សង្គមស៊ីវិល ស្នើឱ្យអាជ្ញាធរដោះស្រាយបញ្ហាជាមួយពលរដ្ឋរស់នៅបឹងតាមោក ដោយសន្តិវិធី កុំយកអំពើហិង្សាជាត្រីមុខ ក្រោយមានការប៉ះទង្គិចរវាងអាជ្ញាធរមូលដ្ឋាន ជាមួយពលរដ្ឋនៅបឹងតាមោករហូតមានពលរដ្ឋខ្លះបានសន្លប់ កាលពីថ្ងៃម្សិលមិញ។
កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រជាពលរដ្ឋរស់នៅតំបន់បឹងតាមោក ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានតវ៉ា និងមានការប៉ះទង្គិចគ្នាដោយហិង្សារយៈពេលខ្លី ជាមួយអាជ្ញាធរមូលដ្ឋាន ខណៈដែលអាជ្ញាធរបានប្រើប្រាស់គ្រឿងចក្រកាយធ្វើប្រឡាយរំដោះទឹក ដែលធ្វើឱ្យប៉ះពាល់ដល់ដំណាំ និងការចិញ្ចឹមត្រីរបស់ពលរដ្ឋ។ ក្នុងការតវ៉ានោះ ក៏មានពលរដ្ឋមួយចំនួនរងរបួសផងដែរ នេះបើតាមការអះអាងរបស់ប្រជាពលរដ្ឋនៅសហគមន៍បឹងតាមោក។
ជុំវិញករណីនេះ នាយកប្រតិបត្តិនៃសមាគមធាងត្នោត លោក សឿន សារ៉ន មានប្រសាសន៍ថា អាជ្ញាធរ គួរតែដោះស្រាយបញ្ហាវិវាទដីធ្លីនេះឱ្យបានច្បាស់លាស់ និងដោយសន្តិវិធី ចៀសឱ្យផុតពីការប្រើប្រាស់អំពើហិង្សាទៅលើប្រជាពលរដ្ឋ ជាពិសេសទៅលើស្រ្តី និងក្រុមងាយរងគ្រោះ។
លោកថ្លែងថា៖ «អាជ្ញាធរគួរតែជជែករកដំណោះស្រាយដោយសន្តិវិធី រកដំណោះស្រាយណាមួយដែលអាចទទួលយកបានទាំងគ្រប់ភាគី ជាពិសេសដោះស្រាយយ៉ាងម៉េចឱ្យមានភាពយុត្តិធម៌ សមរម្យ តម្លាភាព គណនេយ្យភាព និងសមធម៌ សម្រាប់ប្រជាសហគមន៍ដែលគាត់រស់នៅកន្លែងនេះ តាំងពីយូរមកហើយ»។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត បានលើកឡើងដែរថា ប្រជាពលរដ្ឋបានរស់នៅតំបន់នោះជាច្រើនឆ្នាំមកហើយ ហើយនៅពេលមានការអភិវឌ្ឍណាមួយ អាជ្ញាធរគួរតែមានការជជែកដោះស្រាយដោយសន្តិវិធី និងការទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ ដែលជៀសវាងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងមុខមាត់របស់កម្ពុជា។
លោកថ្លែងថា៖ «អាជ្ញាធរទាំងអស់គួរតែយល់ច្បាប់របស់យើង ហើយប្រសិនបើគាត់ធ្វើទៅតាមទំនើងចិត្ត មិនបានអនុវត្តតាមច្បាប់ តើហៅថានីតិរដ្ឋយ៉ាងម៉េច ប្រជាពលរដ្ឋគាត់មិនមានខុសច្បាប់អ្វីទេ ពីព្រោះគាត់រស់នៅកន្លែងហ្នឹង ហើយបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ប្រជាពលរដ្ឋគ្រប់រូបត្រូវមានសិទ្ធិនៅក្នុងការរស់នៅ មានផ្ទះមានសម្បែង មានសិទ្ធិនៅក្នុងការរស់នៅក្នុងនាមជាប្រជាពលរដ្ឋ»។
ចំណែក លោកបណ្ឌិត ប៉ា ច័ន្ទរឿន អ្នកជំនាញផ្នែកទស្សនៈវិជ្ជា អប់រំ និងជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បង្ហាញការសោកស្តាយចំពោះករណីមានការប្រើហិង្សាទៅលើប្រជាពលរដ្ឋ រហូតដល់មានស្រ្តី និងក្មេងស្រីរងរបួស។ តែយ៉ាងណា លោកជឿជាក់ថា បញ្ហាវិវាទដីធ្លីនេះ នឹងមានដំណោះស្រាយ បើអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋមានជជែកចរចាដោយសន្តិវិធី និងមានការយល់យោគគ្នា។
