទាប»។
លោក ថេង សាវឿន បន្តថា ចំណាត់ថ្នាក់នេះ ក៏អាចជួយឱ្យស្រូវមានការកើនឡើងដែរ ពីព្រោះថាប្រទេសលើពិភពលោកចង់បាននូវគុណភាព។ លោកបន្តថា ដើម្បីឱ្យកសិករទទួលបានផលចំណេញពីកសិកម្មបានច្រើន រាជរដ្ឋាភិបាលត្រូវតែគិតគូរអំពីយុទ្ធសាស្ត្រក្នុងការស្វែងរកទីផ្សារអន្តរជាតិបន្ថែមទៀត និងជំរុញឱ្យវត្ថុធាតុដើម ដូចជា ថ្លៃ ជី ប្រេង និងសាំងជាដើម ឱ្យមានតម្លៃធូរថ្លៃ ឬអាចផលិតជី ក៏ដូចជាថ្នាំពុលធម្មជាតិនៅក្នុងស្រុក ដើម្បីបម្រើផលប្រយោជន៍ក្នុងស្រុកជាជាងទិញជី ឬថ្នាំកសិកម្មពីខាងក្រៅ។
ប្រជាកសិកររស់នៅខេត្តព្រះសីហនុ លោក ស៊ុន សុផាត យល់ថា នេះជារឿងល្អដែលកម្ពុជាទទួលបានចំណាត់ថ្នាក់លេខរៀងទី១០ ក្នុងចំណោមប្រទេសដែលផលិតអង្ករច្រើននេះ។ តែយ៉ាងណា លោកមើលឃើញថា ស្រូវដែលកសិករផលិតមកបាន គឺប្រើប្រាស់ជីច្រើន ដែលមិនសមមូលជាមួយនឹងថ្លៃលក់នោះទេ។
លោកថ្លែងថា៖ «ផលិតស្រូវដែលផលិតបាននោះ គឺផលិតបានថោក ហើយប្រសិនជាឡើងតែចំណាត់ថ្នាក់ ហើយស្រូវនៅតែថោក សម្រាប់កសិករប្រហែលជាមិនល្អសម្រាប់គាត់ទេ […] មានតែរាជរដ្ឋាភិបាលទេជួយរកទីផ្សារឱ្យកសិករក្នុងស្រុក ប្រសិនបើរដ្ឋាភិបាលអត់រកទីផ្សារទេ ស្រូវហ្នឹង ផលិតមកហ្នឹង ក្រោមគំនាបនាយទុនធុនកណ្តាលនៅគាបសង្កត់ដដែលហ្នឹង ហើយរកទីផ្សារឱ្យគាត់បានហើយ ឱ្យមានភាពទូលំទូលាយ ហើយការទទួលបានព័ត៌មានទិញលក់ស្រូវពីរដ្ឋាភិបាលឱ្យបានទូលំទូលាយ កុំឱ្យឈ្មួញកណ្តាលគាបយក ហើយទម្លាក់តម្លៃពួកគាត់»។
យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករចំនួន ៦៥៦ ៣២៣ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦៣ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦១ ទទួលបានទឹកប្រាក់បានចំនួនជាង៤៦៦លានដុល្លារ។
ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៤ ៣៨៧ ៣៦៣ តោន ដែលគិតជាទឹកប្រាក់បានប៉ានប្រមាណជា ១.៣២ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៦៤% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