ជនជាតិ​ដើម​ភាគ​តិច​កួយចំនួន ៤នាក់ នៅឃុំឆែប ខេត្តព្រះវិហារ ដែល​រង​បណ្ដឹង​ពី​ក្រុម​ហ៊ុនចំការ​អំពៅ​ចិន ពាក់ព័ន្ធនឹង​រឿងវិវាទដីធ្លី ស្នើឱ្យតុលាការខេត្ត ទម្លាក់ចោលការចោទប្រកាន់ចំពោះពួកគេ ដោយថាការប្តឹងរបស់ក្រុមហ៊ុនទៅលើពួកគាត់​ជារឿងអយុត្តិធម៌។

ការស្នើនេះ ធ្វើឡើងក្រោយពីអយ្យការអមសាលាដំបូងខេត្តព្រះវិហារ កោះហៅពួកគេឱ្យចូលខ្លួនបំភ្លឺទាក់ទងនឹងបទ​ចោទ «រារាំងការអនុវត្តការងាររបស់ក្រុមហ៊ុន និងញុះញង់ប្រជាពលរដ្ឋឱ្យចូលកាន់កាប់ប្រើប្រាស់ដីរដ្ឋដោយខុស​ច្បាប់» កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។ ពលរដ្ឋទាំង៤នាក់ ដែលរងការចោទប្រកាន់នោះរួមមាន លោក ពាន សុផាត លោក អៀម អោន លោក រឹម ធឿយ និងលោក សឿន ថា។​

លោក ពាន សុផាត ជនជាតិជាតិភាគតិចគួយ នៅភូមិប្រើសក្អម ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ លើកឡើង​ថា ករណីវិវាទដីធ្លីទំហំប្រមាណ ៨០០ហិកតា រវាងពលរដ្ឋ និងក្រុមហ៊ុន​ចិនរ៉ូយហ្វេង បាន​កើតឡើងតាំងពីឆ្នាំ២០១២ រហូត​មក​ដល់បច្ចុប្បន្ន។ លោក​បន្តថា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ភាគីក្រុមហ៊ុន បានទៅឈូសឆាយដីដែលពលរដ្ឋកំពុងបង្ក​បង្កើនផល​ និងបាន​បង្កអំពើហិង្សាទៅលើពលរដ្ឋដែលរារាំងការឈូសឆាយនោះ បណ្តាលឱ្យពលរដ្ឋ​​ចំនួន ៣នាក់ រងរបួស​ ប៉ុន្តែក្រោយហេតុការណ៍នេះ បែរជាក្រុមហ៊ុនដាក់ពាក្យប្តឹងពួកគាត់ទៅ​តុលាការ​វិញ។

លោកបន្តថា៖«គេចោទខ្ញុំអត់មានមូលហេតុ វាអយុត្តិធម៌ណាស់ ព្រោះខ្ញុំបាត់បង់ដីធ្លីហើយត្រូវគេវៃ ទាត់ធាក់របួសចំនួន៣នាក់ ពិតជាអយុត្តិធម៌ណាស់»

ករណីនេះ លោក ពាន សុផាត ​ស្នើឱ្យតុលាការទម្លាក់បទចោទចំពោះរូបលោក និងជនជាតិកួយ ៣នាក់ទៀត​ ដោយថា ពួកគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់។

លោកថ្លែងថា៖ «ខ្ញុំសំណូមពរដល់តុលាការសាលាដំបូងខេត្តព្រះវិហារ ឱ្យទម្លាក់ចោលបទចោទនេះ​ទាំងស្រុងព្រោះពួកយើងខ្ញុំអត់ប្រព្រឹត្តអីខុសតាម​ការចោទប្រកាន់នោះទេ ព្រោះអីខ្ញុំជាជនជាតិដើមភាគតិចរស់នៅទឹកដីកម្ពុជាតាំងពីកំណើតមក ពឹងលើដីអាស្រ័យផលសម្រាប់ចិញ្ចឹមជីវិត»។

លោក អៀម អោន ជាជនជាតិដើមភាគតិចគួយមួយរូបទៀត ដែលរងបណ្តឹងដែរនោះ បានឱ្យដឹងថា ក្នុងកំឡុងពេលឆ្លើយបំភ្លឺនៅតុលាការ​នោះ រូបលោកបាន​បដិ​សេធ​ការ​ចោទប្រកាន់។ លោកថា ក្រុមហ៊ុនបាន​ប្តឹងពួកគាត់ថាបាន​ប្រព្រឹត្ត នៅថ្ងៃទី១៦ ខែកុម្ភៈ ប៉ុន្តែជាក់ស្តែងនៅថ្ងៃនោះ ប្រជាពលរដ្ឋ​មិនបាន​ទៅកាន់ទីតាំងដីដែលមានទំនាស់ និងមិនបានធ្វើសកម្ម​ភាពណាមួយដូចការចោទប្រកាន់របស់ក្រុមហ៊ុនឡើយ។

