សង្គមស៊ីវិល ស្នើឱ្យអាជ្ញាធរដោះស្រាយបញ្ហាជាមួយពលរដ្ឋរស់នៅ​បឹងតាមោក ដោយសន្តិវិធី កុំយកអំពើហិង្សាជាត្រីមុខ ក្រោយមានការប៉ះទង្គិច​រវាង​អាជ្ញាធរ​មូល​ដ្ឋាន ​ជាមួយ​ពលរដ្ឋ​នៅបឹងតាមោករហូត​មានពលរដ្ឋខ្លះបានសន្លប់ កាលពីថ្ងៃ​ម្សិលមិញ។

កាល​ពីថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៤ ប្រជាពលរដ្ឋរស់នៅតំ​បន់​បឹង​តាមោក ខណ្ឌព្រែកព្នៅ រាជធានីភ្នំ​ពេញ បាន​តវ៉ា និងមានការប៉ះទង្គិចគ្នាដោយហិង្សា​​រយៈពេលខ្លី ​​ជាមួយ​អាជ្ញាធរមូលដ្ឋាន ខណៈដែលអាជ្ញាធរ​បាន​​​​​​ប្រើ​​ប្រាស់​​គ្រឿង​ចក្រ​កាយធ្វើប្រឡាយរំដោះទឹក ដែលធ្វើឱ្យប៉ះពាល់​ដល់​ដំណាំ និងការ​ចិញ្ចឹមត្រីរបស់​ពលរដ្ឋ។ ក្នុងការតវ៉ានោះ ក៏មានពលរដ្ឋ​មួយចំនួនរងរបួស​ផងដែរ នេះបើតាមការអះ​អាងរបស់ប្រជាពលរដ្ឋនៅសហគមន៍បឹងតាមោក។

ជុំវិញករណីនេះ នាយក​ប្រតិបត្តិ​​នៃ​សមាគម​ធាងត្នោត លោក សឿន សារ៉ន មាន​ប្រសាសន៍​ថា អាជ្ញាធរ​​ គួរ​​តែដោះស្រាយបញ្ហាវិវាទដីធ្លីនេះ​​ឱ្យបានច្បាស់លាស់ និង​​ដោយ​សន្តិវិធី ចៀសឱ្យផុតពីការប្រើប្រាស់អំពើហិង្សាទៅលើប្រជាពលរដ្ឋ​ ជាពិសេសទៅលើស្រ្តី និងក្រុមងាយរងគ្រោះ។

លោកថ្លែងថា៖ «អាជ្ញាធរគួរតែជជែករកដំណោះស្រាយដោយសន្តិវិធី រកដំណោះស្រាយណាមួយដែលអាច​ទទួល​យក​បានទាំង​គ្រប់​ភាគី ជាពិសេស​ដោះ​ស្រាយ​យ៉ាង​ម៉េច​ឱ្យ​មាន​ភាព​យុត្តិធម៌ សមរម្យ តម្លាភាព គណនេយ្យភាព និងសមធម៌ សម្រាប់ប្រជាសហគមន៍ដែលគាត់​រស់​នៅកន្លែង​នេះ តាំងពីយូរមកហើយ»។

អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត បានលើកឡើង​ដែរថា ប្រជាពលរដ្ឋបានរស់នៅតំបន់នោះជាច្រើនឆ្នាំមក​ហើយ ហើយនៅពេល​មានការ​អភិវឌ្ឍណាមួយ អាជ្ញាធរគួរតែមានការជជែកដោះស្រាយដោយសន្តិវិធី និង​ការទទួលយកបាន​ពីគ្រប់ភាគីពាក់ព័ន្ធ ដែលជៀសវាងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងមុខមាត់របស់កម្ពុជា។

