រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមានបណ្ដេញមន្ត្រី​​ចេញពីក្របខ័ណ្ឌ ចំពោះមន្រ្តី​នគរបាល​រូបណាដែ​ល​ឱ្យ​លិខិត​បេសកកម្ម និងអាវុធ​ទៅឱ្យ​​អ្នកដ៏ទៃខ្ចី ហើយ​បង្កឱ្យកើតមាន​ការបាញ់បោះ​សេរី បណ្ដាល​ឱ្យមានមនុស្សស្លាប់ និងរបួស ក្នុងប្រការណាមួយ។

​​ក្នុង​ពិធី​បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និង​លើកទិសដៅការងារបន្តរបស់ក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ លោក ​ស សុខា បានលើកឡើង​ថា ប្រសិនបើកម្លាំងនគរបាលប្រើប្រាស់​អាវុធដោយ​ខុស​ច្បាប់ មិន​មាន​ការ​អនុញ្ញាត ឬ​យក​អាវុធរបស់ខ្លួនទៅឱ្យអ្នកដទៃខ្ចីឬកាន់កាប់នោះ មិនចាំបាច់ទុកក្នុងក្របខ័ណ្ឌទៀតនោះទេ។

លោកបន្ត​ថា ការ​ប្រើប្រាស់​អាវុធ​ដោយ​ខុស​ច្បាប់ មិនមានការគ្រប់គ្រងត្រឹមត្រូវបែបនេះ នឹងអាចបង្កជាគ្រោះថ្នាក់ទៅលើប្រជាពលរដ្ឋទូទៅ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ មាន​ប្រសាសន៍ថា មូល​ហេតុ​ដែល​លោកឧបនាយក រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ចេញបទបញ្ជានេះ ដោយសារតែលោកចង់ឱ្យកង​កម្លាំង​នគរបាល គោរពឱ្យបានខ្ជាប់ខ្ជួននូវវិន័យ និងបទបញ្ជា ជាពិសេសការគ្រប់​គ្រង​អាវុធ​របស់​ខ្លួន​ដែល​មិន​អាច​អនុញ្ញាតឱ្យចេញពីដៃខ្លួនឯង ទៅកាន់អ្នកដទៃទេ។

លោកបន្តថា​ ការហាមឃាត់នេះ គឺដើម្បីចៀសវាងករណីដែលអ្នកដទៃ​យក​អាវុធ​របស់​មន្ត្រីទៅប្រើប្រាស់ខុស​​ពី​ភារៈកិច្ច​ ហើយបង្កទៅជាបទល្មើស ឬអសន្តិសុខណាមួយ​នៅក្នុង​សង្គម។

លោកថ្លែង​ថា៖ «កន្លងទៅ យើងមិនមានតួលេខច្បាស់លា​ស់​ណា ដែល​ថា​មានករណីហ្នឹងកើតឡើង​ទេ វាអា​ច​មាន​ករណី​ប្រហាក់​ប្រហែល ប៉ុន្តែ​ជាទស្សនៈ​វែង​ឆ្ងាយ ដើម្បីឱ្យយើងមានវិន័យត្រឹមត្រូវគ្រប់គ្រងអាវុធត្រឹមត្រូវ ដើម្បីបង្ការកុំឱ្យមានបទល្មើសផ្សេងៗ កើតចេញពីករណីអញ្ចឹង គឺយើងត្រូវតែដាក់បទបញ្ជាឱ្យបានម៉ឺងម៉ាត់ជាងមុន មិនមែនមានន័យថា វាទាល់តែមានករណីបែបហ្នឹង ទើបយើងដាក់ចេញនូវបទបញ្ជាទេ»។

លោកទូច សុខៈ បន្ថែម​ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញនូវបទបញ្ជានេះ ដើម្បីឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាន​នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ និងបណ្ដាស្នង​ការដ្ឋានរាជធានីខេត្តទាំងអស់ ត្រូវធ្វើ​បច្ចុប្បន្នភាពមន្ត្រីនគរបាលឱ្យច្បាស់ថា មន្រ្តីដែលមានសិទ្ធិកាន់កាប់អាវុធដោយ​ស្រប​ច្បាប់មាន​​ប៉ុន្មាននាក់ និង​មិនមានអាវុធកាន់កាប់ប៉ុន្មាននាក់​ ដើម្បីឈានទៅគ្រប់គ្រងឱ្យបាននូវអាវុធជាតិផ្ទុះ និងចូលរួមជួយបង្ការ​បាតុ​ភាពអវិជ្ជ​មាន ឬអសន្តិសុខក្នុងសង្គមណាមួយកើតឡើង។

អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា មានប្រសាសន៍ថា មន្ត្រីនគរបាល​នៃ​ស្នងការនគរបាលរាជធានីភ្នំពេញ កាន់កាប់អាវុធ នៅពេល​ដែល​មាន​ការ​ចុះទៅ​បំពេញបេសកកម្មត្រឹមត្រូវតែប៉ុណ្ណោះ។ លោកបន្តថា កិច្ចការងារនេះ ត្រូវបានអនុវត្ត និងរឹតបន្តឹងយ៉ាងម៉ឺនម៉ាត់ ដោយមិនឱ្យកងកម្លាំងប្រើប្រាស់អាវុធខុសបញ្ជា ឬខុសទៅនឹងគោលការណ៍ច្បាប់នោះទេ។

លោកថ្លែងថា៖ «ឯកឧត្តមស្នងការបានណែនាំរួចហើយ ករណីអាវុធដែលយើងបានប្រើប្រាស់ផ្ទាល់ខ្លួនហ្នឹង មិនឱ្យអ្នកណាប្រើប្រាស់ខ្ចីយកទៅប្រើប្រាស់បានទេ ចឹងប្រសិនបើកាលណាយកអាវុធផ្ទាល់ខ្លួនឱ្យគេប្រើប្រាស់ អាហ្នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ហើយ»។

នាយក​​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​​លីកាដូ ​លោក អំ សំអាត យល់ថា សារ​​ព្រមាន​របស់​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាការក្រើនរំលឹកដល់​មន្រ្តីនគរ​បាល និង​អង្គភាពពាក់ព័ន្ធ ឱ្យមានការគោរពច្បាប់ និងវិន័យរបស់​កងម្លាំងនគរបាលជាតិ។

កន្លងមក លោកសង្កេតឃើញ​មានការប្រើប្រាស់អាវុធ និង​ការ​បាញ់បោះដោយសេរីមួយចំនួន បានកើតឡើង​បណ្តាលឱ្យមានអ្នករងរបួស និងស្លាប់ និងខ្លះទៀត​ប្រើប្រាស់អាវុធក្នុង​ការគម្រាមកំហែង និងយកខ្នងអ្នកនេះអ្នកនោះមកអាង ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស​កងកម្លាំង និងថ្នាក់ដឹកនាំ។

តែយ៉ាងណា​ លោកមើលឃើញថា មានករណីបាញ់បោះសេរីមួយចំនួន​​ ត្រូវបាន​​សមត្ថកិច្ចអនុវត្ត​វិធានការផ្លូវច្បាប់ទៅលើ​ជនល្មើស ដោយ​មាន​បញ្ជាពីថ្នាក់ដឹកនាំ។

លោកថ្លែងថា៖ «ការឱ្យលិខិតបេសកកម្ម និងអាវុធទៅអ្នកដទៃប្រើប្រាស់អាចបង្កជាបទល្មើសផ្សេងៗកើតឡើង និងជារឿងខុសច្បាប់ […] ក្រសួង និងសមត្ថកិចក្ចពាក់ព័ន្ធត្រូវអនុវត្តតាមវិន័យកងកម្លាំង​ និងតាមផ្លូវច្បាប់ទៅលើបុគ្គលណាដែលបាន​ឱ្យអ្នកដទៃខ្ចីលិខិតបេសកកម្ម ឬអាវុធរបស់ខ្លួន ព្រោះជារឿងខុសវិន័យ និង​ខុស​ច្បាប់ ម្យ៉ាងទៀត​ ​នៅ​ពេលជនដែលទទួលបានការខ្ចីលិខិតបេសកកម្ម និងអាវុធយកទៅប្រព្រឹត្តបទល្មើផ្សេងៗអ្នកដែលឱ្យគេខ្ចីត្រូវទទួលទោសដូចគ្នា»។

លោក អំ សំអាត បន្ថែម​ថា ការអនុវត្តវិធានការនេះ មានប្រសិទ្ធភាពទាល់តែស្ថាប័ន និងមន្រ្តី​អនុវត្តច្បាប់ទាំងអស់ អាចអនុវត្តឱ្យបានតឹងរ៉ឹង​តាមវិន័យកងកម្លាំងនគរបាលជាតិ និងតាមផ្លូវច្បាប់ដោយ​មិនមានការយោគយល់៕