ការត្រលប់មកហោះវិញនៃជើងហោះហើរពីទីក្រុងឌូបៃឌូបៃមកភ្នំពេញរបស់ Emirates តាមរយៈប្រទេសសិង្ហបុរី នាថ្ងៃទី១ ខែឧសភាខាងមុននេះ នឹងជួយដល់សេដ្ឋកិច្ចកម្ពុជា ជាពិសេសលើវិស័យទេសចរណ៍ ដោយតភ្ជាប់អ្នកដំណើរពីជុំវិញពិភពលោកមកកាន់កម្ពុជា។ នេះបើយោងតាមវេបសាយផ្លូវការរបស់ Emirates បានចេញផ្សាយនៅថ្ងៃទី ២៩ ខែកុម្ភៈ។
វេបសាយផ្លូវការរបស់ Emirates Airlines បញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកមានមូលដ្ឋានក្នុងទីក្រុងឌូបៃនៃប្រទេសអារ៉ាប់រួម (UAE)នេះ នឹងត្រលប់មកហោះវិញក្រោយផ្អាកការហោះហើរក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។ ការហោះហើរមកកាន់ទីក្រុងភ្នំពេញឡើងវិញនេះ គឺដើម្បីបង្កើនការតភ្ជាប់ពីមជ្ឈិម បូព៌ាមកកាន់តំបន់អាស៊ាន។
លោក Adnan Kazim ជាអនុប្រធាន និងជាប្រធានផ្នែកពាណិជ្ជកម្មរបស់ Emirates មានចំណាប់អារម្មណ៍លើរឿងនេះ ជាភាសាអង់គ្លេស និងប្រែសម្រួលជាភាសាខ្មែរថា៖ «ការត្រលប់មកដំណើរការជើងហោះមកកាន់ភ្នំពេញនេះ បង្ហាញពីការប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងក្នុងតំបន់អាស៊ាន ស្របពេលយើងបង្កើតឱកាសច្រើនសម្រាប់អ្នកដំណើរដើម្បីស្វែងរកទិសដៅសម្បូរបែប វប្បធម៌ និងជួយដល់អាជីវកម្ម និងជំរុញអ្នកនាំចេញឲ្យមានទំនាក់ទំនងពាណិជ្ជកម្មកាន់តែច្រើនឡើង»។
បើយោងតាមសម្តីរបស់ម្ចាស់ហ្វេកប៊ុកឈ្មោះ Yun Hors – យន្តហោះ ជាអ្នកថតរូបយន្តហោះ និងជាអ្នក review លើយន្តហោះក្នុងស្រុក និងក្រៅប្រទេស បានបញ្ចាក់តាមសារជាសម្លេងក្នុងប្រព័ន្ធតេឡាក្រាមថា Emirates សម្លឹងឃើញឱកាសបង្កើនប្រភពចំនូលដល់ក្រុមហ៊ុន។ លោកថា សម្រាប់កម្ពុជាវិញ ការផ្សព្វផ្សាយរបស់Emiratesនេះ បានធ្វើឲ្យបរទេសស្គាល់ពីតំបន់ទេសចរណ៍ក្នុងស្រុក។
លោកបានបញ្ចក់ថា៖ «ទីមួយ ប្រទេសកម្ពុជាយើងគឺ មានលទ្ធភាពនៅក្នុងការផ្តល់ភ្ញៀវគ្រប់គ្រាន់សម្រាប់ក្រុមហ៊ុនហើយ។ ទីពីរ ឃើញសេដ្ឋកិច្ចយើងគ្រាន់បើ ឃើញវិស័យទេសចរណ៍យើង ក៏គ្រាន់ដែរចឹងទៅ គេតភ្ជាប់មកខ្មែរយើង»។
ម្ចាក់ហ្វេកប៊ុកឈ្មោះ Yun Hors – យន្តហោះ បានបន្តទៀតថាជើងយន្តហោះនេះ នឹងមានភាពស្រួលដល់ភ្ញៀវទេសចរណ៍មកកម្សាន្តក្នុងស្រុកខ្មែរ ដោយអ្នកធ្វើដំណើរពុំបាច់ឈប់ប្តូរយន្តហោះច្រើនកន្លែង។
លោកបានថ្លែងថា៖ «ឧទាហរណ៍ថា គេមកអាមេរិកចឹងគេអាចហោះតាម Emirates មក ចូល Transit (ប្តូរជើងយន្តហោះ) នៅឌូបៃហើយ បន្តជើងពីឌូបៃមកខ្មែរ […] ឈប់នៅសាំងហ្គាពួរ មួយម៉ោងពីរម៉ោងអត់បញ្ហាអីទេ»។
យោងតាមវេបសាយក្រុមហ៊ុន Emirates ដដែលបញ្ជាក់ថា យន្តហោះប្រើក្នុងការហោះហើរមកកម្ពុជានេះ ជាយន្តហោះខ្នាតធំប្រភេទ Boeing 777-300ER ដែលអាចដាក់អ្នកដំណើរបានចន្លោះពី៣៥៤នាក់ ទៅ៣៦៤នាក់។
គួររំលឹកផងដែរថា Emirate ហោះមកកាន់ភ្នំពេញដំបូងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។ យោងតាមរបាយករណ៍ប្រចាំឆ្នាំ២០២២ ២០២៣របស់Emirates មុនពេលខែមីនា ឆ្នាំ២០២០ Emirates បានហោះទៅកាន់ ១៥០កន្លែង នៃ៨០ប្រទេសជុំវិញពិភពលោក៕