កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១០ ក្នុងចំណោមប្រទេស​ដែលផលិតអង្ករ​ច្រើនជាងគេ​ក្នុងពិភពលោក នៅឆ្នាំ២០២៣ ដោយ​ផលិតអង្ករបានចំនួន ៥.៩៣ លានតោន។

យោងតាមទិន្នន័យរបស់គេហទំព័រអាល្លឺម៉ង់ Statista បានបង្ហាញថា ប្រទេសកម្ពុជា ឈរនៅ​ចំណាត់​ថ្នាក់​ទី​១០ លើពិភពលោក ខណៈ​ប្រទេសចិនឈរលំដាប់ថ្នាក់លេខ១ ដែលផលិតអង្ករ​​បាន​ ១៤៥.៩៥ លានតោន​ និង​ឥណ្ឌា​ឈរលំដាប់ថ្នាក់លេខ២ ដែលផលិតបាន ១៣៥.៧៦ លានតោន។ ក្រៅពីនោះ ប្រទេសបង់ក្លាដេស ឥណ្ឌូនេស៊ី វៀតណាម ថៃ ហ្វីលីពីន មីយ៉ាន់ម៉ា និងជប៉ុន ឈរនៅចំណាត់ថ្នាក់បន្តបន្ទាប់ពីចំណាត់ថ្នាក់ទី៣ ដល់ទី៩។

គេហទំព័រ Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក យ៉ង សាំងកុមារ និង​​​អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានទេនៅថ្ងៃទី២៧ ខែកុម្ភៈ។

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន មានប្រសាសន៍​ថានេះ​ជាមោទនភាព និងជាសក្តានុពលរបស់ប្រជាកសិករជា​អ្នក​ផលិត ដែលគាត់មានសមត្ថភាព និង​លទ្ធភាព អាចដាំដុះស្រូវបានល្អប្រសើរ រហូតធានាបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅក្នុងប្រទេស និង​អាចនាំចេញទៅកាន់ពិភពលោកថែមទៀត។

លោកថ្លែងថា៖ «បច្ចុប្បន្ននេះ ការនាំចេញស្រូវអង្ករ លក់ទៅក្រៅ មិនសូវមានភាពងាយស្រួលទេ ដោយសារតែមានការប្រកួតប្រជែងពីប្រទេសជិតខាង ពិសេសប្រទេសថៃ និងប្រទេសវៀតណាម ខណៈដែលយន្តការនៃការស្វះស្វែងរកទីផ្សារអន្តរជាតិរបស់កម្ពុជា នៅមានកម្រិត​​នៅឡើយ អញ្ចឹង​យើងត្រូវការការប្រកួតប្រជែង ហើយធ្វើឱ្យបញ្ហាវិបត្តិតម្លៃថ្លៃទីផ្សារលក់មិនបានតម្លៃសមរម្យរបស់កសិករច្រើនតែងតែជះជាឥទ្ធិពលកើតមានឡើង ហើយរងនូវភាពត្អូញត្អែរ និងការរិះគន់ពីសំណាក់​ប្រជាពលរដ្ឋទៅលើតម្លៃទីផ្សារទាប»។

លោក ថេង សាវឿន បន្តថា​ ចំណាត់ថ្នាក់នេះ ក៏អាចជួយឱ្យស្រូវមានការកើនឡើងដែរ ពីព្រោះថាប្រទេសលើពិភពលោកចង់បាននូវគុណភាព។ លោកបន្តថា ដើម្បីឱ្យកសិករទទួលបានផលចំណេញពីកសិកម្មបានច្រើន រាជរដ្ឋាភិបាលត្រូវតែគិតគូរអំពីយុទ្ធសាស្ត្រក្នុងការស្វែងរកទីផ្សារអន្តរជាតិបន្ថែមទៀត និង​ជំរុញឱ្យវត្ថុធាតុដើម ដូចជា ថ្លៃ ជី ប្រេង និង​សាំងជាដើម ឱ្យមាន​តម្លៃធូរ​ថ្លៃ ឬ​អាចផលិត​ជី ក៏ដូចជាថ្នាំពុលធម្មជាតិនៅក្នុង​ស្រុក ដើម្បីបម្រើផលប្រយោជន៍ក្នុងស្រុកជាជាងទិញជី ឬថ្នាំកសិកម្មពីខាងក្រៅ។

ប្រជាកសិកររស់​នៅខេត្តព្រះសីហនុ លោក ស៊ុន សុផាត យល់ថា នេះជារឿងល្អដែលកម្ពុជាទទួលបានចំណាត់ថ្នាក់លេខរៀងទី១០ ក្នុងចំណោមប្រទេសដែលផលិតអង្ករ​ច្រើននេះ។ តែយ៉ាងណា លោកមើលឃើញថា ស្រូវដែលកសិករផលិត​មក​បាន​ គឺ​ប្រើប្រាស់​ជី​ច្រើន ដែលមិនសម​មូល​ជាមួយនឹង​ថ្លៃលក់នោះទេ​។

លោក​ថ្លែង​ថា៖ «​ផលិតស្រូវដែលផលិតបាននោះ គឺផលិតបានថោក ហើយប្រសិនជាឡើង​តែ​ចំណាត់​ថ្នាក់ ហើយ​ស្រូវ​នៅ​​​តែ​​ថោក សម្រាប់កសិករប្រហែលជាមិនល្អសម្រាប់គាត់ទេ […] មានតែរាជរដ្ឋាភិបាលទេជួយរកទីផ្សារឱ្យកសិករក្នុងស្រុក ប្រសិនបើរដ្ឋាភិបាលអត់រកទីផ្សារទេ ស្រូវហ្នឹង ផលិតមកហ្នឹង ក្រោមគំនាបនាយទុនធុនកណ្តាល​នៅគាប​សង្កត់ដដែល​ហ្នឹង ហើយរកទីផ្សារឱ្យគាត់បានហើយ ឱ្យមានភាពទូលំទូលាយ ហើយការទទួលបានព័ត៌មានទិញលក់ស្រូវពីរដ្ឋាភិបាលឱ្យបានទូលំទូលាយ កុំឱ្យឈ្មួញកណ្តាលគាបយក ហើយ​ទម្លាក់​​តម្លៃ​ពួក​គាត់»។

យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ​នៅក្នុងឆ្នាំ២០២៣ ​កម្ពុជាបាននាំចេញអង្ករ​ចំនួន​ ៦៥៦ ៣២៣ តោន ​តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦៣ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦១ ទទួលបានទឹកប្រាក់បានចំនួនជាង៤៦៦លានដុល្លារ។​

ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៤ ៣៨៧ ៣៦៣ តោន ដែលគិតជាទឹកប្រាក់បានប៉ានប្រមាណជា ១.៣២ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៦៤% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