លោកបន្ថែមថា៖ «យើងតែងតែនិយាយថា សព្វថ្ងៃសង្គមមានសន្តិភាពមានការអភិវឌ្ឍ ការអភិវឌ្ឍមិនទុកនរណាចោល នេះជាបាវចនាប្រកបដោយចីរភាពដែលកម្ពុជាកំពុងខិតខំបំពេញ ហើយបែរមកឃើញរូបភាពបែបហ្នឹងគួរឱ្យសង្វែក។ ខ្ញុំមិនដឹងថា អាជ្ញាធរគាត់ធ្វើនោះក្នុងជំហរអ្វីទេ តែបើជំហរការអភិវឌ្ឍជាតិ សកម្មភាព[បែបនេះ]ផ្ទុយពីគោលនយោបាយរបស់រដ្ឋាភិបាល»។
អ្នកស្រី សៀ ដាវី ជាប្រជាពលរដ្ឋរស់នៅតំបន់បឹងតាមោក បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រជាពលរដ្ឋបានទទួលសេចក្តីជូនដំណឹងមួយពីអាជ្ញាធរមូលដ្ឋាន ដែលក្នុងសេចក្តីជូនដំណឹងនោះ អាជ្ញាធរបានតម្រូវឱ្យប្រជាពលរដ្ឋរុះរើលំនៅដ្ឋានមិនរៀបរយ និងរោងចិញ្ចឹមត្រីចេញ ដោយសាររដ្ឋបាលរាជធានីភ្នំពេញ ត្រូវអភិវឌ្ឍន៍ជីកប្រឡាយ ដើម្បីដោះស្រាយបញ្ហាទឹកជន់លិចផ្នែកខាងលិចផ្លូវ១៥១ រហូតដល់ប្រឡាយព្រែកព្នៅ។
អ្នកស្រីបន្តថា លុះដល់ថ្ងៃទី២៧ ខែកុម្ភៈ ម្សិលមិញ អាជ្ញាធរប្រហែល២០០នាក់ ដោយមានទាំងគ្រឿងចក្រផងនោះ បានទៅកាយប្រឡាយនៅបឹងតាមោក ក្នុងតំបន់ដែលពួកគាត់រស់នៅ បណ្តាលឱ្យប៉ះពាល់ដល់ដំណាំ និងការចិញ្ចឹមត្រីរបស់ពួកគាត់ ទាំងដែលពលរដ្ឋមិនទាន់មានការព្រមព្រាងនៅឡើយ។ អ្នកស្រីថា ក្នុងការចុះអនុវត្តការកាយប្រឡាយនោះ អាជ្ញាធរបានរុញច្រានអ្នកស្រីធ្លាក់ចូលទៅក្នុងភក់ជាច្រើនសារ និងមានពលរដ្ឋមួយចំនួនទៀតបានរងរបួសផងដែរ។
អ្នកស្រី សៀ ដាវី និយាយថា៖ «វាជារឿងអយុត្តិធម៌ណាស់សម្រាប់ពួកខ្ញុំ ជាប្រជាពលរដ្ឋក្រីក្រដែលមិនមានជម្រើសកន្លែងណាក្រៅពីកន្លែងហ្នឹងរស់នៅ ពួកគាត់យកលេសថាដីហ្នឹងជាដីរបស់រដ្ឋ រដ្ឋត្រូវការយកអភិវឌ្ឍន៍ អញ្ចឹងរដ្ឋមានសិទ្ធិបណ្តេញពួកខ្ញុំចេញ ដីរបស់រដ្ឋថាមិនឱ្យប្រជាពលរដ្ឋរស់នៅថាតើឱ្យនរណារស់នៅ ហើយអស់លោកអភិវឌ្ឍន៍ហ្នឹង មិនទាន់បានដោះស្រាយឱ្យពួកខ្ញុំ ដែលអស់លោកសន្យាមួយឆ្នាំហើយ ទុកប្រឡាយនៅក្រោយផ្ទះពួកខ្ញុំហ្នឹង ថារកដំណោះស្រាយឱ្យពួកខ្ញុំ តែមួយឆ្នាំជាងកន្លងមកហើយ ដំណោះស្រាយគឺអត់ទាន់មាន»។
ជាមួយគ្នានេះ អ្នកស្រីស្នើដល់រដ្ឋាភិបាល ពន្លឿនការដោះស្រាយជូនពួកគាត់ មុននឹងមានការអភិវឌ្ឍន៍ណាមួយនៅតំបន់នោះ។
អ្នកស្រីថ្លែងថា៖ «ប្រសិនបើរដ្ឋាភិបាលមិនឱ្យពួកខ្ញុំរស់នៅតំបន់អភិវឌ្ឍនេះទេ សូមគិតជាសំណងទីផ្សារឱ្យពួកខ្ញុំឱ្យសមរម្យ មិនមែនសំណងមិនសមរម្យដែលអស់លោកឱ្យទេ សំណងប៉ុណ្ណឹងលោកថាសមរម្យ ប៉ុន្តែសម្រាប់ពួកខ្ញុំមិនសមរម្យ មិនអាចទៅទិញដីកន្លែងណានៅបាន»។
