ជនជាតិដើមភាគតិចកួយចំនួន ៤នាក់ នៅឃុំឆែប ខេត្តព្រះវិហារ ដែលរងបណ្ដឹងពីក្រុមហ៊ុនចំការអំពៅចិន ពាក់ព័ន្ធនឹងរឿងវិវាទដីធ្លី ស្នើឱ្យតុលាការខេត្ត ទម្លាក់ចោលការចោទប្រកាន់ចំពោះពួកគេ ដោយថាការប្តឹងរបស់ក្រុមហ៊ុនទៅលើពួកគាត់ជារឿងអយុត្តិធម៌។
ការស្នើនេះ ធ្វើឡើងក្រោយពីអយ្យការអមសាលាដំបូងខេត្តព្រះវិហារ កោះហៅពួកគេឱ្យចូលខ្លួនបំភ្លឺទាក់ទងនឹងបទចោទ «រារាំងការអនុវត្តការងាររបស់ក្រុមហ៊ុន និងញុះញង់ប្រជាពលរដ្ឋឱ្យចូលកាន់កាប់ប្រើប្រាស់ដីរដ្ឋដោយខុសច្បាប់» កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។ ពលរដ្ឋទាំង៤នាក់ ដែលរងការចោទប្រកាន់នោះរួមមាន លោក ពាន សុផាត លោក អៀម អោន លោក រឹម ធឿយ និងលោក សឿន ថា។
លោក ពាន សុផាត ជនជាតិជាតិភាគតិចគួយ នៅភូមិប្រើសក្អម ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ លើកឡើងថា ករណីវិវាទដីធ្លីទំហំប្រមាណ ៨០០ហិកតា រវាងពលរដ្ឋ និងក្រុមហ៊ុនចិនរ៉ូយហ្វេង បានកើតឡើងតាំងពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន។ លោកបន្តថា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ភាគីក្រុមហ៊ុន បានទៅឈូសឆាយដីដែលពលរដ្ឋកំពុងបង្កបង្កើនផល និងបានបង្កអំពើហិង្សាទៅលើពលរដ្ឋដែលរារាំងការឈូសឆាយនោះ បណ្តាលឱ្យពលរដ្ឋចំនួន ៣នាក់ រងរបួស ប៉ុន្តែក្រោយហេតុការណ៍នេះ បែរជាក្រុមហ៊ុនដាក់ពាក្យប្តឹងពួកគាត់ទៅតុលាការវិញ។
លោកបន្តថា៖«គេចោទខ្ញុំអត់មានមូលហេតុ វាអយុត្តិធម៌ណាស់ ព្រោះខ្ញុំបាត់បង់ដីធ្លីហើយត្រូវគេវៃ ទាត់ធាក់របួសចំនួន៣នាក់ ពិតជាអយុត្តិធម៌ណាស់»។
ករណីនេះ លោក ពាន សុផាត ស្នើឱ្យតុលាការទម្លាក់បទចោទចំពោះរូបលោក និងជនជាតិកួយ ៣នាក់ទៀត ដោយថា ពួកគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់។
លោកថ្លែងថា៖ «ខ្ញុំសំណូមពរដល់តុលាការសាលាដំបូងខេត្តព្រះវិហារ ឱ្យទម្លាក់ចោលបទចោទនេះទាំងស្រុងព្រោះពួកយើងខ្ញុំអត់ប្រព្រឹត្តអីខុសតាមការចោទប្រកាន់នោះទេ ព្រោះអីខ្ញុំជាជនជាតិដើមភាគតិចរស់នៅទឹកដីកម្ពុជាតាំងពីកំណើតមក ពឹងលើដីអាស្រ័យផលសម្រាប់ចិញ្ចឹមជីវិត»។
លោក អៀម អោន ជាជនជាតិដើមភាគតិចគួយមួយរូបទៀត ដែលរងបណ្តឹងដែរនោះ បានឱ្យដឹងថា ក្នុងកំឡុងពេលឆ្លើយបំភ្លឺនៅតុលាការនោះ រូបលោកបានបដិសេធការចោទប្រកាន់។ លោកថា ក្រុមហ៊ុនបានប្តឹងពួកគាត់ថាបានប្រព្រឹត្ត នៅថ្ងៃទី១៦ ខែកុម្ភៈ ប៉ុន្តែជាក់ស្តែងនៅថ្ងៃនោះ ប្រជាពលរដ្ឋមិនបានទៅកាន់ទីតាំងដីដែលមានទំនាស់ និងមិនបានធ្វើសកម្មភាពណាមួយដូចការចោទប្រកាន់របស់ក្រុមហ៊ុនឡើយ។