លោកអះអាងថា៖ «នៅថ្ងៃទី១៦[ខែកុម្ភៈ ឆ្នាំ២០២៤]ខ្ញុំឈឺ ម៉្យាងទៀតពួកសហគមន៍ខ្ញុំទាំងអស់អត់បានធ្វើអីទេនៅថ្ងៃទី១៦នោះ អានេះវាខុសពីយើងធ្វើការងារជាក់ស្ដែង[…] ខ្ញុំសូមបដិសេធចេញ និងសូមឱ្យខាងតុលាការទម្លាក់ការចោទប្រកាន់ចោល ហើយពាក្យបណ្តឹងនេះខុសទាំងទីកន្លែងសកម្មភាព ខុសទាំងទីកន្លែងបច្ចុប្បន្ន អញ្ចឹង​ទេ​ ពួកខ្ញុំអត់ទទួលយកទេ»

ជុំវិញរឿងនេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោកថុល គឹមហ៊ឹង មានប្រសាសន៍ថា ការលើក​ឡើង​របស់​ពលរដ្ឋ គ្រាន់​តែ​ជា​ការអះអាងរៀងខ្លួន។ លោកថា ដើមបណ្តឹង គឺជាមន្ទីរកសិកម្ម រដ្ឋបាលព្រៃឈើ និងក្រុមហ៊ុនចំការអំពៅដែលគ្រប់គ្រងលើដីនោះ។

លោកបន្ថែមថា៖ «និយាយទៅដីនោះជាដីប្លង់រឹងហើយ តែប្រជាពលរដ្ឋគាត់នៅតែចូលទៅកាន់កាប់ បើសិនជាដីនោះ មិនមែនជាដីចុះបញ្ជីរបស់រដ្ឋទេ ក៏ខាងក្រសួងឬមួយខាងរដ្ឋបាលព្រៃឈើគេមិនប្តឹងទេ»

លោកបន្ថែមថា តំណាងអយ្យការមិនទាន់សន្មត់​​នៅឡើយថាតើ​​ពលរដ្ឋបានប្រព្រឹត្តដូចក្នុង​ពាក្យ​បណ្តឹងនោះ​ដែរឬយ៉ាងណា​ ដោយថានេះ​គ្រាន់​តែ​ជាការកោះហៅមកដើម្បីឱ្យពលរដ្ឋបំភ្លឺតែប៉ុណ្ណោះ។

លោកសង្គត់ធ្ងន់ថា៖ «តំណាងអយ្យការអាចចុះទៅដល់ទីតាំងដើម្បីឱ្យខាងសុរិយោដី គាត់ចុចមើល តើដីរបស់គាត់ ពិតជាប៉ះពាល់នៅដីចុះបញ្ជីរបស់រដ្ឋនឹងអត់? [..] តំណាងអយ្យការនឹងអង្កេតឱ្យដឹងការពិតថាយ៉ាងម៉េចទៅមុខទៀត»

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត យល់ថា ការដែលពលរដ្ឋទៅ​រារាំងការឈូសឆាយដីជាការការពារប្រយោជន៍រួម មិនមែនជាប្រយោជន៍បុគ្គលនោះទេ ដែលករណីនេះ អាជ្ញាធរគួរពិចារណា និងផ្តល់ដំណោះស្រាយសមរម្យដល់ពួកគាត់។

លោក​ថា៖ «អ្វីដែលគាត់ការពារទៅលើផលប្រយោជន៍រួមហ្នឹង មិនមែនជាផលប្រយោជន៍របស់បុគ្គលទេ អាហ្នឹងត្រូវគិតគូរពិចារណាដែរ ពីព្រោះគាត់គិតថាមានអ្នករំលោភយកដីរបស់គាត់ ឬក៏ដីរបស់រដ្ឋអីចឹងទៅ គាត់នាំគ្នាទៅធ្វើការការពារ អាហ្នឹងវាជារឿងមួយមិនមានការយល់គ្នារវាងអាជ្ញាធរជាមួយពលរដ្ឋ»

មន្ត្រីសង្គមស៊ីវិល​រូបនេះ ចង់ឱ្យមានការ​បញ្ឈប់ការប្ដឹងពលរដ្ឋទៅតុលាការ ហើយអាជ្ញាធរគប្បីដោះស្រាយឫសគត់នៃបញ្ហាជំនួសវិញ។

លោកថា៖ «ការប្ដឹងផ្ដល់សហគមន៍​ទៅតុលាការ វាមិនមែនជារឿងល្អទេ ព្រោះកន្លងមក​យើងឃើញហើយពលរដ្ឋដែលមានរឿងដីធ្លីហ្នឹង គាត់តែងតែទទួលរងគ្រោះដោយប្រព័ន្ធតុលាការ ដែលអ្នកប្ដឹងទៅតុលាការហ្នឹងផងដែរ វាល្មមដល់ពេលបញ្ឃប់រឿងហ្នឹងហើយ កុំឱ្យពលរដ្ឋរងទុក្ខទាំងបញ្ហាដីធ្លី​ហើយ ជាប់បណ្ដឹងនៅតុលាការទៀត អ្វីដែល​សំខាន់ គឺត្រូវរកឫសគល់នៃបញ្ហា ហើយអាជ្ញាធរនិងពលរដ្ឋអាចធ្វើការចរចា និងធ្វើការដោះស្រាយគ្នាដើម្បីបញ្ចប់បញ្ហា នឹងជារឿងដែលចាំបាច់បំផុត‍»