ប្រទេស​កម្ពុជា ទទួលបាន​ពានរង្វាន់គោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ី ជាថ្មីម្តងទៀត​ក្នុ​ង​ឆ្នាំ​២០២៣ ពី World Travel Awards។

​យោងតាម​គេហទំព័រ​ ​World Travel Awards បានលើកឡើងថា កម្ពុជា និង​ប្រទេស​ចំនួន ​៦ ​ផ្សេងទៀត ​ដូចជា ​​​ឥណ្ឌា ជប៉ុន នេ​ប៉ាល់ ស្រីលង្កា ថៃ និង​វៀតណាម ស្ថិតនៅក្នុង​បញ្ជី​ឈ្មោះ​​របស់ World Travel Awards ដែល​បានជ្រើសរើស​សម្រាប់​ការ​វាយ​តម្លៃ​ពានរង្វាន់​ជា​គោលដៅ​ទេសចរណ៍វប្បធម៌​ឈានមុខ​គេនៅ​អាស៊ីសម្រាប់ឆ្នាំ​២០២៣។

ជាលទ្ធផល​ World Travel Awards បាន​​សម្រេច​ប្រគល់​ពានរង្វាន់​នេះ ​ដល់​ប្រទេស​កម្ពុជា​។​

អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័គ មាន​ប្រសាសន៍នៅថ្ងៃទី២៩ ខែកុម្ភៈនេះថា កម្ពុជា​ បានទទួល​ពានរង្វាន់ទេសចរណ៍វប្បធម៌ឈានមុខគេនេះ ចំនួន​ ២ឆ្នាំ​ជាប់គ្នា គឺ នៅ​ឆ្នាំ​​២០២២ និង​ឆ្នាំ២០២៣ ដែលនេះជាមោទនភាព​ និងជាការ​ជួយផ្សព្វផ្សាយ​កាន់តែខ្លាំងបន្ថែមទៀត​សម្រាប់កម្ពុជា ក្នុងការទាក់ទាញទេសចរណ៍។ លោកបន្តថា ពានរង្វាន់នេះ ត្រូវបានវាយតម្លៃ និងបោះ​ឆ្នោត​តាមប្រព័ន្ធអនឡាញ​​ដោយ​អ្នក​ជំនាញ​ខាង​ទេស​ចរណ៍ ​ដោ​យ​​ផ្តោតសំខាន់​លើ​គោលដៅ​ទេសចរណ៍​វប្បធម៌​ និង​បេតិកភណ្ឌ។

លោកបន្ថែមថា៖ «ឆ្នាំ២០២២ កម្ពុជាទទួលបា​ន​ពានរួចហើយ ដោយឡែកក្នុងឆ្នាំ២០២៣ គេមិនទាន់ហៅកម្ពុជាឡើងទៅទទួលពាននៅឡើយទេ គ្រាន់តែយើងទទួលដំណឹងថាយើងបាន​ជាប់​ចំណាត់​ថ្នាក់​ទទួលពាន»។

ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ធិម សេរីវុឌ្ឍ មានប្រសាសន៍ថា នេះជាមោទនភាពធំបំផុតរបស់ប្រទេសកម្ពុជា ដែលនឹង​អាចទាក់ទាញភ្ញៀវទេសចរ​មក​កាន់តែច្រើន​ថែមទៀត​។ លោកកត់សម្គាល់ថា ភ្ញៀវទេសចរដែល​មក​ទស្សនានៅកម្ពុជា​​ភាគច្រើន គឺទាក់ទងនឹងវប្បធម៌។

លោកថ្លែងថា៖ «ភ្ញៀវទេសចរភាគច្រើនដែលដើរលេងជុំវិញពិភពលោក គឺច្រើនតែទស្សនាទាក់ទងនឹងវប្បធម៌នេះឯង ដែលជាសមិទ្ធផលសំខាន់ ទោះបីជាប្រទេសនោះមិនមានអ្វីច្រើនផ្នែកវប្បធម៌ ក៏គេទៅស្រាវជ្រាវ ទៅ​សិក្សាអំពី​វប្បធម៌ដែរ» ។

និស្សិតដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាញនីតិសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លោក ហ៊ាង សុឃាង អាយុ២៦ឆ្នាំ សាទរចំពោះការទទួល​បាន​ពានរង្វាន់នេះ ដែលជាផ្នែកមួយ​ក្នុងការទាក់ទាញភ្ញៀវទេសចរមកកម្ពុជាបន្ថែម​ទៀត។

លោកបន្តថា៖ «អាចធ្វើឱ្យប្រទេសកម្ពុជា មានមុខមាត់ល្បីលើឆាកអន្តជាតិ មិនថាក្នុងតំបន់ឬក្រៅតំបន់ ឱ្យភ្ញៀវទេសចរ​មក​ទស្សនាប្រទេសកម្ពុជា។ ភាពទាក់ទាញរបស់កម្ពុជានោះ ដោយសារកម្ពុជាសម្បូរ​វប្បធម៌អរូបី ធនធានធម្មជាតិ របស់ហូបអាហារប្រពៃណី ហើយជាពិសេសគឺស្នាមញញឹមរបស់ប្រជាជនកម្ពុជា»។

ជាមួយគ្នានេះ លោកថា កម្ពុជាគួរអភិវឌ្ឍន៍តំបន់ទេសចរណ៍​ឱ្យបានច្រើនបន្ថែមទៀត ដើម្បី​ទទួល​ភ្ញៀវ​ទេស​ចរ និងជួយសម្រួលការចេញចូល​តាម​ច្រក​ព្រំដែន ជាពិសេស​ការ​ពារ​នូវ​សន្តិសុខ​ សុវត្ថិភាព ថែរក្សាវប្បធម៌ទំនៀមទម្លាប់ប្រពៃណីឱ្យបានច្រើន និងតាមភោជនីយដ្ឋានត្រូវរក្សាបាននូវតម្លៃមួយសមរម្យសម្រាប់ភ្ញៀវ។