លោកអះអាងថា៖ «នៅថ្ងៃទី១៦[ខែកុម្ភៈ ឆ្នាំ២០២៤]ខ្ញុំឈឺ ម៉្យាងទៀតពួកសហគមន៍ខ្ញុំទាំងអស់អត់បានធ្វើអីទេនៅថ្ងៃទី១៦នោះ អានេះវាខុសពីយើងធ្វើការងារជាក់ស្ដែង[…] ខ្ញុំសូមបដិសេធចេញ និងសូមឱ្យខាងតុលាការទម្លាក់ការចោទប្រកាន់ចោល ហើយពាក្យបណ្តឹងនេះខុសទាំងទីកន្លែងសកម្មភាព ខុសទាំងទីកន្លែងបច្ចុប្បន្ន អញ្ចឹងទេ ពួកខ្ញុំអត់ទទួលយកទេ»។
ជុំវិញរឿងនេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោកថុល គឹមហ៊ឹង មានប្រសាសន៍ថា ការលើកឡើងរបស់ពលរដ្ឋ គ្រាន់តែជាការអះអាងរៀងខ្លួន។ លោកថា ដើមបណ្តឹង គឺជាមន្ទីរកសិកម្ម រដ្ឋបាលព្រៃឈើ និងក្រុមហ៊ុនចំការអំពៅដែលគ្រប់គ្រងលើដីនោះ។
លោកបន្ថែមថា៖ «និយាយទៅដីនោះជាដីប្លង់រឹងហើយ តែប្រជាពលរដ្ឋគាត់នៅតែចូលទៅកាន់កាប់ បើសិនជាដីនោះ មិនមែនជាដីចុះបញ្ជីរបស់រដ្ឋទេ ក៏ខាងក្រសួងឬមួយខាងរដ្ឋបាលព្រៃឈើគេមិនប្តឹងទេ»។
លោកបន្ថែមថា តំណាងអយ្យការមិនទាន់សន្មត់នៅឡើយថាតើពលរដ្ឋបានប្រព្រឹត្តដូចក្នុងពាក្យបណ្តឹងនោះដែរឬយ៉ាងណា ដោយថានេះគ្រាន់តែជាការកោះហៅមកដើម្បីឱ្យពលរដ្ឋបំភ្លឺតែប៉ុណ្ណោះ។
លោកសង្គត់ធ្ងន់ថា៖ «តំណាងអយ្យការអាចចុះទៅដល់ទីតាំងដើម្បីឱ្យខាងសុរិយោដី គាត់ចុចមើល តើដីរបស់គាត់ ពិតជាប៉ះពាល់នៅដីចុះបញ្ជីរបស់រដ្ឋនឹងអត់? [..] តំណាងអយ្យការនឹងអង្កេតឱ្យដឹងការពិតថាយ៉ាងម៉េចទៅមុខទៀត»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ការដែលពលរដ្ឋទៅរារាំងការឈូសឆាយដីជាការការពារប្រយោជន៍រួម មិនមែនជាប្រយោជន៍បុគ្គលនោះទេ ដែលករណីនេះ អាជ្ញាធរគួរពិចារណា និងផ្តល់ដំណោះស្រាយសមរម្យដល់ពួកគាត់។
លោកថា៖ «អ្វីដែលគាត់ការពារទៅលើផលប្រយោជន៍រួមហ្នឹង មិនមែនជាផលប្រយោជន៍របស់បុគ្គលទេ អាហ្នឹងត្រូវគិតគូរពិចារណាដែរ ពីព្រោះគាត់គិតថាមានអ្នករំលោភយកដីរបស់គាត់ ឬក៏ដីរបស់រដ្ឋអីចឹងទៅ គាត់នាំគ្នាទៅធ្វើការការពារ អាហ្នឹងវាជារឿងមួយមិនមានការយល់គ្នារវាងអាជ្ញាធរជាមួយពលរដ្ឋ»។
មន្ត្រីសង្គមស៊ីវិលរូបនេះ ចង់ឱ្យមានការបញ្ឈប់ការប្ដឹងពលរដ្ឋទៅតុលាការ ហើយអាជ្ញាធរគប្បីដោះស្រាយឫសគត់នៃបញ្ហាជំនួសវិញ។
លោកថា៖ «ការប្ដឹងផ្ដល់សហគមន៍ទៅតុលាការ វាមិនមែនជារឿងល្អទេ ព្រោះកន្លងមកយើងឃើញហើយពលរដ្ឋដែលមានរឿងដីធ្លីហ្នឹង គាត់តែងតែទទួលរងគ្រោះដោយប្រព័ន្ធតុលាការ ដែលអ្នកប្ដឹងទៅតុលាការហ្នឹងផងដែរ វាល្មមដល់ពេលបញ្ឃប់រឿងហ្នឹងហើយ កុំឱ្យពលរដ្ឋរងទុក្ខទាំងបញ្ហាដីធ្លីហើយ ជាប់បណ្ដឹងនៅតុលាការទៀត អ្វីដែលសំខាន់ គឺត្រូវរកឫសគល់នៃបញ្ហា ហើយអាជ្ញាធរនិងពលរដ្ឋអាចធ្វើការចរចា និងធ្វើការដោះស្រាយគ្នាដើម្បីបញ្ចប់បញ្ហា នឹងជារឿងដែលចាំបាច់បំផុត»៕