លោកថ្លែងថា៖ «អាជ្ញាធរទាំងអស់គួរតែយល់ច្បាប់របស់យើង ហើយប្រសិនបើគាត់ធ្វើទៅតាមទំនើងចិត្ត​ មិនបានអនុវត្តតាមច្បាប់ តើហៅថានីតិរដ្ឋយ៉ាងម៉េច ប្រជាពលរដ្ឋគាត់មិនមានខុសច្បាប់អ្វីទេ ពីព្រោះគាត់រស់នៅកន្លែងហ្នឹង ហើយបទដ្ឋានសិទ្ធិមនុស្ស​អន្តរជាតិ​ ប្រជាពលរដ្ឋគ្រប់រូបត្រូវមានសិទ្ធិនៅក្នុងការរស់នៅ មាន​ផ្ទះ​មានសម្បែង មានសិទ្ធិនៅក្នុងការរស់នៅក្នុងនាមជាប្រជាពលរដ្ឋ»។

ចំណែក លោកបណ្ឌិត ប៉ា ច័ន្ទរឿន អ្នកជំនាញផ្នែកទស្សនៈវិជ្ជា អប់រំ និងជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បង្ហាញការសោកស្តាយចំពោះករណីមានការប្រើហិង្សាទៅលើប្រជាពលរដ្ឋ រហូតដល់មាន​ស្រ្តី និងក្មេងស្រីរងរបួស។ តែយ៉ាងណា លោកជឿជាក់ថា បញ្ហាវិវាទដីធ្លីនេះ នឹង​មានដំណោះស្រាយ​ បើអាជ្ញាធរ​ពាក់ព័ន្ធ​ និងប្រជាពលរដ្ឋ​មានជជែកចរចាដោយសន្តិវិធី និងមានការយល់យោគគ្នា។

លោកបន្ថែមថា៖ «យើងតែងតែនិយាយថា សព្វថ្ងៃសង្គមមានសន្តិភាពមានការអភិវឌ្ឍ​ ការអភិវឌ្ឍមិនទុកនរណាចោល នេះជាបាវចនាប្រកបដោយចីរភាពដែលកម្ពុជាកំពុងខិតខំបំពេញ ហើយបែរ​មកឃើញរូបភាពបែបហ្នឹងគួរឱ្យសង្វែក។ ខ្ញុំមិនដឹងថា អាជ្ញាធរ​គាត់​ធ្វើនោះក្នុងជំហរអ្វីទេ តែបើជំហរការអភិវឌ្ឍ​ជាតិ សកម្មភាព[បែបនេះ]​ផ្ទុយពីគោលនយោបាយរបស់រដ្ឋាភិបាល»។

អ្នកស្រី សៀ ដាវី ជាប្រជា​ពលរដ្ឋ​រស់នៅតំបន់បឹងតាមោក​ បានឱ្យដឹងថា កាល​ពី​រសៀល​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រជាពលរដ្ឋបានទទួលសេចក្តីជូនដំណឹងមួយពីអាជ្ញាធរមូលដ្ឋា​ន ដែលក្នុងសេចក្តីជូន​ដំណឹង​នោះ អាជ្ញាធរបានតម្រូវឱ្យប្រជាពលរដ្ឋរុះរើលំនៅដ្ឋានមិនរៀបរយ និងរោង​ចិញ្ចឹមត្រីចេញ ដោយសារ​រដ្ឋបាលរាជធានីភ្នំពេញ ត្រូវ​អភិវឌ្ឍន៍ជីកប្រឡាយ ដើម្បីដោះស្រាយបញ្ហាទឹកជន់លិចផ្នែក​ខាងលិចផ្លូវ១៥១ រហូតដល់ប្រឡាយព្រែកព្នៅ។

អ្នកស្រីបន្ត​ថា លុះដល់​ថ្ងៃទី២៧ ខែកុម្ភៈ ម្សិលមិញ អាជ្ញាធរប្រហែល​២០០នាក់ ដោយមានទាំងគ្រឿងចក្រ​ផងនោះ បានទៅ​កាយប្រឡាយនៅបឹងតាមោក ក្នុងតំបន់ដែលពួកគាត់រស់នៅ បណ្តាលឱ្យប៉ះពាល់ដល់ដំណាំ និង​ការចិញ្ចឹមត្រីរបស់ពួកគាត់ ទាំងដែលពលរដ្ឋមិនទាន់មានការព្រមព្រាងនៅឡើយ។ អ្នកស្រីថា ក្នុងការចុះអនុវត្តការកាយប្រឡាយនោះ អាជ្ញាធរ​បានរុញច្រាន​អ្នកស្រីធ្លាក់ចូលទៅក្នុងភក់ជាច្រើនសារ និងមានពលរដ្ឋមួយចំនួនទៀតបានរងរបួសផងដែរ។