លោក ស ម៉េងលិស អាយុ ១៩ឆ្នាំ ជានិស្សិតផ្នែកបុរាណវិទ្យានៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លើកឡើងថា ការដែលកម្ពុជាទទួលបានពានរង្វាន់ នៅក្នុងតំបន់អាស៊ី គឺជារឿងដែលគួរឱ្យត្រេកអរ ព្រោះពានរង្វាន់នេះបានស្ដែងបញ្ជាក់ថា កម្ពុជាគឺជាប្រទេស​ដែលសម្បូរហូរហៀរនូវតំបន់ទេសចរណ៍ទាំងប្រវត្តិសាស្ត្រ ទាំងធម្មជាតិ ដែលជាមុខមាត់ថ្មីមួយសម្រាប់ជាតិ។

លោកបន្ថែមថា៖ «ចំពោះឥទ្ធិពលដែលអាចជះមក ក្រោយទទួលបានពានរង្វាន់ គឺការតាមដាន ឃ្លាំមើលអំពីសំណាក់​ជនខាងក្រៅស្រុក ដែលមានបំណងមកកំសាន្តទេសចរណ៍​នៅស្រុកយើង ដែលពួកគាត់អាចតាមដានអំពី ទំនៀមទម្លាប់ របបនយោបាយ សេដ្ឋកិច្ច ភាសា»។

លោកបន្ថែមថា៖ «ដើម្បីរក្សាតំណែងនេះ ក្រសួងដែលពាក់ព័ន្ធនឹងកិច្ចការទេសចរណ៍ទាំងអស់ ត្រូវបន្តដាក់នូវផែនការបន្តទៀត ដូចជាផ្នែកបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និងបន្តដាក់បុរាណដ្ឋានជាសម្បត្តិបេតិកភណ្ឌជាតិ​ក៏ថាបាន និង​មួយចុងក្រោយ គឺសេ្ថរភាពនយោបាយ និងការគោរពសិទ្ធិមនុស្ស»។

លោក ហុំ ថាវី អាយុ ២៥​ឆ្នាំ​ ជានិស្សិត​ផ្នែក​ព័ត៌មាន​វិទ្យា​នៅ​​សកល​​វិទ្យាល័យ​​ភូមិន្ទ​​ភ្នំពេញ ថា ក្រោយទទួលបាន​ពានរង្វាន់នេះ កម្ពុជាគួររៀបចំបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម និង​សណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែប្រសើរបន្ថែមទៀត ដើម្បីឱ្យវិស័យទេសចរណ៍កាន់​តែមានការរីកចម្រើន។​

លោកបញ្ជាក់ថា៖ «ដើម្បីទាក់ទាញភ្ញៀវទេសចរថែមទៀតនោះ យើងគួរកែប្រែចំណុចមិនល្អកន្លងមក មិនថាសេវាកម្ម ឬបរិស្ថាន សណ្តាប់ធ្នាប់ សុវត្ថិភាព ត្រូវតែកែប្រែ»។

លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា យល់ឃើញថា ការទទួលបានពានរង្វាន់នេះ បានឆ្លុះបញ្ចាំង​ពី​ភាព​រុងរឿងនៃវប្បធម៌កម្ពុជា ទោះបីជាប្រទេសផ្សេងៗ​តាក់តែងគោលនយោបាយទាក់ទាញទេសចរណ៍​​ក្តី តែកម្ពុជា​​នៅតែឈរនៅលំដាប់មួយ​ដែល​ទាក់ទាញភ្ញៀវទេសចរ​លើ​ពិភពលោកបាន។

លោកស្រីបន្ថែមថា៖ «សម្រាប់អ្នកមិនទាន់ស្គាល់កម្ពុជា គេនឹ​ង​មាន​ការចាប់អារម្មណ៍ចង់ឃើញ ចង់​ដឹង​ថា​កម្ពុជាបែប​ណា​ទើប​ទទួល​បាន​ពាន​រង្វាន់​ទាំង​ពីរ​​ប្រភេទនេះ ហើយសម្រាប់អ្នកដែលមករួចហើយក្តីនឹងចង់មកម្តងទៀត ដោយចង់ស្វែងយល់ពីសក្តានុពលដែលគាត់មើលមិនទាន់អស់»។

លោកស្រីបន្តថា កម្ពុជាគួរយកឱកាសនេះផ្សព្វផ្សាយឱ្យអស់លទ្ធភាព និងត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីរៀបចំនូវតំបន់ទេសចរណ៍និងផលិតផលទេសចរណ៍ឱ្យបានគ្រប់ទីផ្សារ។

យោងតាម​ស្ថិតិ​ទេសចរណ៍​នៃ​ក្រសួងទេសចរណ៍​​ បានឱ្យដឹងថា ក្នុង​ឆ្នាំ២០២៣ ព្រះ​​រាជាណាចក្រ​កម្ពុជា ​ទទួល​បាន​អ្នកទេសចរ​អន្តរជាតិ​ចំនួន​ជាង ៥​លាន​ ៤៥​ម៉ឺន​នាក់ ដែល​កើន​​ឡើង​ចំនួន​ ១៣៩,៥% ចំណែក​ទេសចរ​ជាតិ​មាន​ចំនួន​ជាង ​១៨​ លាន ​៧៤​ ម៉ឺន​នាក់ បាន​កើន​​ឡើង ៣៤,៥%៕