តំណាងប្រជាពលរដ្ឋនៅតំបន់តាមោក អ្នកស្រី សឿន ស្រីសុទ្ធ បានលើកឡើងថា ពួកគាត់បានរងនូវការគំរាមកំហែង ពីសំណាក់អាជ្ញាធរដែលចុះទៅកាយប្រឡាយនៅបឹងតាមោកនេះ។ អ្នកស្រី បានស្នើឱ្យអាជ្ញាធរ បញ្ឈប់ការកាយប្រឡាយ និងរកដំណោះស្រាយសមស្របដែលប្រជាពលរដ្ឋអាចទទួលយកបានជាមុនសិន។
អ្នកស្រីថ្លែងថា៖ «ពួកខ្ញុំបានរងការគំរាមកំហែងដោយការចាប់ខ្លួន និងដីកាពីតុលាការ […] អាជ្ញាធរបានគំរាមខ្ញុំថា ឯងធ្លាប់មានដីកាតុលាការប៉ុន្មានដងហើយ ឯងខំទៅប្រយ័ត្នគេចាប់ដាក់គុក»។
អ្នកស្រី សឿន ស្រីសុទ្ធ បន្ថែមថា៖ «រាល់ការអភិវឌ្ឍ សូមឱ្យមានដំណោះស្រាយជាមុនសិន ពួកខ្ញុំសូមឱ្យបានរស់នៅ និងមានការអភិវឌ្ឍនៅនឹងកន្លែង តែបើមានការដោះដូរសុំឱ្យសមស្រមតាមតម្លៃទីផ្សា»។
អភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន បានច្រានចោលការលើកឡើងរបស់ប្រជាពលរដ្ឋ ដែលថាអាជ្ញាធរប្រើហិង្សាលើប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ថា ការកាយប្រឡាយនេះ ជាការជួយរំដោះទឹក បញ្ជៀសកុំឱ្យមានការលេចទឹកនៅតំបន់មួយចំនួននៅក្នុងខណ្ឌ នារដូវវស្សា។ ម្យ៉ាងវិញទៀត លោកថា ការរស់នៅលើចញ្ចើមផ្លូវរបស់ប្រជាពលរដ្ឋមួយចំនួន នៅបឹងតាមោកនេះ មិនមែនជារឿងល្អសម្រាប់សណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍នោះទេ។
លោកថ្លែងថា៖ «ការជីកប្រឡាយនេះ មិនប៉ះពាល់ដល់ប្រជាជនទេ ប្រជាជនទេលោកចេះតែមកបំពានអាជ្ញាធរ […] បើសិនប្រជាពលរដ្ឋគេអត់ឈប់ប្រឆាំងជាមួយអាជ្ញាធរទេ អាជ្ញាធរនឹងអនុវត្តនីតិវិធីច្បាប់ ប្រទេសមានច្បាប់ គឺអនុវត្តច្បាប់»។
បឹងតាមោក ឬបឹងទំនប់កប់ស្រូវ ដែលមានផ្ទៃដីចំនួន៣.២៣៩ហិកតា ត្រូវបានរដ្ឋាភិបាលដាក់ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ តាមរយៈអនុក្រឹត្យមួយកាលពីខែកុម្ភៈ ឆ្នាំ២០១៦។ នេះបើយោងតាមរបាយការណ៍របស់សមាគមធាងត្នោតដែលមានដាក់ចំណងជើងថា៖ «បឹងចុងក្រោយក្នុងរាជធានីភ្នំពេញ» បឹងតាមោក ឬបឹងទំនប់កប់ស្រូវ គឺជាបឹងដែលធំជាងគេបំផុតនៅក្នុងរាជធានីភ្នំពេញ។
បើតាមរបាយការណ៍នេះ បឹងតាមោកមានប្រជាពលរដ្ឋចំនួន ៣១៩គ្រួសារ កំពុងរស់នៅ ដែលភាគច្រើនរស់នៅក្នុងព្រំប្រទល់នៃបឹង ឬរស់នៅតាមព្រំប្រទល់បឹង ដោយភាគច្រើននៃគ្រួសារទាំងនោះជាអ្នកនេសាទ និងស្ត្រីដែលប្រកបរបរដាំដំណាំលើផ្ទៃបឹងជាដើម។ តែយ៉ាងណា គិតមកដល់ពេលនេះ មានគ្រួសារខ្លះ បានសម្រេចចិត្តទទួលសំណងជាដី និងផ្ទះដែលមានទំហំតូចពីរដ្ឋាភិបាល និងចាកចេញពីតំបន់បឹងតាមោកនោះ៕