អ្នកស្រី សៀ ដាវី និយាយថា៖ «វាជារឿងអយុត្តិធម៌ណាស់សម្រាប់ពួកខ្ញុំ ជាប្រជាពលរដ្ឋក្រីក្រ​ដែលមិនមានជម្រើស​កន្លែងណា​ក្រៅ​ពី​កន្លែង​ហ្នឹង​រស់​នៅ ពួកគាត់​យក​លេស​ថា​ដី​ហ្នឹង​ជាដីរបស់រដ្ឋ រដ្ឋ​ត្រូវការយកអភិវឌ្ឍន៍​ អញ្ចឹង​រដ្ឋ​មាន​សិទ្ធិ​បណ្តេញពួកខ្ញុំចេញ ដីរបស់​រដ្ឋ​ថា​មិន​ឱ្យ​ប្រជាពលរដ្ឋរស់នៅថាតើឱ្យនរណារស់នៅ ហើយអស់លោកអភិវឌ្ឍន៍​ហ្នឹង មិនទាន់បានដោះស្រាយឱ្យពួក​ខ្ញុំ ដែល​អស់​លោក​សន្យាមួយឆ្នាំហើយ ទុកប្រឡាយនៅក្រោយផ្ទះពួកខ្ញុំហ្នឹង ថារកដំណោះស្រាយឱ្យពួកខ្ញុំ តែមួយឆ្នាំជាងកន្លងមកហើយ ដំណោះស្រាយគឺអត់ទាន់មាន​»

ជាមួយគ្នានេះ អ្នកស្រីស្នើដល់រដ្ឋាភិបាល ពន្លឿនការដោះស្រាយជូនពួកគាត់ មុននឹងមានការអភិវឌ្ឍន៍​ណាមួយ​នៅ​តំបន់នោះ។

អ្នកស្រីថ្លែងថា៖ «ប្រសិនបើរដ្ឋាភិបាលមិនឱ្យពួកខ្ញុំរស់នៅតំបន់អភិវឌ្ឍនេះទេ សូមគិតជាសំណងទីផ្សារឱ្យពួកខ្ញុំឱ្យសមរម្យ មិន​មែន​សំណងមិនសមរម្យដែលអស់លោកឱ្យទេ សំណងប៉ុណ្ណឹងលោកថាសមរម្យ ប៉ុន្តែសម្រាប់ពួកខ្ញុំមិនសមរម្យ មិនអាចទៅទិញដីកន្លែងណានៅបាន»។

តំណាងប្រជាពលរដ្ឋ​នៅតំបន់តាមោក អ្នកស្រី សឿន ស្រីសុទ្ធ បានលើកឡើង​ថា ពួកគាត់​បានរងនូវការគំរាមកំហែង ពីសំណាក់​អាជ្ញាធរដែលចុះទៅ​កាយប្រឡាយនៅបឹងតាមោកនេះ។ អ្នកស្រី បាន​ស្នើ​ឱ្យ​អាជ្ញាធរ បញ្ឈប់ការកាយប្រឡាយ និង​​រកដំណោះស្រាយសមស្រប​ដែលប្រជាពលរដ្ឋអាចទទួលយកបានជាមុន​សិន។

អ្នកស្រីថ្លែងថា៖ «ពួកខ្ញុំបានរងការគំរាមកំហែងដោយការចាប់ខ្លួន និងដីកាពីតុលាការ […] អាជ្ញាធរបានគំរាមខ្ញុំថា ឯងធ្លាប់មានដីកាតុលាការប៉ុន្មានដងហើយ ឯងខំទៅប្រយ័ត្នគេចាប់ដាក់គុក»។

អ្នកស្រី សឿន ស្រីសុទ្ធ បន្ថែមថា៖ «រាល់ការអភិវឌ្ឍ​ សូមឱ្យមានដំណោះស្រាយជាមុនសិន ពួកខ្ញុំសូម​ឱ្យបានរស់នៅ និងមានការអភិវឌ្ឍ​នៅ​នឹង​កន្លែង តែបើមានការដោះដូរសុំឱ្យសមស្រមតាមតម្លៃទីផ្សា»។

អភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន បានច្រានចោលការលើកឡើង​របស់​ប្រជាពលរដ្ឋ ដែលថា​អាជ្ញាធរប្រើហិង្សាលើប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ថា ការកាយប្រឡាយនេះ ជាការជួយរំដោះទឹក បញ្ជៀស​កុំឱ្យមានការ​លេចទឹកនៅតំបន់មួយចំនួន​​​នៅក្នុងខណ្ឌ នារដូវវស្សា។ ​ម្យ៉ាងវិញទៀត លោកថា ​ការរស់នៅលើចញ្ចើមផ្លូវ​របស់ប្រជាពលរដ្ឋមួយចំនួន នៅ​បឹងតាមោក​នេះ មិនមែនជារឿងល្អសម្រាប់សណ្តាប់ធ្នាប់ និងសុវត្ថិ​ភាពចរាចរណ៍នោះទេ។

លោកថ្លែងថា៖ «ការជីកប្រឡាយនេះ មិនប៉ះពាល់ដល់ប្រជាជនទេ ប្រជាជនទេលោកចេះតែមកបំពានអាជ្ញាធរ […] បើសិនប្រជា​ពលរដ្ឋគេ​អត់ឈប់​ប្រឆាំង​ជាមួយអាជ្ញាធរទេ អាជ្ញាធរនឹង​អនុវត្តនីតិវិធីច្បាប់ ប្រទេសមានច្បាប់ គឺអនុវត្តច្បាប់»។

បឹង​តាមោក​ ឬ​បឹង​ទំនប់​កប់​ស្រូវ​ ដែល​មាន​ផ្ទៃដី​ចំនួន​៣.២៣៩​ហិកតា ​ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ តាម​រយៈ​អនុ​ក្រឹត្យ​មួយ​កាល​ពី​ខែ​កុម្ភៈ ​ឆ្នាំ​២០១៦។ ​នេះបើ​យោង​តាម​របាយ​ការណ៍​របស់​សមាគម​ធាង​ត្នោត​ដែល​មាន​ដាក់​ចំណង​ជើង​ថា៖ ​«បឹង​ចុង​ក្រោយ​ក្នុង​រាជធានី​ភ្នំពេញ» ​បឹង​តាមោក​ ឬ​បឹង​ទំនប់​កប់​ស្រូវ​ គឺ​ជា​បឹង​ដែល​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

បើ​តាម​របាយ​ការណ៍​នេះ​ បឹង​តាមោក​មាន​ប្រជា​ពលរដ្ឋ​ចំនួន​ ៣១៩​គ្រួសារ ​កំពុង​រស់​នៅ​ ដែល​ភាគ​ច្រើន​​រស់​នៅ​ក្នុង​ព្រំ​ប្រទល់​នៃ​បឹង​ ឬ​រស់​នៅ​តាម​ព្រំប្រទល់​បឹង ដោយ​ភាគ​ច្រើន​នៃ​គ្រួសារ​ទាំង​នោះ​ជា​អ្នក​នេសាទ​ និង​ស្ត្រី​ដែល​ប្រកប​របរ​ដាំ​ដំណាំ​លើ​ផ្ទៃ​បឹងជាដើម។ ​តែយ៉ាងណា គិត​មកដល់​ពេលនេះ មាន​គ្រួសារ​ខ្លះ ​បាន​សម្រេច​ចិត្ត​ទទួល​សំណង​ជា​ដី ​និង​​ផ្ទះ​​ដែល​មាន​ទំហំ​តូច​​ពី​រដ្ឋាភិបាល​ និង​ចាក​ចេញ​ពី​តំបន់​បឹង​តា​មោក​នោះ៕